តាកែវ៖ ជារឿងដែលមិនគួរកើតទាល់តែសោះ និងអាមាសបំផុត ព្រោះអាគារសាខាពន្ធដាខេត្តតាកែវ ត្រូវបានក្រុមចោរចូលគាស់កាលពីវេលាម៉ោងចាង១យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដោយសុវត្ថិភាព ខណៈគ្មានសន្តិសុខប្រចាំការពេលយប់។
បើយោងតាមប្រភពច្បាស់ការពីសមត្ថកិច្ច បានបញ្ជាក់ថា ករណីចោរចូលគាស់អាគារសាខាពន្ធដាខេត្តតាកែវ ស្ថិតនៅភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ កាលពីយប់នោះ គឺបានបាត់លុយ២លានរៀល និងរុះរើឯកសាររាយប៉ាយពាសពេញបន្ទប់ ដែលក្រុមចោរទាំងនោះបានដាក់ជណ្តើរឫស្សីឡើងចូលគាស់តាមបង្អួចអាគារសាខា។
ជុំវិញករណីនេះផងដែរ លោក ពៅ ពុត្រា ប្រធានសាខាពន្ធដាខេត្តតាកែវ បានបញ្ជាក់នៅព្រឹកថ្ងៃទី២០ ខែធ្នូនេះថា គ្មានបាត់លុយ ឬឯកសារអ្វីនោះទេ។ ប៉ុន្តែពិតជាមានក្រុមចោរគាស់ចូលអាគារសាខាពន្ធដាពិតមែន។
សូមបញ្ជាក់ថាលោកប្រធានសាខាបន្ធដាខេត្ត ហាក់មិនសូវពេញចិត្តនឹងក្រុមអ្នកសារព័ត៌មាន ដែលសួររឿងចោរចូលគាស់អាគាររបស់ខ្លួនទាន់តែសោះ ព្រោះមិនចង់ឲ្យថ្នាក់លើស្ដីបន្ទោស ឬដកតំណែង ដែលកើតមកពីការធ្វេសប្រហែសរបស់ខ្លួន។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុង ស្រាវជ្រាវ និងកំណត់មុខសញ្ញាចាប់ខ្លួនយកមកផ្ដន្ទាទោសឲ្យទាល់តែបាន។
គូសបញ្ជាក់ដែរថា ក្នុងខែធ្នូ ឆ្នាំ២០១៩នេះ មានករណីគាស់ផ្ទះប្រជាពលរដ្ឋ ផ្ទះមេប៉ុស្ដិ៍ ជាច្រើន ដល់ឥឡូវនេះក៏ធ្លាយព័ត៌មានគាស់អាគារសាខាពន្ធដាខេត្តតែម្ដង ពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចទាំងអស់ នឹងកំណត់មុខសញ្ញាឈានទៅឃាត់ខ្លួនជាក់មិនខាន៕