សៀមរាប៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឈឿង វីរៈ ហៅ រាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ យាមនៅភោជនីយដ្ឋាន តាលាភអូឫស្សី មានស្រុកកំណើត នៅភូមិ សាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ពាក់ព័ន្ធករណី អំពើលួច (ម៉ូតូ និងទូរស័ព្ទដៃ)។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានបញ្ជាក់ថាកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២០នឹង១០នាទី នៅបន្ទប់ជួល ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប។ ជនសង្ស័យឈ្មោះ ឈឿង វីរៈ បានសុំបន្ទប់របស់ជនរងគ្រោះ ឈ្មោះ អួន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើត ស្ថិតនៅភូមិតាតោកណ្ដាល ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។
បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលខាងលើ ដោយពេលនោះជនសង្ស័យបានសុំបន្ទប់ ជនរងគ្រោះ គេងចំនួនមួយយប់ ហើយជនរងគ្រោះ ក៏បានយល់ព្រមឲ្យជនសង្ស័យរូបនេះ គេងនៅក្នុងបន្ទប់របស់គាត់។ ពេលដែលជនរងគ្រោះ គេងលក់នៅវេលាម៉ោង២៣នឹង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានងើបពីដេក ហើយធ្វើសកម្មភាព យកកូនសោរម៉ូតូ ទៅលួចយកម៉ូតូ ចំនួន០១គ្រឿង ដែលជនរងគ្រោះទុកនៅកន្លែងទុកម៉ូតូ នៃបន្ទប់ជួលខាងលើ គឺម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១AF-៤៩២៣ លេខតួ និងលេខម៉ាស៊ីន ៥៤៩៦៤៦៩ និង លួចយកទូរស័ព្ទដៃ របស់ជនរងគ្រោះ ចំនួន០២គ្រឿងទៀត ម៉ាកvivo ពណ៌ខៀវ និងម៉ាក់ oppo ពណ៌ខៀវ។
ក្រោយពីលួចបានហើយ ជនសង្ស័យបានគេចខ្លួនបាត់។ រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង២២នឹង២០នាទី ជនរងគ្រោះ បានឃើញជនសង្ស័យ កំពុងអង្គុយលេងជាមួយមិត្តភក្ដិរបស់គេ នៅបរិវេណសួន ច្បារព្រះរាជដំណាក់ ស្ថិតនៅក្នុងភូមិ មណ្ឌល០២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ហើយបានរាយការណ៍មកសមត្ថកិច្ច។ បន្ទាប់មកសមត្ថកិច្ច ក៏បានឃាត់ខ្លួន និងនាំខ្លួនជនសង្ស័យ ឈ្មោះ ឈឿង វីរៈ មកសាកសួរ។
តាមរយៈការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព លួចយកម៉ូតូ និង ទូរស័ព្ទដៃ របស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន។ ក្រោយពីលួចម៉ូតូ និង ទូរស័ព្ទបានហើយ ជនសង្ស័យបានប្រគល់ម៉ូតូ និងទូរស័ព្ទដៃទាំង ០២គ្រឿង ទៅឱ្យបក្ខពួករបស់គេចំនួន ០២នាក់ទៀត ដើម្បីឱ្យគេយកទៅលក់។
ជនសង្ស័យទាំងពីរនាក់ដែលសមត្ថកិច្ចរកឃាត់ខ្លួនមានជនសង្ស័យឈ្មោះ ទី១-ឈ្មោះ លី មិនស្គាល់ត្រកូល ភេទប្រុស អាយុប្រហែល២១ឆ្នាំ មុខរបរ (គ្មាន )ជនសង្ស័យទី២-ឈ្មោះ បឿក មិនស្គាល់ត្រកូល ភេទប្រុស អាយុប្រហែល ២០ឆ្នាំ មុខរបរ (គ្មាន) ទាំងពីរនាក់ មានស្រុកកំណើត ភូមិ ដំដែកលើ ឃុំដំដែក ស្រុកសូនិគម ខេត្តសៀមរាប។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់កំពុងរត់គេចខ្លួន រួមជាមួយវត្ថុតាង ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ឈឿង វីរៈដែលសមត្ថកិច្ចឃាត់ខ្លួនបាន និងកំពុងកសាងសំណុំបញ្ជូនទៅការិយាល័យជំនាញតាមនីតិវិធីដើម្បីអនុវត្តបន្ត ៕