ប្រទេសចិន៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំប្រតិភូ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទៅបំពេញទស្សនកិច្ចការងារនៅសាធារណៈរដ្ឋប្រជាមានិតចិន។
នៅក្នុងអំឡុងពេលទស្សនកិច្ចនោះ ឯកឧត្តម នាយឧត្តម សេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានដឹកនាំប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ក្រសួងសន្តិសុខសាធារណៈចិន និងថ្នាក់ដឹកនាំគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនចិន។
ក្នុងនាមតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណៈ រដ្ឋប្រជាមានិតចិន ដែលតែងតែជួយគាំទ្រកម្ពុជាក្នុងពេលកន្លងមកលើគ្រប់វិស័យ រួមមានវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីមិត្តពីសភាពការណ៍គ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារត្រួតពិនិត្យគ្រឿងញៀន ដោយផ្តោតលើយន្តការពហុវិស័យទាំងផ្នែកអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយ ព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចូលរួមគាំទ្រពីគ្រប់វិស័យ និងបានស្នើសុំការគាំទ្រពីភាគីចិន នូវការគាំទ្រផ្នែក សម្ភារ បច្ចេកទេស ការអប់រំផ្សព្វផ្សាយ ការបណ្តុះបណ្តាលមន្រី្ត អនុវត្តច្បាប់ និងការងារព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
ក្នុងឱកាសនោះដែរ ជាការឆ្លើយតបភាគីចិន បានសម្តែងនូវការកោតសរសើរលើចំណងមិត្តភាពកម្ពុជា-ចិន ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានធ្វើឲ្យប្រទេសយើងទាំងពីរក្លាយជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងបានធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់។
ជាមួយគ្នានេះ ភាគីចិនក៏ស្នើឲ្យមានកិច្ចសហប្រតិបត្តិការរួមលើការងារត្រួតពិនិត្យគ្រឿងញៀន និងការងារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ប្រទេសទាំងពីរ។
ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បានទស្សនកិច្ចទៅខេត្តយូណាន ដែលក្នុងនោះគណៈប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរខេត្តយូណាន និងបានទៅទស្សនៈកិច្ចនៅមជ្ឈមណ្ឌលប្រមូលព័ត៌មានគ្រឿងញៀនខេត្តយូណាន ដែលជាមជ្ឈមណ្ឌលមួយបម្រើសេវាព័ត៌មានគ្រឿងញៀន សម្រាប់ខេត្តយូណាន និងប្រទេសក្នុងតំបន់ និងបានចុះទៅទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍លើការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តយូណាន និងសាលាបណ្ឌិតសភានគរបាលខេត្តយូណាន និងបានជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនិងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តយូណាន ដើម្បីផ្លាស់ប្តូរព័ត៌មាន ពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន និងជម្រុញកិច្ចសហប្រតិបត្តិការងារសេដ្ឋកិច្ចរវាងកម្ពុជាជាមួយខេត្តយូណាន ពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ខេត្តសម្ព័ន្ធមេត្រីខេត្តយូណាន ចិន និងខេត្តបន្ទាយមានជ័យ កម្ពុជា ដើម្បីគាំទ្រគ្នាទៅវិញទៅមកលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងវប្បធម៌ ៕