សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

16-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ៥​រោច​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ចំនួន​ ២,៥៨៨​នាក់​ ដែល​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​តាម​របាយការណ៍​របស់​ ឯកឧត្តម​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រីក្រសួង​សុខា​ពិ​បាល​បានអោយ​ដឹង​ថា​ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ជា​ថ្នាល​បណ្តុះបណ្តាល​នាំមុខ​គេ​បង្អស់​នៅ​កម្ពុជា​ ក្នុង​វិស័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ និង​ដែល​បាន​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ​។​ បន្ថែម​ពីលើ​ការ​កែ​លម្អ​កម្មវិធី​សិក្សា​ ឱ្យទៅ​ជា​កម្មវិធី​សិក្សា​មួយ​ដែល​ផ្អែក​លើ​សមត្ថភាព​ស្នូល​ជា​គោល​ តាម​រយៈ​ការ​អនុវត្ត​ផ្ទាល់​ក្នុង​មន្ទីរពិសោធន៍​ បង្ហាញ​ ត្រាប់​ទំនើប​ មុន​នឹង​ឲ្យ​និស្សិត​ចេញ​ទៅ​អនុវត្ត​នៅ​តាម​មន្ទីរពេទ្យ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ មាន​សេចក្តី​សោមនស្ស​រីករាយ​ និង​បាន​អបអរសាទរ​ចំពោះ​និស្សិត​ជ័យ​លា​ភី​ ទាំងអស់​ ហើយ​ទន្ទឹម​នឹង​នេះ​ សម្តេច​តេ​ជោ​ មាន​មោ​ទ​ភាព​ដែល​ថ្ងៃនេះ​ យើង​ទទួល​បាន​ធនធានមនុស្ស​ជា​ច្រើន​ថែម​ទៀត​សម្រាប់​វិស័យ​សុខាភិបាល​ ក្នុង​ខណៈ​ដែល​កម្ពុជា​កំពុង​អនុវត្ត​នូវ​គោលនយោបាយ​គាំពារ​សង្គម​ដែល​បាន​នឹង​កំពុង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​ ជា​ពិសេស​ ស្ត្រី​ក្រីក្រ​ និង​កម្មករ​ កម្មការិនី​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា​ ក្នុង​ការ​អនុវត្ត​ក្របខ័ណ្ឌ​គោ​លន​យោ​ បាយ​គាំពារ​សង្គម​នេះ​ គឺ​យើង​បាន​ចំណាយ​នូវ​ថវិការ​ជាតិ​ជា​ច្រើន​ ដែល​ចែក​ចេញ​ជា​ ៣​ដំណាក់កាល​ គឺ​ក្នុង​ពេល​មាន​ផ្ទៃពោះ​ ពេល​ឆ្លងទន្លេ​ និង​ក្រោយ​ពេល​សម្រាលកូន​បាន​អាយុ​២​ឆ្នាំ​។​ តាម​រយៈ​គោ​លន​
​យោ​បាយ​នេះ​ គឺ​បាន​រួមចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​លើកកម្ពស់​សុខភាព​មាតា​ និង​ទារក​ និង​កាត់​បន្ថយ​ភាព​ក្រ​ក្រ​ផង​ដែរ​។​

​នៅ​ថ្ងៃនេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ជំរាប​ថា​ជា​សាធារណៈ​ថា​ ពាក់ព័ន្ធ​នឹង​អ្នកជម្ងឺ​ដែល​ត្រូវការ​ដូរ​ក្រលៀន​ ដែល​កន្លង​មកនេះ​អ្នកជម្ងឺ​មួយ​ចំនួន​តែងតែ​ទៅ​ព្យាបាល​ និង​ដោះ​ដូរ​សរីរាង្គ​ដូច​ក្រលៀន​ជាដើម​នោះ​ គឺ​តែងតែ​ទៅ​ដោះ​ដូរ​ និង​ព្យាបាល​នៅ​ឯ​បរទេស​ ក៏​ប៉ុន្តែ​ពេល​នេះ​ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​យើង​ក៏​មាន​លទ្ធភាព​ព្យាបាល​ ព្យាបាល​ដូរ​ក្រលៀន​បាន​ដែរ​គឺ​នៅ​មន្ទីរពេទ្យ​កងទ័ព​ (​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​)​ នៅ​ភ្នំពេញ​ គ្រាន់តែ​យើង​ត្រូវការ​ក្រលៀន​ពី​សមាជិក​ក្រុម​គ្រួសារ​អ្នកជម្ងឺ​ដែល​មាន​ក្រលៀន​ប្រភេទ​ដូច​គ្នា​តែ​ប៉ុណ្ណោះ​ គឺ​អ្វីៗ​ធ្វើ​នៅ​ក្នុង​ប្រទេស​ខ្មែរ​តែ​ម្តង​។​

​ជាមួយ​គ្នា​នេះ​ផង​ដែរ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ជំរុញ​អោយ​ក្រសួងសុខាភិបាល​ មានការ​គ្របគ្រង​គ្លីនិក​ឯកជន​ និង​កន្លែង​លក់​ថ្នាំពេទ្យ​អោយ​ត្រឹមត្រូវ​។​ ហើយ​ម្យ៉ាងវិញទៀត​ គឺ​ទាំង​មន្ទីរពេទ្យ​រដ្ឋ​ និង​ឯកជន​សូមកុំ​ដណ្តើម​អ្នកជំងឺ​គ្នា​ ជាក់ស្តែង​កន្លង​ទៅ​នេះ​មាន​ករណី​ខ្លះ​ មាន​ជម្ងឺ​បាន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ ហើយ​ដល់​ពេល​ដែល​ឯកជន​ព្យាបាល​មិនជា​ ក៏​បាន​បញ្ជូន​អ្នកជំងឺ​មក​មន្ទីរពេទ្យ​រដ្ឋ​ ហើយដោយ​សារ​អ្នកជម្ងឺ​កាន់តែ​ធ្ងន់ធ្ងរ​ពេក​នោះ​ក៏​បណ្តាល​អោយ​អ្នកជម្ងឺ​ស្លាប់​នៅ​មន្ទីរពេទ្យ​រដ្ឋ​តែ​ម្តង​ ដែល​ពេល​នោះ​ក៏​ចាប់ផ្តើម​បន្ទោស​ដល់​មន្ទីរពេទ្យ​រដ្ឋ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ស្នើ​សុំ​អោយ​មានការ​គោរព​ទៅ​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ​ពេទ្យ​អោយ​បាន​ត្រឹមត្រូវ​ ជា​ពិសេស​កន្លែង​លក់​ថ្នាំពេទ្យ​ក៏​ដូច្នេះ​ដែរ​ គឺ​ត្រូវ​តែ​មានការ​យកចិត្តទុកដាក់​អោយ​បាន​ច្បាស់លាស់​ ត្រូវ​មានច្បាប់​ទំលាប់​ត្រឹមត្រូវ​ និង​លក់​អោយ​ត្រូវ​ទៅ​តាម​ប្រភេទ​ជម្ងឺ​។​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​អំពាវនាវ​សារ​ជា​ថ្មី​ទៀត​អោយ​គ្រូពេទ្យ​ទាំងអស់​ត្រូវ​តែ​គោរព​វិជ្ជាជីវៈ​ពេទ្យ​ មិន​ត្រូវ​ប្រ​ងើយ​កន្តើយ​ចំពោះ​អ្នកជំងឺ​ឡើយ​ កុំ​យក​លុយ​ជា​ធំ​ គឺ​ត្រូវ​យក​ការ​ជួយ​សង្គ្រោះ​ជា​ធំ​ ។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​កោតសរសើរ​ដល់​ក្រុម​និស្សិត​ និង​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​ដែល​កន្លង​មក​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​វិស័យ​មនុស្សធម៌​ តាម​រយៈ​ការ​ធ្វើ​កម្ម​ភាព​ចុះ​ការ​ព្យាបាល​ជម្ងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល​នានា​ ដូច​ជា​សកម្មភាព​មនុស្សធម៌​នៃ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ (TYDA)​ និង​សកម្មភាព​ពេទ្យ​ស្ម័គ្រចិត្ត​ផ្សេងៗ​មួយ​ចំនួន​ទៀត​។​

​នៅ​ថ្ងៃនេះ​ដែរ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ជំរាប​ជូន​ដល់​ប្រជាពលរដ្ឋ​អោយ​បាន​ជ្រាប​ថា​ នៅ​ថ្ងៃ​ទី​១៨​ ធ្នូ​ខាង​មុខ​នេះ​ កម្ពុជា​យើង​នឹង​មានការ​រៀបចំ​សមយុទ្ធ​កងទ័ព​ រវាង​កងទ័ព​កម្ពុជា​ និង​កងទ័ព​វៀតណាម​ ទាក់ទង​ទៅ​នឹង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅ​តាម​ព្រំដែន​។​ គោលបំណង​នៃ​ការ​ធ្វើ​សមយុទ្ធ​នេះ​ គឺ​ចង់​បង្ការ​ការពារ​ប្រជាពលរដ្ឋ​យើង​អោយ​ផុត​ពី​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​ណាមួយ​ដូច​ជា​ គ្រោះ​ទឹកជំនន់​ ភ្លើង​ឆេះ​ព្រៃ​…​។​ល​។​ ដូច្នេះ​តាម​រយៈ​ការ​ធ្វើ​សមយុទ្ធ​នេះ​ សូម​ បងប្អូន​ប្រជាពលរដ្ឋ​កុំ​មានការ​យល់​ច្រឡំ​អំពី​ទំនាក់ទំនង​រវាង​កម្ពុជា​ នឹង​ប្រទេស​ជិតខាង​អោយ​សោះ​ពីព្រោះ​នេះ​គឺជា​ការ​ធ្វើ​សមយុទ្ធ​ដើម្បី​បង្ការ​ការពារ​នូវ​សេចក្តីសុខ​ ជូន​ដល់​ប្រជាពលរដ្ឋ​យើង​តែ​ប៉ុណ្ណោះ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​ជម្រាប​ជូន​និស្សិត​អំពី​ការ​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាមស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រោយ​ពី​សម្តេច​បាន​ដាក់​ចេញ​នូវ​នយោបាយ​ ឈ្នះ​-​ឈ្នះ​ ជាមួយនឹង​គោលដៅ​ពីរ​សំខាន់ៗ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​គឺ​ ទី​១)​ប្រែក្លាយ​អតីត​តំបន់​សមរភូមិ​ទាំងអស់​ អោយទៅ​ជា​តំបន់​ដែល​មាន​សុខ​សន្តិភាព​ ទី​ជា​កន្លែង​ទីផ្សារ​ពាណិជ្ជកម្ម​ កន្លែង​កសិកម្ម​ និង​ទី​២)​គឺ​ប្រែក្លាយ​តំបន់​ព្រំដែន​នៃ​ប្រទេស​ជិតខាង​ទាំងអស់​ អោយទៅ​ជា​ព្រំដែន​ដែល​មាន​សន្តិភាព​ មិត្តភាព​ និង​សហប្រតិបត្តិការ​ល្អជា​មួយ​គ្នា​។​

​ជា​បណ្តាំ​របស់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ គឺ​សូម​អោយ​និស្សិត​ទាំងអស់​ បន្ត​ការ​ខិតខំ​ប្រឹងប្រែង​លើ​វិស័យ​សុខាភិបាល​នេះ​អោយ​បាន​រិ​ត​តែ​ខ្លាំង​ទៀត​ ដើម្បី​អោយ​កម្ពុជា​សម្បូរ​ធនធានមនុស្ស​ប្រកបដោយ​វិជ្ជាជីវៈ​ និង​សមត្ថភាព​ពិតប្រាកដ​ ហើយ​ សម្តេច​តេ​ជោ​ បាន​ចូលរួម​អបអរសាទរ​ចំពោះ​ជ័យ​លា​ភី​ និង​អាណាព្យាបាល​ទាំងអស់​ ដែល​បាន​ទទួល​សញ្ញាបត្រ​នៅ​ពេល​នេះ​ នឹង​ សូម​ជូនពរ​អោយ​ក្មួយៗ​ ទទួល​បានការ​ងារ​ និង​ ជោគជ័យ​ថ្មីៗ​ជា​បន្ត​ប​បន្ទាប់​ទៀត​។​

​មុន​នឹង​បញ្ចប់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យ​លា​ភី​ និង​បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ក្មួយៗ​និស្សិត​ក្នុង​បរិយាកាស​រីករាយ​បំផុត​៕​

 

ចំនួនអ្នកទស្សនា

    20537997

  • ថ្ងៃនេះ14821
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73661
  • ខែនេះ95541
  • ឆ្នាំនេះ95541
  • សរុប20537997