សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ទទួល​ជួប​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

13-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​វិមាន​សន្តិភាព​ ព្រឹក​ថ្ងៃ​សុក្រ​ ២​រោច​ ខែ​មិគសិរ​ឆ្នាំកុរ​ ឯកស័ក​ព​.​ស​.២៤៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយនឹង​ ឯកឧត្តម​ ជឿ​ង​ ហ័​រ​ប៊ិ​ញ​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​នៅ​ក្នុង​ជំនួប​នេះ​ ឯកឧត្តម​ ជឿ​ង​ ហ័​រ​ប៊ិ​ញ​ បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា​ ឯកឧត្តម​ ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បាន​មានឱកាស​ដឹកនាំ​ប្រតិភូ​មក​ចូល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​សម្ដេច​តេ​ជោ​ជា​ពិសេស​នៅ​ពេល​ដែល​សម្ដេច​មាន​ពេលវេលា​ដ៏​មមាញឹក​។​ នៅ​ក្នុង​ឱកាស​នេះ​ដែរ​ ឯកឧត្តម​បាន​គោរព​ពាំនាំ​ការ​ផ្ដាំផ្ញើ​ការ​សួរសុខទុក្ខ​ពី​ប្រមុខរដ្ឋ​ និង​ពី​នាយក​រដ្ឋមន្ត្រី​វៀតណាម​ គោរព​ជូន​សម្ដេច​តេ​ជោ​ និង​គោរព​អញ្ជើញសម្ដេច​តេ​ជោ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​នៅ​ពេល​សម​ស្រប​ខាង​មុខ​។​

​ឯកឧត្តម​ ក៏​បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​អំពី​កិច្ច​ពិភាក្សា​ជាមួយ​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ហើយ​ក៏​បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​អំពី​វឌ្ឍនភាព​នៅ​ប្រទេស​វៀតណាម​។​ ឯកឧត្តម​បាន​ជម្រាប​ជូន​ថា​ នៅ​ប្រទេស​វៀតណាម​មានការ​អភិវឌ្ឍ​យ៉ាង​ល្អ​ប្រសើរ​គោលដៅ​ទាំង​១២​ របស់រ​ដ្ឋា​ភិ​
​បាល​វៀតណាម​ដែល​បាន​ដាក់​ចេញ​មក​ត្រូវ​បាន​សម្រេច​ហើយ​កំពុង​តែ​ជំរុញ​ការ​អនុវត្ត​ឲ្យ​បាន​សម្រេច​ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​។​

​ឯកឧត្តម​ ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ សេដ្ឋកិច្ច​វៀតណាម​នៅ​ពេល​នេះ​ មានការ​កើនឡើង​ប្រមាណ​ ៧​ភាគរយ​ ហើយ​អតិផរណា​ទាប​មាន​ប្រមាណ​តែ​ ២​ភាគរយ​ប៉ុណ្ណោះ​។​ ឯកឧត្តម​ក៏​បាន​សំដែង​នូវ​ការ​រីករាយ​ជាមួយនឹង​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​ និង​វៀតណាម​លើ​គ្រប់​វិស័យ​ជា​ពិសេស​លើ​វិស័យ​ការពារ​ជាតិ​ លើ​វិស័យ​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​ព្រំដែន​ វិស័យសេដ្ឋកិច្ច​ក៏​ដូច​ជា​វិស័យ​ពាណិជ្ជកម្ម​ផង​ដែរ​។​

​ក្នុង​ន័យ​នេះ​ ឯកឧត្តម​ មាន​ប្រសាសន៍​ថា​ ពាណិជ្ជកម្ម​កម្ពុជា​ និង​វៀតណាម​អាច​ឈាន​ទៅ​ដល់​តាម​ការ​កំណត់​៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​នៅ​ឆ្នាំ​២០២០​នេះ​។​លើស​ពី​នោះ​ទៅ​ទៀត​ ឯកឧត្តម​ក៏​បាន​សំដែង​នូវ​ការ​រីករាយ​ផង​ដែរ​ លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​លើ​ឆាក​អន្តរជាតិ​កន្លង​មក​ហើយ​ ឯកឧត្តម​ មាន​ប្រសាសន៍​ថា​ វៀតណាម​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយនឹង​ក្លាយទៅជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៅ​អង្គការសហប្រជាជាតិ​ផង​ដែរ​។​ ក្នុង​ន័យ​នេះ​ ឯកឧត្តម​ បាន​ស្នើ​សុំ​ឲ្យ​កម្ពុជា​គាំទ្រ​ និង​សហការ​គ្នា​ធ្វើ​យ៉ាងណា​ឲ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ​កាន់តែ​មានការ​រីក​ចម្រើន​ខ្លាំង​ឡើង​ថែម​ទៀត​។​

​ជា​ការ​ឆ្លើយ​តប​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អរគុណ​ចំពោះ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ទុក​អំពី​ ឯកឧត្តម​ប្រមុខរដ្ឋ​ និង​ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​វៀតណាម​ និង​ការ​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​។​ សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បន្ត​ថា​ សម្តេច​នឹង​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​កិច្ច​នៅ​ប្រទេស​វៀតណាម​ក្នុង​ពេលវេលា​សម​ស្រប​ណាមួយ​ខាង​មុខ​។​

​ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​ និង​វៀតណាម​នោះ​សម្ដេច​តេ​ជោ​ បាន​សម្ដែង​នូវ​ការ​អបអរសាទរ​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​វៀតណាម​ និង​ក៏​បាន​សំដែង​នូវ​ការ​រីករាយ​ផង​ដែរ​ ជាមួយនឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ​។​ លើស​ពី​នេះ​ទៅ​ទៀត​ សម្ដេច​តេ​ជោ​ក៏​បាន​មាន​ប្រសាសន៍​ថា​ ការ​រីក​ចម្រើន​លើ​វិស័យសេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​គឺ​ជួយ​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​នយោបាយ​ក្នុង​តំបន់​ផង​ដែរ​ ដែល​ក្នុង​ន័យ​នេះ​សម្តេច​បាន​លើកទឹកចិត្ត​ឲ្យ​ធ្វើ​យ៉ាងណា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ ជា​ពិសេស​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម​ និង​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​។​

​សម្ដេច​តេ​ជោ​ ក៏​បាន​មាន​ប្រសាសន៍​ថា​ ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​កំណត់​យ៉ាងណា​កម្រិត​៥​ពាន់​លាន​ដុល្លារ​ឆ្នាំ​ ២០២០​នេះ​ សម្តេច​បាន​មាន​ប្រសាសន៍​ថា​ ការ​ពិត​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​គឺ​អាច​ធំ​ជាង​ ៥​ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ​ ព្រោះថា​ទំហំ​ពាណិជ្ជកម្ម​ដែល​មាននៅ​ក្នុង​បញ្ជី​មាន​តួលេខ​ផ្សេង​យើង​ក៏​មាន​ទំហំ​ពាណិជ្ជកម្ម​ដែល​មិន​មាន​ចុះ​នៅ​ក្នុង​បញ្ជី​ផង​ដែរ​ ដូច​ជា​ការ​នាំ​ស្រូវ​ទៅ​វៀតណាម​ជាដើម​ ដែល​ពុំ​មានការ​កត់ត្រា​នៅ​ក្នុង​បញ្ជី​។​

​លើស​ពី​នេះ​ទៅ​ទៀត​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អបអរសាទរ​ និង​ជូនពរ​ដល់​ប្រទេស​វៀតណាម​ដែល​បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​នេះ​ ហើយ​ក៏​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ជាតិ​នៅ​ឆ្នាំ​ក្រោយ​នេះ​ផង​ដែរ​ ក្នុង​ន័យ​នេះ​សម្ដេច​តេ​ជោ​ បាន​លើក​ឡើង​ថា​ កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​នេះ​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ក្នុង​នៅ​នេះ​គប្បី​ណា​ប្រទេស​យើង​ទាំង​ពីរ​សហការ​គ្នា​រួម​គ្នា​គាំទ្រ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​នៅ​កិច្ចប្រជុំ​នៅ​វៀតណាម​និង​កិច្ចប្រជុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​នេះ​បាន​រីក​ចម្រើន​ឡើង​ថែម​ទៀត​។​

​លើស​ពី​នេះ​ទៀត​សម្ដេច​តេ​ជោ​ ក៏​ស្វាគមន៍​ចំពោះ​ការ​ពិភាក្សា​រវាង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​វៀតណាម​ ជាមួយនឹង​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែ​ន​ សំ​អន​ និង​បាន​ផ្តាំ​សួរសុខទុក្ខ​ទៅ​ដល់​ប្រមុខរដ្ឋ​និង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​វៀតណាម​ផង​ដែរ​៕​

 

 

ចំនួនអ្នកទស្សនា

    20539047

  • ថ្ងៃនេះ15871
  • ម្សិលមិញ15681
  • សប្តាហ៍នេះ74711
  • ខែនេះ96591
  • ឆ្នាំនេះ96591
  • សរុប20539047