សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អញ្ជើញ​ជា​អធិបតី​ ពិធី​ប្រកាស​ផ្សព្វផ្សាយ​ ការ​អនុវត្ត​អនុក្រឹត្យ​ស្ដី​ពីមុខ​ងារ​ និង​រចនាសម្ព័ន្ធ​របស់​រដ្ឋបាល​ក្រុង​ ស្រុក​ ខណ្ឌ​

17-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ៦​រោច​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៩​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ជា​អធិបតី​ ពិធី​ប្រកាស​ផ្សព្វផ្សាយ​ ការ​អនុវត្ត​អនុក្រឹត្យ​ស្ដី​ពីមុខ​ងារ​ និង​រចនាសម្ព័ន្ធ​របស់​រដ្ឋបាល​ក្រុង​ ស្រុក​ ខណ្ឌ​ និង​អនុក្រឹត្យ​ស្ដី​ពី​ការ​ប្រគល់​មុខងារ​គ្រប់គ្រង​ និង​ផ្ដល់​សេវា​សុខាភិបាល​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី​ខេត្ត​ ប្រារព្ធ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​អញ្ជើញ​មាន​ប្រសាសន៍​ទៅ​កាន់​អង្គពិធី​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ចាត់​ទុក​ពិធី​ផ្សព្វផ្សាយ​អនុក្រឹត្យ​នា​ថ្ងៃនេះ​ ថា​ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​កែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ​ តាម​គោលនយោបាយ​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ សំដៅ​ធានា​ដល់​ការ​ផ្ទេរសិទ្ធិ​ ផ្ទេរអំណាច​ ផ្ទេរ​មុខងារ​ និង​ធនធាន​ឱ្យទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដែល​នៅ​កៀក​ជិត​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួលខុសត្រូវ​លើ​ការ​គ្រប់គ្រង​ ការ​ចាត់ចែង​ និង​ការ​ប្រើប្រាស់​សិទ្ធិ​ អំណាច​ និង​ធនធាន​ទាំងនោះ​សម្រាប់​ការ​ផ្តល់​សេវា​ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​ តម្លាភាព​ គណនេយ្យ​ភាព​ បរិ​យា​ប័ន្ន​ និង​សមធម៌​សង្គម​។​

សម្ដេច​បាន​គូសបញ្ជាក់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​តម្កល់​នូវ​ឆន្ទៈ​នយោបាយ​ដ៏​មោះមុត​លើ​ការ​អនុវត្ត​គោលនយោបាយ​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ ឬ​ហៅ​ថា​ កំណែ​ទម្រង់ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ សម្រាប់​រយៈពេល​វែង​ ដោយ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​លើកកម្ពស់​អភិបាលកិច្ច​ រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​កំណែទម្រង់​វិមជ្ឈការ​និង​វិ​សហ​មជ្ឈការ​ គឺជា​កំណែទម្រង់​ស្នូល​មួយ​ក្នុង​ចំណោម​កំណែទម្រង់​ស្នូល​៣​ផ្សេង​ទៀត​ រួម​មាន​ កំណែទម្រង់រដ្ឋបាល​សាធារណៈ​ កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ និង​កំណែទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​ ដែល​ជា​កំណែទម្រង់​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​តាម​ដំណាក់កាល​នីមួយៗ​របស់​រាជរដ្ឋាភិបាល​។​

​ សម្ដេច​បាន​បន្ត​ថា​ កម្ពុជា​បាន​រៀបចំ​ និង​ការ​អនុវត្ត​គោលនយោបាយ​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ ដើម្បី​ធានា​ដល់​ការ​សម្រេច​បាន​នូវ​គោលបំណង​សំខាន់ៗ​ចំនួន​៣​ រួម​មាន​ទី​១​ ដើម្បី​ពង្រឹង​ និង​ពង្រីក​លទ្ធិប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស​ ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​,​ ទី​២​ ដើម្បី​លើកកម្ពស់​គុណភាព​ និង​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ និង​ទី​៣​ ដើម្បី​បង្កើន​ធនធាន​ និង​ការ​ចូលរួម​របស់​សហគមន៍​ និង​ប្រជាពលរដ្ឋ​សម្រាប់​ការ​អភិវឌ្ឍ​មូលដ្ឋាន​។​

​ដើម្បី​សម្រេច​បាន​គោលបំណង​នេះ​ សម្ដេច​បាន​មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​បាន​កំណត់​កម្មវិធី​ ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ រយៈពេល​១០​ឆ្នាំ​ ពី​ឆ្នាំ​២០១០​ដល់​២០២០​ ដោយ​ផ្តោត​ទៅ​លើ​សមាសធាតុ​សំខាន់ៗ​៥​ រួម​មានការ​រៀបចំ​ស្ថាប័ន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ការ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ និង​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ការ​ផ្ទេរ​មុខងារ​ និង​ធនធាន​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ការ​ធ្វើ​វិមជ្ឈការ​ហិរញ្ញវត្ថុ​ និង​ការ​រៀបចំ​ស្ថាប័ន​គាំទ្រ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​។​

​តាម​រយៈ​ការ​អនុវត្ត​កម្មវិធី​ជាតិ​រយៈពេល​៩​ឆ្នាំ​មកនេះ​ សម្ដេច​បាន​ឧបនាយករដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​អំពី​ការ​រក​ឃើញ​បញ្ហា​ប្រឈម​ និង​ការ​សម្រេច​បាន​សមិទ្ធផល​ធំៗ​គួរ​ឱ្យ​កត់សម្គាល់​ ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ស្ថាប័ន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ការ​គ្រប់គ្រង​ និង​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ការ​ផ្ទេរ​មុខងារ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ការ​ធ្វើ​វិមជ្ឈការ​ហិរញ្ញវត្ថុ​ ពាក់ព័ន្ធ​នឹង​ស្ថាប័ន​គាំទ្រ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ ព្រមទាំង​កិច្ចការ​អាទិភាព​មួយ​ចំនួន​ដែល​ត្រូវ​ពិចារណា​សម្រាប់​ការ​រៀបចំ​កម្មវិធី​ជាតិ​ជំហាន​បន្ទាប់​ រួម​មានការ​បន្ត​រៀបចំ​ស្ថាប័ន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ការ​គ្រប់គ្រង​ និង​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ការ​ផ្ទេរ​មុខងារ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​ការ​ធ្វើ​វិមជ្ឈការ​ហិរញ្ញវត្ថុ​។​

​មុន​នឹង​តំណាង​លេខាធិការដ្ឋាន​ គ​.​ជ​.​អ​.​ប​.​ និង​តំណាង​ក្រសួងសុខាភិបាល​ធ្វើ​បទ​បង្ហាញ​អំពី​ខ្លឹមសារ​លម្អិត​ ព្រមទាំង​ផែនការ​សកម្មភាព​ និង​ក្រប​ខណ្ឌ​ពេលវេលា​សម្រាប់​ការ​អនុវត្ត​អនុក្រឹត្យ​ទាំង​៤​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​បាន​មាន​ប្រសាសន៍​ផ្តល់​គោលការណ៍​ណែនាំ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ រៀបចំ​ធ្វើ​សមាហរណកម្ម​ការិយាល័យ​ អង្គភាព​នានា​ និង​ការ​ផ្ទេរ​បុគ្គលិក​ទៅ​ក្នុង​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង​ ស្រុក​ ខណ្ឌ​ ការ​ផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​ ទ្រព្យសម្បត្តិ​ និង​សិទ្ធិ​ កាតព្វកិច្ច​ និង​ការ​ទទួលខុសត្រូវ​ អំពី​ការ​រៀបចំ​លិខិត​បទដ្ឋាន​ និង​ឯកសារ​ណែនាំ​បច្ចេកទេស​នានា​ ការ​បណ្ដុះបណ្ដាល​ ភាព​ម្ចាស់​ការ​ក្នុង​ការ​អនុវត្ត​អនុក្រឹត្យ​។​

​មុន​នឹង​បញ្ចប់​ សុន្ទរកថា​ដ៏​មាន​សារៈសំខាន់​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​អំពាវនាវ​ឱ្យ​មានការ​ចូលរួម​គាំទ្រ​ឱ្យ​កាន់តែ​សកម្ម​បន្ថែម​ទៀត​ពី​ថ្នាក់ដឹកនាំ​ និង​ជា​មន្ត្រី​នៃ​ក្រសួង​ ស្ថាប័ន​នានា​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ដៃគូ​អភិវឌ្ឍន៍​ អង្គការ​សង្គម​ស៊ី​វិល​ ផ្នែក​ឯកជន​ និង​អ្នក​ពាក់ព័ន្ធ​នានា​ដើម្បី​ឲ្យ​កិច្ច​ដំណើរការ​កំណែទម្រង់​ដ៏​មាន​សារៈសំខាន់​នេះ​សម្រេច​បាន​ជោគជ័យ​ និង​បាន​សង្កត់ធ្ងន់​ជា​ថ្មី​អំពី​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បន្ត​អនុវត្ត​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ ព្រមទាំង​កំណែទម្រង់​សំខាន់ៗ​ដទៃ​ទៀត​ដើម្បី​រួមចំណែក​ជំរុញ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ និង​ការ​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ភាព​ចម្រើន​រុងរឿង​៕


ចំនួនអ្នកទស្សនា

    20537847

  • ថ្ងៃនេះ14671
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73511
  • ខែនេះ95391
  • ឆ្នាំនេះ95391
  • សរុប20537847