ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ ធ្វើ​បទ​អន្តរាគមន៍​ទៅ​កាន់​មហាសន្និបាត​លើក​ទី​១២​ នៃ​សភា​តំបន់​អាស៊ី​ ដែល​ប្រារព្ធ​ធ្វើ​នៅ​សាធារណរដ្ឋ​តួ​ក​គី​

16-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ អនុប្រធាន​ទី​១​រដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ជាតិ​រដ្ឋសភា​កម្ពុជា​-​សភា​តំបន់​អាស៊ី​ APA​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​២​ និង​មហាសន្និបាត​លើក​ទី​១២​ របស់​សភា​តំបន់​អាស៊ី​(APA)​ ក្រោម​ប្រធានបទ​ “​តួនាទី​នៃ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​ក្នុង​តំបន់​អាស៊ី​ The​ Role​ of​ Multilateral​ Cooperation​ Among​ Asian​ Parliaments”​ ចាប់ពី​ថ្ងៃ​ទី​១៣​ ដល់​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​ទីក្រុង​អាន​តា​លី​យ៉ា​ សាធារណរដ្ឋ​តួ​ក​គី​ តប​តាម​ការ​អញ្ជើញ​របស់​ ឯកឧត្តម​ សាស្ត្រាចារ្យ​ ម៉ូ​ស្តា​ហ្វា​ សេន​តុ​ប​ (Professor,​ Mustafa​ SENTOP)​ ប្រធានរដ្ឋសភា​ នៃ​សាធារណរដ្ឋ​តួ​ក​គី​ និង​ជា​ប្រធាន​សភា​តំបន់​អាស៊ី​ (APA)​។​

​ នៅ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៩​ ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ បាន​អញ្ជើញ​ថ្លែង​បទ​អន្តរាគមន៍​នៅ​ក្នុង​មហាសន្និបាត​លើក​ទី​១២​ នៃ​សភា​តំបន់​អាស៊ី​នេះ​ ដោយ​បាន​ធ្វើការ​កត់​សម្គាល់ថា​ ពិភពលោក​នា​ពេល​បច្ចុប្បន្ន​កំពុង​ជួប​ប្រទះ​នូវ​ការ​ប្រឈម​ជា​ច្រើន​ ដែល​ក្នុង​នោះ​ បញ្ហា​ប្រឈម​សំខាន់ៗ​មាន​ដូច​ជា​ សង្គ្រាម​ពាណិជ្ជកម្ម​ ការ​គាំពារ​និយម​ និន្នាការ​ទៅ​រក​ឯកតោភាគី​និយម​ និង​ភាព​តានតឹង​នៃ​នយោបាយ​ភូមិសាស្ត្រ​ រវាង​ប្រទេស​មហាអំណាច​ បាន​បង្ក​ និង​គំរាមកំហែង​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​ វិបុលភាព​សេដ្ឋកិច្ច​ពិភពលោក​ និង​វិបុលភាព​របស់​មនុស្សជាតិ​។​ ជា​ពិសេស​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​តែ​លូតលាស់​។​ ជាមួយ​គ្នា​នេះ​ ក៏​មានការ​កើនឡើង​នូវ​ការ​រំលោភ​លើ​ច្បាប់​មនុស្សជាតិ​ ការ​រំលោភ​យ៉ាង​ខ្លាំង​លើ​គោលការណ៍​ និង​ច្បាប់​ជា​មូលដ្ឋាន​អន្តរជាតិ​ រួម​មាន​ ការ​គោរព​អធិបតេយ្យភាព​ដែនដី​ ឯករាជ្យ​ភាព​នយោបាយ​របស់​រដ្ឋ​ឯករាជ្យ​ ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ឯករាជ្យ​ និង​ការ​ទទួលខុសត្រូវ​របស់​រដ្ឋ​ចំពោះ​ច្បាប់​អន្តរជាតិ​ជាដើម​។​

​ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ បាន​មាន​ប្រសាសន៍​បន្ត​ថា​ ក្នុង​ន័យ​នេះ​ ការ​ជួបជុំ​គ្នា​នា​ពេល​នេះ​ពិតជា​មាន​សារៈសំខាន់​ចាំបាច់​ និង​ទាន់​ពេលវេលា​ ដើម្បី​យើង​អាច​ជជែក​ និង​ពិភាក្សា​គ្នា​ស្វែងរក​នូវ​ជំហរ​ដំណោះស្រាយ​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ សំដៅ​ពង្រឹង​ និង​ថែរក្សា​សុខ​សន្តិភាព​ ស្ថិរភាព​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​ និង​បុ​រេ​ល័ក្ខខ័ណ្ឌ​ដ៏​ចាំបាច់​ ក្នុង​ការ​កសាង​ អភិវឌ្ឍន៍​ជាតិ​ និង​វិបុលភាព​របស់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់​ និង​ពិភពលោក​។​

​ឯកឧត្តម​បណ្ឌិត​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ ក្នុង​បរិបទ​សកលលោក​ ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ សភា​កាន់តែ​ដើរតួ​នាទី​ សំខាន់​ក្នុង​ការងារ​ ជា​ពិសេស​តាម​រយៈ​ការងារ​ការទូត​សភា​ ដែល​កាន់តែ​មាន​សក្តានុពល​ និង​ប្រកបដោយ​ថាមវន្ត​។​ ការងារ​ការទូត​សភា​នេះ​ បាន​ក្លាយជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​ តាំងពី​អំឡុង​សង្គ្រាមត្រជាក់​ម្លេះ​។​ ជាមួយនឹង​តួនាទី​នេះ​ សភា​អាច​ជួយ​បំបែក​នូវ​ការ​ជាប់​គាំង​នៅ​ពេល​ដែល​អ្នកសម្របសម្រួល​ខាង​ស្ថាប័ន​នីតិប្រតិបត្តិ​មិន​អាច​ធ្វើ​បាន​។​ ជា​រឿយៗ​ ការងារ​ការទូត​សភា​ត្រូវ​បាន​ប្រើ​ដើម្បី​លើកកម្ពស់​កិច្ច​សន្ទនា​ ក្នុងអំឡុងពេល​មាន​ជម្លោះ​រវាង​ប្រទេស​ជិតខាង​ និង​រវាង​តំបន់​មួយ​ទៅ​តំបន់​មួយ​។​

ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ ក៏​បាន​មាន​ប្រសាសន៍​លើក​ឡើង​ពី​បរិបទ​កម្ពុជា​ គឺ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការងារ​ការទូត​សភា​នេះ​ សំដៅ​រួមចំណែក​ជំរុញ​ និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ និង​ពហុភាគី​ទាំង​ក្នុង​ក្របខ័ណ្ឌ​នីតិប្បញ្ញត្តិ​ និង​នីតិប្រតិបត្តិ​។​ ដោយ​មាន​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ និង​ការ​គាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត​ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ ពហុភាគី​ បាន​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​វឌ្ឍនៈភាព​ និង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​។​

​ឯកឧត្តម​បណ្ឌិត​អនុប្រធាន​ទី​១​រដ្ឋសភា​បាន​ទាញ​ចំណាប់អារម្មណ៍​ថា​ កម្ពុជា​តែងតែ​ប្រកាន់​ និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ប្រព័ន្ធ​ពហុភាគី​និយម​ ដែល​មាន​ភាព​បើកចំហរ​ បរិ​យា​ប័ន្ន​ និង​ប្រកប​ ដោយ​ប្រសិទ្ធិ​ភាព​ ដោយ​ផ្អែក​លើ​គោលការណ៍​ច្បាប់​។​ គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា​ ក្នុង​នីតិកាល​ទី​៦​នេះ​ បាន​បញ្ជាក់​ច្បាស់​ថា​ “​កែទម្រង់​ផ្ទៃក្នុង​ និង​បង្កើន​មិត្ត​ខាងក្រៅ​ ផ្អែក​លើ​មូលដ្ឋាន​ឯករាជ្យ​”​។​ ក្នុង​ន័យ​នេះ​ ក្នុង​នាម​ប្រតិភូ​កម្ពុជា​ ឯកឧត្តម​បណ្ឌិត​បាន​លើកទឹកចិត្ត​ដល់​សភាសមាជិក​ទាំងអស់​ សូម​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ដើម្បី​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​ជជែក​ពិភាក្សា​គ្នា​ប្រកបដោយ​ភាព​ស្មោះត្រង់​ និង​ផ្លែផ្កា​ ព្រមទាំង​ដើម្បី​ពង្រឹង​សកម្មភាព​ពហុភាគី​ សំដៅ​សម្រេច​បាន​ពិភពលោក​មួយ​ ដែល​មាន​សុខ​សន្តិភាព​ វិបុលភាព​ សមភាព​ និង​និរន្ត​ភាព​។​

​ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ បាន​បញ្ជាក់​ថា​ យើង​ត្រូវ​តែ​ប្រកាន់​យក​នូវ​គោលការណ៍​ ពហុភាគី​និយម​ ប្រសិនបើ​យើង​ចង់បាន​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​៕


ចំនួនអ្នកទស្សនា

    20539747

  • ថ្ងៃនេះ16571
  • ម្សិលមិញ15681
  • សប្តាហ៍នេះ75411
  • ខែនេះ97291
  • ឆ្នាំនេះ97291
  • សរុប20539747