ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ អំពាវនាវ​សុំ​ការ​យោគយល់​ពី​អ្នក​សារព័ត៌មាន​!

19-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៩​ អាវុធហត្ថ​ រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​ នី​ហ្សេ​រី​យ៉ា​ម្នាក់​ រួម​ជាមួយ​វត្ថុ​តាង​ គ្រឿងញៀន​ចម្រុះ​ សរុប​០៣​គីឡូក្រាម​ ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ ទន្ទឹម​ជាមួយ​ បក្ខពួក​ជនសង្ស័យ​ ម្នាក់​ផ្សេង​ទៀត​ ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ ដូច​គ្នា​ ដែល​បាន​រត់គេច​ខ្លួន​ ពី​ការ​តាម​ចាប់​របស់​ សមត្ថកិច្ច​អាវុធហត្ថ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក​នៅ​ចំណុច​ ក្រុម​ទី​៦​ ភូមិ​ត្រពាំង​ថ្លឹង​៤​ សង្កាត់​ចោម​ចៅ​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​គួរ​រំលឹក​ដែរ​ថា​ កាលពី​ព្រលប់​ ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដែល​រួម​មាន​ កម្លាំង​មូលដ្ឋាន​ អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ជឹ​ម​ ឬ​ទ្ធី​ សហការ​ជាមួយ​កម្លាំង​ ការិយាល័យ​ស្រាវជ្រាវ​ បទល្មើស​គ្រឿងញៀន​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ប៉ាន់​ សុភាព​ បាន​បើក​ប្រតិបត្តិការ​ បង្ក្រាប​គ្រឿងញៀន​ខ្នាត​ធំ​ នៅ​ចំណុច​លើ​ផ្លូវ​បេតុង​លេខ​១៩​ និង​បន្ទប់​ជួល​លេខ​០៩​ ជាន់​ទី​១​ ភូមិ​ត្រពាំង​ថ្លឹង​៤​ សង្កាត់​ចោម​ចៅ​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​ ០៣​ខែ​ ដោយ​ឃាត់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​០១​នាក់​ ឈ្មោះ​ FRANK​ UBALE​ ភេទ​ប្រុស​ អាយុ​ ៥០​ឆ្នាំ​ និង​រឹបអូស​គ្រឿងញៀន​ជា​ច្រើន​ប្រភេទ​ សរុប​ ០៣​គីឡូក្រាម​ ហើយ​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នា​ពេល​នោះ​ ក៏​មាន​បក្ខពួក​ជនសង្ស័យ​ម្នាក់​ផ្សេង​ទៀត​ ដែល​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដូច​គ្នា​ បាន​រត់គេច​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដោយ​ផ្លោះ​របង​ចូល​ទៅ​ក្នុង​ត្រពាំង​ទឹក​មួយ​កន្លែង​ នៅ​ចំណុច​ ក្រុម​ទី​៦​ ភូមិ​ត្រពាំង​ថ្លឹង​៤​ សង្កាត់​ចោម​ចៅ​១​ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនសង្ស័យ​ ខាងលើ​ បាន​សារភាព​ថា​ គ្រឿងញៀន​ទាំងអស់​ ជា​របស់​រូបគេ​ ពិតប្រាកដ​មែន​ សម្រាប់​ធ្វើការ​ជួញដូរ​ ចែកចាយ​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ហើយ​រូបគេ​ ក៏​មាន​បក្សពួក​ជា​ជនជាតិ​ នី​ហ្សេ​រី​យ៉ា​ ០២​នាក់​ ផ្សេង​ទៀត​។​ ០២​ថ្ងៃ​ក្រោយមក​ មាន​ប្រជាពលរដ្ឋ​ ចុះ​បេះ​ត្រកួន​ បាន​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក​ ដែល​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ បក្ខពួក​ជនសង្ស័យ​ខាងលើ​ បង្ក​ការ​ភ្ញាក់ផ្អើល​ឆោឡោ​យ៉ាង​ខ្លាំង​ នា​រសៀល​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៩​ ទើប​សមត្ថ​ កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ធ្វើការ​ទម្លាយ​ព័ត៌មាន​ស្តី​ពី​កា​រប​ង្ក្រា​គ្រឿងញៀន​ខ្នាត​ធំ​ទាំងនេះ​ ដល់​អ្នក​សារព័ត៌មាន​បានដឹង​។​

​លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ មេបញ្ជាការ​ កងរាជអាវុធហត្ថ​ រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ដ៏​ធំ​នេះ​ គឺ​អនុវត្ត​តាម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ របស់​លោកនាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​ជា​និច្ច​ជា​កាល​លោកនាយ​ឧត្តមសេនីយ៍​ បាន​ណែនាំ​ដល់​អាវុធហត្ថ​ទាំងអស់​ អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ នូវ​ទិស​ស្លោក​ណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍​គឺ​៖«​ចំពោះ​ប្រទេស​ជាតិ​ត្រូវ​តែ​ការពារ​ ចំពោះ​រាស្ត្រប្រជា​ត្រូវ​តែ​បម្រើ​ ច្បាប់​ត្រូវ​តែ​គោរព​ និង​បទល្មើស​ត្រូវ​តែ​បង្ក្រាប​ដោយ​ម៉ឺងម៉ាត់​»​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ​ លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ បាន​អំពាវ​សុំ​ឲ្យ​អ្នក​សារព័ត៌មាន​ទាំងអស់​ សូម​យោគយល់​ ចំពោះ​ករណី​ខ្លះ​ ដែល​សមត្ថកិច្ច​កំពុង​បន្ត​និ​តិ​វិធី​ សូម​មេត្តា​កុំ​ព្យាយាម​ផ្សព្វផ្សាយ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​។​

​ជាក់ស្តែង​ដូច​ជា​ករណី​ គ្រឿងញៀន​ ចោរប្លន់​ ចោរលួច​ ចោរឆក់​ ឬ​ឃាតកម្ម​មួយ​ចំនួន​ ភាគច្រើន​គឺ​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​ជាមួយ​មេ​ក្លោ​ង​និង​បក្ខពួក​ច្រើន​នាក់​ ដែល​សមត្ថកិច្ច​ត្រូវ​បន្ត​ធ្វើការ​ស្រាវជ្រាវ​និង​តាម​ចាប់​ ខ្លួន​។​ ដូច្នេះ​ពេល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បទល្មើស​និង​ឃាត់ខ្លួន​ ជនសង្ស័យ​ ទោះ​នៅ​ទីកន្លែង​ឯកជន​ក៏​ដោយ​ ឬ​នៅ​លើ​ទី​សាធារណៈ​ក៏​ដោយ​ ប្រសិនបើ​សមត្ថកិច្ច​សុំ​មិន​បញ្ចេញ​ព័ត៌មាន​ សូម​ឲ្យ​អ្នក​សារព័ត៌មាន​មេត្តា​យោគយល់​ គោរព​ដល់​តួនាទី​ភារកិច្ច​របស់​សមត្ថកិច្ច​ និង​វិជ្ជាជីវៈ​សារព័ត៌មាន​ដោយ​អនុគ្រោះ​ ជៀសវាង​ការ​ផ្សាយ​ព័ត៌មាន​ទាំងនោះ​ ប្រែ​ក្លាយជា​ការ​ជូនដំណឹង​ដល់​មេ​ក្លោ​ង​និង​បក្ខពួក​ជនល្មើស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​កាន់តែ​ខ្ពស់​និង​គេចខ្លួន​កាន់តែ​ឆ្ងាយ​ ប៉ុន្តែ​ប្រសិនបើ​សមត្ថកិច្ច​ប្រមូលផ្តុំ​ភស្តុ​តាង​កំណត់​អត្តសញ្ញាណ​ក្រសោប​មុខសញ្ញា​បាន​ ឬ​មុខសញ្ញា​ត្រូវ​បាន​គេចខ្លួន​ បាត់​តម្រុយ​ នោះ​សមត្ថកិច្ច​នឹង​ផ្តល់​ព័ត៌មាន​ជា​ចំហរ​ជូន​ដល់​អ្នក​សារព័ត៌មាន​ ៕


ចំនួនអ្នកទស្សនា

    20537517

  • ថ្ងៃនេះ14341
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73181
  • ខែនេះ95061
  • ឆ្នាំនេះ95061
  • សរុប20537517