ភ្នំពេញ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន។ ប្រតិបត្តិការខាងលើបានធ្វើឡើង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២២និង៣០នាទី ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ពិន ឆាលី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី២-ឈ្មោះ រិន ខែរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៣-ឈ្មោះ ឃុត ធីតា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះជួលបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច និងកង់បីឥណ្ឌា០១គ្រឿង។
លោកអធិការបន្តថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២២និង០០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស បានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ដល់ចំណុចដីឡូតិ៍គ្មានលេខ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យចំនួន០៣នាក់ កំពុងអង្គុយលើកង់បីឥណ្ឌា ដោយមានការសង្ស័យសមត្ថកិច្ចយើងក៏បានឃាត់ត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច នៅក្រោមកម្រាលជើងលើកង់បីឥណ្ឌា ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើ រួមនិងវត្ថុតាង យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតែម្តង។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕