ឯកឧត្តម​ អាម​យ៉ា​ត​ អា​លី​ ស្ស៊ា​៖​ បន្ត​ជួយ​ជំរុញ​លើកកម្ពស់​ទំនាក់ទំនង​ កិច្ច​សហប្រតិបត្តិការ​ខាង​នយោបាយ​ សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ខ្លាំង​ខ្លា​ថែម​ទៀត​

13-December-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ ឯកឧត្តម​ អាម​យ៉ា​ត​ អា​លី​ ស្ស៊ា​ (Amjad​ Ali​ sher)​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​អ៊ី​ស្លា​ម​ប៉ា​គី​ស្ថាន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​លើក​ឡើង​ទោះបី​ឯកឧត្តម​បញ្ចប់​បេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ដោយ​ ក៏​ឯកឧត្តម​នៅ​តែ​ខិតខំ​បន្ត​ជួយ​ជំរុញ​លើកកម្ពស់​ទំនាក់ទំនង​ កិច្ច​សហប្រតិបត្តិការ​ខាង​នយោបាយ​ សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ខ្លាំង​ខ្លា​ថែម​ទៀត​។​ ក្នុង​នោះ​ សាធារណរដ្ឋ​អ៊ី​ស្លា​ម​ប៉ា​គី​ស្ថាន​ គឺជា​មិត្ត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ឯកឧត្តម​ស​ង្ឃឹ​ថា​ ទំនាក់ទំនង​ មិត្តភាព​ សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ នឹង​ត្រូវ​បាន​ពង្រឹងពង្រីក​ និង​ពូន​ជ្រុំ​បន្ថែម​ទៀត​។​

​ការ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​អ៊ី​ស្លា​ម​ប៉ា​គី​ស្ថាន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើ​ឡើ​នៅ​ក្នុង​ជំនួប​រវាង​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ អាម​យ៉ា​ត​ អា​លី​ ស្ស៊ា​ (Amjad​ Ali​ sher)​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​អ៊ី​ស្លា​ម​ប៉ា​គី​ស្ថាន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​វិមាន​ព្រឹទ្ធសភា​។​

​នៅ​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ អាម​យ៉ា​ត​ អា​លី​ ស្ស៊ា​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​អនុញ្ញាត​ឱ្យ​ឯកឧត្តម​ បាន​ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​នា​ពេល​នេះ​។​

​ឯកឧត្តម​បាន​ជម្រាប​ជូន​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ថា​ បេសកកម្ម​ការទូត​របស់​ឯកឧត្តម​ នៅ​ព្រះរាជាណាចក្រ​ក​កម្ពុជា​ក្នុង​រយៈពេល​៦​ឆ្នាំ​កន្លះ​នេះ​ បាន​ទទួល​នូវ​បទ​ពិសោធន៍​ល្អៗ​ជា​ច្រើន​ និង​ទទួល​បាន​ជោគជ័យ​ អាស្រ័យ​ដោយ​មានការ​គាំទ្រ​ពី​ព្រឹទ្ធសភា​ រដ្ឋសភា​ រាជរដ្ឋាភិបាល​ និង​គ្រប់​ក្រសួង​ ស្ថាប័ន​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ បាន​លើក​ឡើង​អំពី​ ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ប្រធាន​ព្រឹទ្ធសភា​នៃ​សាធារណរដ្ឋ​អ៊ី​ស្លា​ម​ប៉ា​គី​ស្ថាន​ មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​ ៣​លើក​ ជា​ពិសេស​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ឆ្នាំ​២០១៩-​នៅ​កម្ពុជា​ ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ និង​ចូលរួម​កិច្ចប្រជុំ​នេះ​ ឯកឧត្តម​ប្រធាន​ព្រឹទ្ធសភា​នៃ​សាធារណរដ្ឋ​អ៊ី​ស្លា​ម​ប៉ា​គី​ស្ថាន​ ក៏​បាន​ជួប​ជាមួយ​សវនាការ​ជាមួយនឹង​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ សម្តេច​ប្រធានរដ្ឋសភា​ និង​សម្តេច​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​ ក៏​មានការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​ព្រឹទ្ធសភា​កម្ពុជា​ និង​ព្រឹទ្ធសភា​នៃ​សាធារណរដ្ឋ​អ៊ី​ស្លា​ម​ប៉ា​គី​ស្ថាន​ជា​ច្រើន​លើក​ផង​ដែរ​។​ ហើយ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​កម្ពុជា​ និង​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ប៉ា​គី​ស្ថាន​ បាន​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់​គ្នា​ស្តី​ពី​ ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សភា​។​ អនុស្សា​រណៈ​យោគយល់​គ្នា​នេះ​ បាន​រួមចំណែក​បន្ថែម​ដល់​ការ​រឹតចំណង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​រវាង​ព្រឹទ្ធសភា​នៃ​ប្រទេស​ទាំង​ពីរ​។​ អ្វី​ដែល​លេចធ្លោ​នោះ​ គឺ​ឯកឧត្តម​ប្រធាន​ព្រឹទ្ធសភា​ប៉ា​គី​ស្ថាន​ បាន​ផ្ញើ​លិខិត​អញ្ជើញសម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​អ៊ី​ស្លា​ម​ប៉ា​គី​ស្ថាន​នា​ពេលវេលា​សម​ស្រប​ណាមួយ​។​

​ក្នុង​នាម​ព្រឹទ្ធសភា​ រដ្ឋសភា​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​ខ្លួន​សម្តេច​ផ្ទាល់​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​ អាម​យ៉ា​ត​ អា​លី​ ស្ស៊ា​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​សម្រេច​បាន​នូវ​លទ្ធផល​គួរ​ជាទី​មោ​ទ​ន​។​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​កត់សម្គាល់​ឃើញ​ថា​ ឯកឧត្តម​ និង​ស្ថានទូត​ប៉ា​គី​ស្ថាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយនឹង​ថ្នាក់ដឹកនាំ​ មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ និង​ជាមួយនឹង​ក្រសួង​ ស្ថាប័ន​ អាជ្ញាធរ​ ខេត្ត​ ក្រុង​ ជា​ពិសេស​ជាមួយនឹង​ប្រជាជន​កម្ពុជា​។​ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹងពង្រីក​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន​ និង​ប្រទេស​ទាំង​ពីរ​ ជា​ពិសេស​ការ​លើក​ស្ទួយ​ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ និង​ទេសច​ណ៍​ ដែល​នាំ​មក​នូវ​ផលប្រយោជន៍​ដ៏​ធំធេង​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។​

​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ ដែល​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​មក​ចូលរួម​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ នៃ​រដ្ឋសភា​ កាលពី​ឆ្នាំ​២០១៨​។​ ជាមួយ​គ្នា​នេះ​ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ ក៏​បាន​ផ្ញើរ​លិខិត​អបអរសាទរ​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំពោះ​ជ័យជម្នះ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ នីតិកាល​ទី​៦​ នៃ​រដ្ឋសភា​។​

​ក្នុង​នាម​ព្រឹទ្ធសភា​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ដែល​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយនឹង​ព្រឹទ្ធសភា​កម្ពុជា​ ជា​ពិសេស​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ជិត​ស្និទ្ធ​រវាង​ព្រឹទ្ធសភា​កម្ពុជា​ និង​ព្រឹទ្ធសភា​ប៉ា​គី​ស្ថាន​។​

​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​អញ្ជើញសម្តេច​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​អ៊ី​ស្លា​ម​ប៉ា​គី​ស្ថាន​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​ នឹង​រក​ពេលវេលា​សម​ស្រប​ណាមួយ​ ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​អ៊ី​ស្លា​ម​ប៉ា​គី​ស្ថាន​។​

​ក្នុង​នាម​ព្រឹទ្ធសភា​ និង​ក្នុង​នាម​សម្តេច​ផ្ទាល់​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​ត្រៀមខ្លួន​ជា​ស្រេច​ ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​ឯកអគ្គរដ្ឋទូត​ថ្មី​ និង​ស្ថានទូត​នៃ​សាធារណរដ្ឋ​អ៊ី​ស្លា​ម​ប៉ា​គី​ស្ថាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​រួមចំណែក​ក្នុង​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព​ សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន​ និង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ​ និង​ខ្លាំងក្លា​ថែម​ទៀត​។​

​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​ប្រសិទ្ធពរ​ជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ សូម​ឱ្យ​ទទួល​បាន​នូវ​សុខភាព​ល្អ​ និង​ជោគជ័យ​ក្នុង​ភារកិច្ច​ថ្មី​៕

 

ចំនួនអ្នកទស្សនា

    20541407

  • ថ្ងៃនេះ18231
  • ម្សិលមិញ15681
  • សប្តាហ៍នេះ77071
  • ខែនេះ98951
  • ឆ្នាំនេះ98951
  • សរុប20541407