ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នឹងបញ្ជូនថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួស្រូវ ឈ្មោះ សារុន វិធុរ៉ាក់ ទៅតុលាកាពាក់ព័ន្ធករណីហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់។
នេះជាការលើកឡើងរបស់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ប្រាប់សារព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។
លោកអធិការបន្តថាការឃាត់ខ្លួនថៅកែស្ថានីយ៍ប្រេង PTT ឈ្មោះ សារុន វិធុរ៉ាក់ ដោយយោងតាមដីកាចាត់តាំងតំណាងអយ្យការរបស់លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។
ជាមួយនោះដែរតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាឲ្យនាំខ្លួនលោក អ៊ឹម សិរីរដ្ឋ ជាគ្រូបង្រៀន ផងដែរពាក់ព័ន្ធករណីនេះ។
សូមបញ្ជាក់ថា លោក សារុន វិធុរ៉ាក់ ត្រូវជាកូនប្រុសលោក ចាន់ សារុន អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងបច្ចុប្បន្នជាតំណាងរាស្ដ្រមណ្ឌលតាកែវ និងបក្ខពួក បានរងការចោទប្រកាន់ ប្រើហិង្សាយ៉ាងធ្ងន់ធ្ងរ ទៅលើលោក អ៊ឹម សិរីរដ្ឋ ជាគ្រូបង្រៀនកាលពីយប់ថ្ងៃទី១៦ ខែធ្នូកន្លងទៅ នៅក្នុងបរិវេណស្ថានីយ៍ប្រេងរបស់ខ្លួន ដោយពួកគេចោទថា គ្រូបង្រៀនរូបនេះ បានចូលទៅអុកឡុក និងចូលក្នុងបន្ទប់ទឹកស្រី លួចថតនារីនៅក្នុងបន្ទប់ទឹកនោះ។
លោក សារុន វិធុរ៉ាក់ ថែមទាំងបង្ហោះវីដេអូ និងរូបភាព លើកមេដៃជាមួយរូបគ្រូបង្រៀន ដោយចងដៃទៅក្រោយ និងចាប់បោចសក់នៅលើបណ្ដាញសង្គម Facebook ទៀតផង ដែលធ្វើឲ្យមហាជនជាច្រើនរិះគន់យ៉ាងចាស់ដៃ ចំពោះការប្រើអំពើហិង្សាខុសច្បាប់ទម្លាប់បែបនេះ។
សម្រាប់ករណីនេះ ក៏មានចោទចំៗទៅលើថៅកែស្ថានីយ៍ប្រេង PTT លោក សារុន វិធុរ៉ាក់ ថាខុសទាំងស្រុងដោយសារខ្លួន មិនមែនជាមន្ត្រីសមត្ថកិច្ច ហើយទៅចាប់ចង និងបញ្ជាឲ្យកូនចៅវាយយ៉ាងដូច្នេះទេ នោះវាក្លាយជាបទល្មើសព្រហ្មទណ្ឌហើយ ដែលតំណាងអយ្យការតំណាងឲ្យរដ្ឋមានសិទ្ធិដាក់ពាក្យបណ្តឹងបាន បើទោះបីជនរងគ្រោះមិនបានដាក់ពាក្យប្តឹងក៏ដោយ ៕