សៀមរាប៖ កម្លាំងនគរបាលស្រុកក្រឡាញ់ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ នាម ចែល ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិតាំងយូរ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្ត សៀមរាប ពីបទអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។
លោកវរសេនីយ៍ឯក ជី បេងជន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់បានឲ្យដឹងថានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី ជនរងគ្រោះឈ្មោះ ម៉ន ធឿយ ភេទប្រុស អាយុ៦០ឆ្នាំ កំពុងឈរទំលាក់កណ្តាប់ស្រូវពីលើគោយន្តនៅនឹងផ្ទះ ស្ថិតនៅភូមិតាំងយូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ពេលនោះស្រាប់តែជនសង្ស័យឈ្មោះ នាម ចែល ភេទប្រុស អាយុ៤៤ឆ្នាំ បានយកសាងសំរាប់ចាក់ត្រី ដែលមានផ្លែចំនួន១០ និងដងឈើប្រវែង១,៤ម៉ែត្រ ចាក់មកលើជនរងគ្រោះចំនួន០៣ដង បណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់។
ក្រោយកើតហេតុ លោកអធិការស្រុក បានបញ្ជាកម្លាំងឃាត់ខ្លួនជនសង្ស័យភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកជនរងគ្រោះត្រូវបានដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ប៉ុន្តែដោយសារសភាពរបួសមានលក្ខណៈធ្ងន់ធ្ងរ ទើបគ្រូពេទ្យសម្រេចបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប ។
តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកសាងកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន មូលហេតុ គិតថាជនរងគ្រោះ ស្រឡាញ់ប្រពន្ធរបស់ខ្លួន។ បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត៕