សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ពេញចិត្ត​ដែល​ស៊ុ​យ​អ៊ែ​ត​ ជួយ​អភិវឌ្ឍន៍​វិស័យ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ និង​បាន​ជំរុញ​ឱ្យ​កម្ពុជា​-​ស៊ុ​យ​អ៊ែ​ត​ ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​ បន្ថែម​ទៀត​

19-December-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ ក្នុង​ឱកាស​អនុញ្ញាត​ឱ្យ​ ឯកឧត្តម​ ប៊ី​ចូ​ន​ ហេ​ក​ម៉ា​គ​ ឯកអគ្គរាជទូត​ថ្មី​ ប្រទេស​ស៊ុ​យ​អែ​ត​ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរសម​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ បាន​សម្តែង​ការ​ពេញចិត្ត​និង​គាំទ្រ​ ចំពោះ​លទ្ធផល​ជា​ផ្លែផ្កា​ដែល​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​ និង​ស៊ុ​យ​អ៊ែ​ត​ រួម​សហការ​គ្នា​នា​ពេល​កន្លង​មក​។​

​សម្តេច​ប្រធានរដ្ឋសភា​ បាន​កោតសរសើរ​ដល់​ប្រទេស​ ស៊ុ​យ​អ៊ែ​ត​ តាម​រយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ ស៊ី​ដា​ (SIDA)​ បាន​ចូលរួម​ជួយ​អភិវឌ្ឍ​វិស័យ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​(SME)​ ដល់​កម្ពុជា​។​

​ក្នុង​ជំនួប​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​វិមាន​រដ្ឋសភា​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​មាន​ប្រសាសន៍​បន្ត​ថា​ ក្នុង​អាណត្តិ​នៃ​បេសកកម្ម​ការទូត​របស់​ ឯកឧត្តម​ ប៊ី​ចូ​ន​ ហេ​ក​ម៉ា​គ​ សម្តេច​សង្ឃឹមថា​ ស៊ុ​យ​អ៊ែ​ត​នឹង​បន្ត​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​ស្អិតរ​មួ​ត​ជាមួយ​កម្ពុជា​ ជា​ពិសេស​លើ​វិស័យសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ អប់រំ​ ទេសចរណ៍​ និង​វប្បធម៌​ ជាដើម​។​

​ជាមួយ​គ្នា​នេះ​ សម្តេច​ប្រធានរដ្ឋសភា​ បាន​ស្នើ​រដ្ឋាភិបាល​ស៊ុ​យ​អ៊ែ​ត​ បន្ត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ និង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ បាន​បន្ត​ការ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​នៅ​ស៊ុ​យ​អ៊ែ​ត​។​

​សម្តេច​ បាន​គូសបញ្ជាក់​ថា​ កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​ ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​បន្ថែម​ទៀត​។​

​ឯកឧត្តម​ ប៊ី​ចូ​ន​ ហេ​ក​ម៉ា​គ​ បាន​គាំទ្រ​ចំពោះ​ប្រសាសន៍​លើក​ឡើង​របស់​ សម្តេច​ប្រធានរដ្ឋសភា​និង​បាន​គូសបញ្ជាក់​ពី​ជំនួយ​នានា​ដែល​ប្រទេស​ស៊ុ​យ​អ៊ែ​ត​បាន​ជួយ​មក​ដល់​កម្ពុជា​ មាន​ដូច​ជា​ខាង​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ សកម្មភាព​មនុស្សធម៌​ វិស័យ​អប់រំ​ វិស័យ​កសិកម្ម​ជាដើម​។​
​ឯកឧត្តម​ឯកអគ្គរាជទូត​ បាន​អបអរសាទរ​ចំពោះ​កំណើនសេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​ដ៏​រឹង​មាំ​របស់​ប្រទេស​កម្ពុជា​ ជា​ពិសេស​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជា​រៀង​រាល់​ឆ្នាំ​។​

​ប្រទេស​ស៊ុ​យ​អ៊ែ​ត​ សន្យា​បន្ត​គាំទ្រ​ដល់​កម្ពុជា​។​ ឯកឧត្តម​ឯកអគ្គរាជទូត​បាន​មាន​ប្រសាសន៍​ថា​កម្ពុជា​និង​ស៊ុ​យ​អ៊ែ​ត​ជា​ដៃ​ក្នុង​ការ​ដោះស្រាយ​ញ្ហា​រួម​មួយ​ចំនួន​ ដែល​មាន​ដូច​ជា​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​ក្នុង​នាម​រដ្ឋសភា​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​សម្តែង​ក្តី​រីករាយ​និង​ស្វាគមន៍​ ចំពោះ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​ ប៊ី​ចូ​ន​ ហេ​ក​ម៉ា​គ​។​ រដ្ឋសភា​កម្ពុជា​គាំទ្រ​ និង​សន្យា​ធ្វើ​កិច្ចសហការ​ឱ្យ​បាន​ពេញលេញ​ ដើម្បី​ឱ្យ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​នៅ​កម្ពុជា​ ទទួល​បាន​ជោគជ័យ​៕


ចំនួនអ្នកទស្សនា

    20537577

  • ថ្ងៃនេះ14401
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73241
  • ខែនេះ95121
  • ឆ្នាំនេះ95121
  • សរុប20537577