ភ្នំពេញ៖ នៅវេលាម៉ោង០១នឹង១០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ចំណុចផ្លូវលេខ១៤៨កែង១៣ សង្កាត់ផ្សារកណ្តាលទី១ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធ ករណីលួចមានស្ថានទំងន់ទោស(ឆក់កាបូប) បន្ទាប់ពីពួកគេធ្វើសកម្មភាព ឆក់កាបូបជនបរទេស បានសម្រេច ហើយគេចខ្លួន ទៅពួនសម្ងំក្នុង បន្ទប់ជួលជាន់ទី២ ក្នុងអាគារជួលស្នាក់នៅមួយកន្លែង។
ជនសង្ស័យទាំង០៤នាក់នោះរួមមាន៖១-ឈ្មោះ រស់ សុភក្ត្រ័ ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅម្តុំរោងកុនហែមជាតិផ្លូវ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ, ២-ឈ្មោះ ជ័យ វាសនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ, ៣-ឈ្មោះ ផែន វ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ, ៤-ឈ្មោះ ទូច ចិន្តា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជិតគល់ស្ពានស្ទឹងមានជ័យ
មន្ត្រីរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថានៅថ្ងៃកើតហេតុ ជនរងគ្រោះ ឈ្មោះ MARINA CRUZMONTULL ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិអេស្ប៉ាញ មុខរបរសិស្ស ស្នាក់នៅអូតែល19ហេបភីហោស៍ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បានដើរថ្មើរជើងតាមបណ្តាយផ្លូវ១៤៨កែង១៣(ខាងជើងផ្សារកណ្តាល)ស្រាប់តែ ត្រូវបានជនសង្ស័យ ជិះម៉ូតូ០១គ្រឿងម៉ា់កVIVA ពណ៌ខ្មៅមកក្បែរ ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសំរេច និងបានជិះគេចខ្លួនបាត់។ ក្រោយកើតហេតុ កំលាំងល្បាតរបស់អាវុធហត្ថខណ្ឌដូនពេញបានចុះដល់ទីតាំងកើតហេតុ និងបានសាកសួរជនរងគ្រោះព្រមទាំងសាក្សីជុំវិញកន្លែងកើតហេតុ ទើបធ្វើការកំណត់មុខសញ្ញា ហើយបើកប្រតិបត្តិការ ស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបជាក់ស្តែង នៅចំណុចអាគារជួលស្នាក់នៅមួយកន្លែង ចូលតាមច្រកឌឿងហែម ជាន់ទី២ ផ្លូវ១៣០ សង្កាត់ផ្សារកណ្តាល១ បានឃាត់ខ្លួនជនសង្ស័យនិងបក្សពួកចំនួន០៤នាក់ ព្រមទាំងដកហូតកាបូបស្ពាយរបស់ជនរងគ្រោះមកវិញ ប្រគល់ជូនម្ចាស់ដើមវិញផងដែរ។ ជនរងគ្រោះមានសេចក្តីរំភើបនិងអរគុណសមត្ថកិច្ចអាវុធហត្ថជាអនេកដែលបាននាំយកកាបូបនោះមកវិញបាន។
ក្នុងកាបូបនោះមានៈ-ទូរស័ព្ទ០១គ្រឿងម៉ាកXIAOMI,-លិខិតឆ្លងដែនចំនួន០១ក្បាល,-អត្តសញ្ញាណប័ណ្ណចំនួន០១,-កាតធនាគារចំនួន០២,-ប័ណ្ណបើកបរចំនួន០១សន្លឹក,-កាបូបតូចចំនួន០២,-លុយដុល្លារចំនួន ១០០ដុល្លារ,-លុយខ្មែរចំនួន ២០០០រៀល,-លុយថៃចំនួន ៨២០បាត,-លុយEUROចំនួន ៦៣០ EURO,-និងឯកសារ០១ចំនួនផ្សេងទៀត។
ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ឈ្មោះ រស់ សុភ័ក្ត្រ ដែលជាជនដៃដល់ បានព្រមឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះពិតប្រាកដមែន និងធ្លាប់ជាប់ពន្ធនាគារកាលពីដើមឆ្នាំ២០១៨ រយះពេល០១ឆ្នាំរួចម្តងហើយ ពាក់ព័ន្ធករណីឆក់កាបូប ដូចគ្នាផងដែរ៕