ភ្នំពេញ៖ ក្រោយពីបានដំណើរការកិច្ចប្រជុំអស់រយៈពេល៤ថ្ងៃ មហាសន្និបាតសភាតំបន់អាស៊ីAPA បានប្រកាសបិទបញ្ចប់នៅវេលាម៉ោង១៩នឹង៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមជាតិរដ្ឋសភាកម្ពុជា-សភាតំបន់អាស៊ី APA ក៏បានដឹកនាំគណៈប្រតិភូចូលរួមក្នុងពិធីនេះ ជាមួយនឹងគណៈប្រតិភូនៃប្រទេសជាសមាជិក APA ផ្សេងៗទៀតដែរ។
ជាការកត់សំគាល់ គណៈប្រតិភូដែលបានអញ្ជើញចូលរួមក្នុងមហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ី APA នៅទីក្រុង អាន់តាលីយ៉ា ប្រទេសតួកគី នាពេលនេះ មានប្រទេសជាសមាជិកចំនួន២១បានចូលរួម។ ក្នុងនោះ គណៈប្រតិភូដឹកនាំដោយប្រធានសភាមានចំនួន៤ប្រទេស និងគណៈប្រតិភូដឹកនាំដោយអនុប្រធានសភាមានចំនួន៤ប្រទេស។ ក្រៅពីនោះក៏មានការចូលរួមពីប្រទេសសង្កេតការណ៍ និងអង្គការសង្កេតការណ៍មួយចំនួនផងដែរ។
នៅក្នុងរបាយការណ៍បូកសរុបរបស់មហាសន្និបាតបានរំលេចឡើងនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
- នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក្នុងនាមសភាកម្ពុជា មានកិត្តិយសត្រូវបានអង្គប្រជុំ ជ្រើសតាំងជាអនុប្រធាននៃកិច្ចប្រជុំ។
- នៅក្នុងមហាសន្និបាត (កិច្ចពិភាក្សាទូទៅ) ដែលបានកំណត់មូលបទ «តួនាទី នៃកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងសភាតំបន់អាស៊ី» ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ត្រូវបានលោកជំទាវ អាស៊ូមេន អេឌូហ្គេន (Asuman ERDOGAN) ប្រធានដឹកនាំមហាសន្និបាតផ្តល់អត្ថិភាពឡើងថ្លែងបទអន្តរាគមន៍មុនគេ ហើយទទួលបានការយកចិត្តទុកដាក់ស្តាប់ និងគាំទ្រទៅលើអនុសាសន៍សំខាន់ៗដែល ឯកឧត្តមបណ្ឌិត បានលើកឡើង ពាក់ព័ន្ធទៅនឹងប្រធានបទខាងលើ ។
- មហាសន្និបាតបានអនុម័តសេចក្តីសម្រេចចំនួន៣០ ដែលបានរៀបចំដោយគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង៤។
- មហាសន្និបាតបានសម្រេចទទួលយកប្រទេស២ ជាសមាជិកពេញសិទ្ធិគឺ ប្រទេសកាតា (Qatar) និងប្រទេសទីម័រឡេស្តេ (Timor Leste) ដែលធ្វើឱ្យបច្ចុប្បន្នសមាជិកនៃសភាតំបន់អាស៊ី បានកើនឡើងដល់ចំនួន៤៤ប្រទេស ។
- មហាសន្និបាត បានសម្រេចជូនសភានៃប្រទេសតួកគី បន្តជាប្រធានសភាតំបន់អាស៊ី សម្រាប់អាណត្តិឆ្នាំ២០២០-២០២១ ហើយមហាសន្និបាត ក៏បានអំពាវនាវផងដែរក្នុងការរកប្រទេសស្ម័គ្រចិត្តទទួលជាប្រធានសភាតំបន់អាស៊ី APA បន្តពីសភាតួកគី សំរាប់អាណត្តិឆ្នាំ២០២២-២០២៣ ។
- សម្រាប់ឆ្នាំ២០២០ មហាសន្និបាត បានសម្រេចផ្តល់ជូនសភា នៃប្រទេសបារ៉ែន ទទួលរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយសភានៃប្រទេសអ៊ីរ៉ាក់ ទទួលរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការនយោបាយ ចំណែកសភានៃសហព័ន្ធរុស្ស៊ី ទទួលបន្ទុករៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកផែនការនិងថវិកា។
- ដើម្បីសម្រួលដល់កិច្ចការសភាតំបន់អាស៊ី មហាសន្និបាតបានអនុម័តយល់ព្រមតាមសំណើរបស់សភារុស្ស៊ី ដើម្បីបង្កើតក្រុមការងារមួយសិក្សា និងធ្វើវិសោធនកម្មធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង APA ដែលគ្រោងនឹងរៀបចំកិច្ចប្រជុំក្រុមការងារនេះ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ នៅប្រទេសគុយវ៉ែត៕