កំពង់ឆ្នាំង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហាញមុខជនសង្ស័យប្លន់ចំនួន៥នាក់ រួមជាមួយនឹងវត្ថុតាងជាច្រើនដែលបានបង្ក្រាបក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។
លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយុទ្ធពលខេមរភូមិន មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនិងជំរុញក្នុងការបង្ការ បង្ក្រាប សង្គ្រោះ ការពារសន្តិសុខ សុវត្តិភាព ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក៏ដូចជាមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្តបានបង្ក្រាប ករណីប្លន់ ជាបន្តបន្ទាប់ក្នុងនោះបានបង្ក្រាបជនសង្ស័យចំនួន៥នាក់ រួមជាមួយនឹងវត្ថុតាងជាច្រើន។
លោកបានបញ្ជាក់ថាករណីទី១- កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់បានជនសង្ស័យចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះ ឡាន សៀវ ម៉េង និងម្នាក់ទៀត ឈ្មោះសេង តុលា។ ករណីបង្ក្រាបនេះបានធ្វើឡើងនៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច។ ករណីទី២-នៅថ្ងៃទី១៩ ខែធ្នូ សមត្ថកិច្ចបានបង្ក្រាបជនសង្ស័យម្នាក់ទៀត នៅចំណុចខណ្ឌព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្ដាល ដោយចាប់បានជនសង្ស័យម្នាក់ឈ្មោះ ហេង តុលា។ ករណីទី៣- ថ្ងៃទី១៩ ខែធ្នូ ដដែល សមត្ថកិច្ចបានបង្ក្រាបជនសង្ស័យម្នាក់ទៀតឈ្មោះ យ៉ាវ យ៉ាន អាយុ២០ឆ្នាំ នៅចំណុច ភ្នំរាប ខេត្តកណ្ដាល និងករណីទី៤- កាលពីថ្ងៃទី២១ ខែធ្នូ សមត្ថកិច្ចបានបង្ក្រាបជនសង្ស័យម្នាក់ទៀតឈ្មោះ តែម ចេក នៅភូមិថ្មីខ្មែរឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ជាមុខសញ្ញាទទួលផលចោរកម្ម។
ចំពោះវត្ថុតាងដកហូតបានមានៈ ម៉ូតូចំនួន៤គ្រឿង និងសម្ភារៈជាច្រើនទៀត។
លោកមេបញ្ជាការរងបានបញ្ជាក់ដែរថាជនសង្ស័យទាំង៥ នាក់សុទ្ធតែមានសាធាតុញៀនជាប់ខ្លួន។ លោកមេបញ្ជាការរងកងរាជអាវុធហត្ថក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានបាត់ម៉ូតូ មានភិនភាគដូចខាងលើនេះសូមមកទំនាក់ទំនងនៅទីបញ្ជាការកងរាជអាវុធហត្ថដើម្បីទទួលយកម៉ូតូរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ ក្នុងនោះម៉ូតូ១ គ្រឿងក្នុងចំណោម ៤គ្រឿង ជារបស់លោកស្រី ផាត់ ស្រីល័ក្ខ សមាជិកក្រុមប្រឹក្សា ស្រុកសាមគ្គីមានជ័យផងដែរ៕