សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​ (Western​ University)

18-December-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ៧​រោច​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែ​ ធ្នូ​ ឆ្នាំ​២០១៩​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​ សាកលវិទ្យាល័យ​វេ​ស្ទើ​ន​ (Western​ University)​ ចំនួន​ ២,៨៣១​ នាក់​ ដែល​ក្នុង​នោះ​គឺ​មាន​និស្សិត​នារី​ចំនួន​ ១,៦១៤​នាក់​ ។​ សញ្ញា​បត្ត​ដែល​បាន​ប្រគល់​ជូន​គឺ​មាន​ថ្នាក់​បរិញ្ញាបត្រ​រង​,​ បរិញ្ញាបត្រ​,​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ដែល​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​មុន​នឹង​ចាប់ផ្តើម​ថ្លែងស​ន្ទ​រក​ថា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​អោយ​បានដឹង​ថា​ នៅ​ថ្ងៃនេះ​កម្ពុជា​បាន​រៀ​ចំ​សមយុទ្ធ​២​ គឺ​សមយុទ្ធ​ទី​១​ ជា​សម​យុ​ទ្ឋ​ហ្វឹកហាត់​សាកល្បង​ និង​ផ្តល់​បទ​ពិសោធន៍​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ សំដៅ​លើកកម្ពស់​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ឱ្យ​បាន​ទាន់​ពេលវេលា​ នៅ​ពេល​មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​ ដែល​សមយុទ្ធ​នេះ​ធ្វើ​ឡើង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​។​ រីឯ​សមយុទ្ធ​ទី​២​ គឺជា​សមយុទ្ធ​រវាង​កងទ័ព​កម្ពុជា​ និង​កងទ័ព​វៀតណាម​ នៅ​ឯ​ខេត្តស្វាយរៀង​ ក្នុង​វិធានការ​ជួយ​សង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ​ដោយ​គ្រោះ​ធម្មជាតិ​តាម​ព្រំដែន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​មានការ​ ភ័យ​ខ្លាច​ ឬ​ព្រួយបារម្ភ​អ្វី​ឡើយ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​សំដែង​នូវ​ក្តី​សោមនស្ស​រីករាយ​ និង​អបអរសាទរ​ ចំពោះ​និស្សិត​ជ័យ​លា​ភី​ទាំងអស់​ដែល​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​នា​ពេល​នេះ​។​ សម្តេច​តេ​ជោ​ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ សាកលវិទ្យាល័យ​វេ​ស្ទើ​ន​ ដែល​បាន​ធ្វើការ​បណ្តុះបណ្តាល​និស្សិត​កម្ពុជា​ជា​រាប់​ម៉ឺន​ច្រើន​នាក់​កន្លង​មក​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ជំរុញ​អោយ​សាកលវិទ្យាល័យ​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​ពង្រឹងគុណភាព​សិក្សា​ជា​បន្ត​ទៀត​ ដើម្បី​អោយ​ធន​ធា​មនុស្ស​របស់​កម្ពុជា​កាន់តែ​មាន​សមត្ថភាព​ និង​រឹង​មាំ​ថែម​ទៀត​នា​ពេល​ខាង​មុខ​។​

​ទន្ទឹម​នឹង​នោះ​ដែរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដែល​បាន​កើតឡើង​នៅ​ក្នុង​ខែធ្នូ​ ២០១៩​ នេះ​ ដែល​ក្នុង​នោះ​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា​ ក្នុង​ថ្ងៃ​២​ធ្នូ​ មាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​៣​សំខាន់​សំរាប់​សម្តេច​ ក៏​ដូច​ជា​សម្រាប់​កម្ពុជា​ទាំងមូល​គឺ​៖
​ទី​១)​ ២​ធ្នូ​ ១៩៧៨​ គឺជា​ថ្ងៃ​បង្កើត​ រណ​សិ​រ្យ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ដើម្បី​ប្រមូលផ្តុំ​កម្លាំង​ក្នុង​ការ​រំដោះប្រទេស​ជាតិ​អោយ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍​ ខ្មែរក្រហម​ប៉ុ​ល​ពត​។​

​ទី​២)​ ២​ធ្នូ​ ឆ្នាំ​១៩៨៧​ ដែល​ព្រឹត្តិការណ៍​ជំនួប​ចរចា​ជា​លើក​ដំបូង​រវាង​ សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ ជា​មូ​យ​ សម្តេច​ ហ៊ុន​ សែន​ នៅ​ Fère​ en​ Tardenois​ នៅ​ប្រទេស​បារាំង​ ដែល​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ ៣២​ ឆ្នាំ​ហើយ​ មុន​នឹង​មានការ​ពិភាក្សា​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​ ២៣​តុលា​ ១៩៩១​ និង​

​ទី​៣)​ ២​ធ្នូ​ ឆ្នាំ​១៩៩៨​ ក្នុង​ការ​រៀ​ចំ​យុទ្ធសាស្ត្រ​ត្រីកោណ​ក្រោយ​ពេល​បង្កើត​រាជរដ្ឋាភិបាល​ ដែល​ក្នុង​យុទ្ធសាស្ត្រ​ត្រីកោណ​នោះ​គឺ​មាន​មុំ​៣​សំខាន់​គឺៈ​ ទី​១)​ ការ​ធ្វើ​សន្តិ​ភា​វូប​នី​កម្ម​ មាន​ន័យ​ថា​ការ​ពង្រឹង​សន្តិភាព​ផ្ទៃក្នុង​ប្រទេស​ ទប់ស្កាត់​មិន​អោយ​មានការ​បាញ់បោះ​ និង​ជម្លោះផ្ទៃក្នុង​តទៅ​ទៀត​។​ ទី​២​ គឺ​ការ​ធ្វើ​សមាហរណកម្ម​កម្ពុជា​អោយ​បាន​ឆាប់​បំផុត​ជាមួយ​សហ​គម​អន្តរជាតិ​ ហើយ​ដែល​ពេល​នោះ​យើង​ក៏​បាន​យក​កៅអី​កម្ពុជា​ដែល​បាន​ព្យួរ​ទុក​នៅ​អង្គ​សហប្រជាជាតិ​ (UN)​ ត្រឡប់​មក​វិញ​ ហើយ​ពេល​នោះ​យើង​ក៏​ចាប់ផ្តើម​មានការ​ប្រជុំ​និង​ចូល​ជា​សមាជិក​អាស៊ាន​ (ASEAN)​ និង​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO)​ និង​អង្គការ​អន្តរជាតិ​ផ្សេងៗ​ទៀត​។​ ទី​៣)​ ផ្អែក​លើក​កត្តា​អនុគ្រោះ​ផ្ទៃក្នុង​ និង​កត្តា​អនុគ្រោះ​អន្តរជាតិ​ គឺ​កម្ពុជា​បាន​ខិតខំ​ទាំង​ប្រមូល​គ្រប់​ធនធាន​ទាំងអស់​ដើម្បី​ជំរុញ​ការ​កសាង​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​។​

​នៅ​ថ្ងៃនេះ​ផង​ដែ​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ពី​មូលហេតុ​ចាំបាច់​ដែល​កម្ពុជា​ចូល​អាស៊ាន​គឺ​មាន​០៤​ចំនុច​សំខាន់ៗ​៖

​ទី​១)​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​(​មិន​លូកដៃ​ចូល​ក្នុង​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​អាស៊ាន​ដូច​គ្នា​)

​ទី​២)​ស្មារតី​សហគមន៍​(​កម្ពុជា​គោរព​តាម​កុងសង់ស៊ីស​ ជា​គោល​ការ​មិន​ធ្វើ​រំលង​គ្នា​ មិន​ថា​ប្រទេស​អ្នកមាន​ ប្រស​ទេ​អ្នកក្រ​ តូច​ ធំ​ គឺ​ស្មើគ្នា​ទាំងអស់​)​។​

​ទី​៣)​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ពី​សមាហរណកម្ម​អាស៊ាន​ តាម​រយៈ​ការ​ទទួល​បាន​នូវ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ និង​តាម​រយៈ​ដៃគូ​ពាណិជ្ជកម្ម​នានា​ ដែល​បាន​ជួយ​កាត់​បន្ថយ​គម្លាត​ក្រីក្រ​នៅ​ក្នុង​ប្រទេស​នីមួយៗ​យ៉ាង​មាន​ប្រ​សិ​ទ្ឋ​ភាព​ទៀត​ផង​។​

​ទី​៤)​ ជា​ច្រក​ទ្វារ​ចេញចូល​ការទូត​ដែល​មាន​ទំហំ​ធំធេង​សម្រាប់​កម្ពុជា​ ដែល​យើង​ត្រូវការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អោយ​បាន​កាន់តែ​ច្រើន​។​

​ទន្ទឹម​នឹង​នោះ​ដែរ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​គាំទ្រ​ និង​ជំរុញ​អោយ​ក្មួយៗ​និស្សិត​បន្ត​សិក្សា​ស្រាវជ្រាវ​ទោះបី​ពេល​នេះ​បាន​បញ្ចប់​ការ​សិក្សា​ហើយ​ក្តី​ ព្រោះថា​ការ​សិក្សា​គឺ​គ្មាន​ដែន​កំណត់​ ហើយ​ចំណេះដឹង​មួយ​ចំនួន​គឺ​មិន​មាន​សិក្សា​នៅ​ក្នុង​សាលា​ទេ​។​ សម្តេច​តេ​ជោ​ សប្បាយ​រីករាយ​ដែល​បាន​ចូលរួម​ចែករំលែក​ចំណេះដឹង​និង​បទ​ពិសោធន៍​ដល់​ក្មួយៗ​និស្សិត​អោយ​ទទួល​បាន​នូវ​ជំ​ណេះ​ដឹង​បន្ថែម​នៅ​ក្នុង​ឱកាស​ដ៏​មាន​តម្លៃ​បំផុត​នេះ​។​

​ក្រោយ​ពី​បាន​បញ្ជ​ប់​នូវ​ការ​ថ្លែងស​ន្ទ​រក​ថា​ និង​ផ្តល់​នូវ​អនុសាសន៍​សំខាន់ៗ​រួច​ហើយ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យ​លា​ភី​ និង​បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ក្មួយៗ​ក្នុង​បរិយាកាស​រីករាយ​ក្រៃ​លែង​៕​

 

ចំនួនអ្នកទស្សនា

    20539837

  • ថ្ងៃនេះ16661
  • ម្សិលមិញ15681
  • សប្តាហ៍នេះ75501
  • ខែនេះ97381
  • ឆ្នាំនេះ97381
  • សរុប20539837