កំពង់ចាម៖ មេឆ្នោតវៀតណាមម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាមឃាត់ខ្លួន កាលកពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៥និង១០នាទី នៅភូមិរកាទ្វា ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកបានបញ្ជាកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ, កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកពោធិ៍ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម) ចំនួន០១ទីតាំង នៅចំណុចផ្ទះរបស់ឈ្មោះ សោម ពិសី ភេទស្រី អាយុ៤៣ឆ្នាំ ជាតិខ្មែរ នៅភូមិរកាទ្វា ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោកស្នងការបន្តថាក្នុងប្រតិបត្តិការខាងលើបានឃាត់ខ្លួនមនុស្សម្នាក់ឈ្មោះ អ៊ឹម ស្រីទាវ ភេទស្រី អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិរកាទ្វា ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ដកហូតវត្ថុតាងមួយចំនួនរួមមានៈ តារាងកត់កន្ទុយលេខឆ្នោតវៀតណាមចំនួន០១សន្លឹក, តារាងទូរទាត់ឆ្នោតចំនួន ០១សន្លឹក, ក្រដាស់កាបោនចំនួន ០១សន្លឹក (រហែក),ម៉ាស៊ីនគិតលេខចំនួន០១, កាបូបស្ពាយ ពណ៌ប្រផេះចំនួន០១, សៀវភៅកត់លេខឆ្នោតចំនួន០៥ក្បាល, បន្ទាត់ចំនួន០១, ប៊ិកចំនួន០២ដើម, ប្រាក់រៀលចំនួន២៩០.០០០រៀល (ម្ភៃប្រាំបួនម៉ឺនរៀល)។
បច្ចុប្បន្នជនសង្ស័យឈ្មោះ អ៊ឹម ស្រីទាវ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ច នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ៕