ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ី (APA) នៅទីក្រុងអានតាលីយ៉ា នៃសាធារណរដ្ឋតួកគី ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមជាតិរដ្ឋសភាកម្ពុជា-សភាតំបន់អាស៊ី APA បានអនុញ្ញាតឱ្យឯកឧត្តម ហ្គេនណាឌី អ៊ី អ័រឌីណូវ (GENNADY I. ORDENOV) ប្រធានក្រុមមិត្តភាពសភារុស្ស៊ី-កម្ពុជា និងជាសមាជិកគណៈកម្មការកសិកម្ម និងចំណីអាហារ នៃព្រឹទ្ធសភាសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូ ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារទីតានិច មាដាន ផាឡេស (TITANIC MARDAN PALACE) ប្រទេសតួកគី។
ឯកឧត្តម ហ្គេនណាឌី អ៊ី អ័រឌីណូវ បានមានប្រសាសន៍ថា ក្នុងនាមសភាជាន់ខ្ពស់របស់សហព័ន្ធរុស្ស៊ី ឯកឧត្តមផ្ទាល់ បានចូលរួមសង្កេតការណ៍ ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី៦ ក្នុងឆ្នាំ២០១៨ នៅកម្ពុជា និងសូមចូលរួមអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យក្នុងការបោះឆ្នោតនេះ។
ឯកឧត្តម ហ្គេនណាឌី អ៊ី អ័រឌីណូវ បានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា និងរុស្ស៊ី គឺមានភាពស្អិតរមួត ហើយឯកឧត្តម មានការពេញចិត្តណាស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការនេះ គឺថា មិនត្រឹមតែស្ថាប័នសភាប៉ុណ្ណោះទេ គឺមានការសហការលើគ្រប់វិស័យ។
ក្នុងនាមសមាជិកសភាតំបន់អាស៊ី(APA) ឯកឧត្តម ហ្គេនណាឌី អ៊ី អ័រឌីណូវ បានមានប្រសាសន៍បញ្ជាក់ពីជំហររបស់រុស្ស៊ី ដែលគាំទ្រចំពោះបទអន្តរាគមន៍របស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដោយឯកឧត្តម បញ្ជាក់ថា កម្ពុជា និងរុស្ស៊ី មានជំហររួមគ្នាជាច្រើននៅក្នុងបទអន្តរាគមន៍ ដែលបានថ្លែងក្នុងឱកាសមហាសន្និបាត APA លើកទី១២នេះ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានគាំទ្រនិងថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ល្អរបស់ ឯកឧត្តម ហ្គេនណាឌី អ៊ី អ័រឌីណូវ ពិសេសគឺការលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយភាពស្អិតរមួត រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសហព័ន្ធរុស្ស៊ី ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ទៀតថា ប្រទេសទាំង២ កម្ពុជា-រុស្ស៊ី បានភ្ជាប់ទំនាក់ទំនងគ្នាតាំងពីឆ្នាំ១៩៥៦ ហើយឆ្នាំនេះគឺខួប៦៣ឆ្នាំ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី គឺជាទំនាក់ទំនងប្រវត្តិសាស្ត្រ ជាពិសេស រុស្ស៊ីធ្លាប់បានជួយកម្ពុជាក្នុងគ្រាលំបាកបំផុត បន្ទាប់ពីបានរំដោះខ្លួនរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍រំលឹកថា តាមរយៈលោក អ៊ីលីយ៉ា អ៊ូម៉ាណូវ អនុប្រធានក្រុមប្រឹក្សាវប្បធម៌ នៃសហព័ន្ធរុស្ស៊ី ដែលបានមកចូលរួមវេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ថា ACC និងកិច្ចប្រជុំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក APPF នៅខេត្តសៀមរាប ក្នុងអំឡុងខែមករា ឆ្នាំ២០១៩កន្លងមក រុស្ស៊ី បានចាត់ទុកថា ឆ្នាំ២០១៩ គឺជាឆ្នាំវប្បធម៌របស់កម្ពុជា-រុស្ស៊ី។ រុស្ស៊ី បានបន្សល់នូវស្នាដៃប្រវត្តិសាស្ត្រនៅកម្ពុជា ជាច្រើនដូចជា វិទ្យាស្ថានបច្ចេកវិទ្យា (សាលាតិចណូ) មន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្ស៊ី និងមជ្ឈមណ្ឌលវប្បធម៌រុស្ស៊ីជាដើម។ មិនត្រឹមតែប៉ុណ្ណោះរុស្ស៊ី បានជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាឱ្យទៅសិក្សារៀនសូត្រនៅប្រទេសរុស្ស៊ីទៀតផង។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍ថា កម្ពុជាសូមថ្លែងអំណរគុណចំពោះរុស្ស៊ី ដែលបានជួយកម្ពុជាកន្លងមក និងកំពុងជួយកម្ពុជាលើវិស័យផ្សេងៗបន្តទៀត៕