សៀមរាប៖ សមត្ថកិច្ចចម្រុះនៃស្រុកប្រាសាទបាគង ដឹកនាំដោយលោកអភិបាលស្រុកស្តីទី បានទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រ ឃុំកំពង់ភ្លុក និងដកហូតនិងកម្ទេចឧបករណ៍នេសាទខុសច្បាប់មួយចំនួនផងដែរ។
លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ដោយលោកបានដឹកនាំកម្លាំងនគរបាលនៃអធិការស្រុកប្រាសាទបាគង សហការជាមួយកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពស្រុកប្រាសាទបាគង ដោយមានការចូលរួមពី មន្ត្រីជលផល នឹង សហគមន៍នេសាទ កម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំរួមដោយលោកនឹម សុវណ្ណ អភិបាលស្រុកស្តីទី នៃ
គណៈអភិបាលស្រុកប្រាសាទបាគង បានល្បាត និងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ដោយខុសច្បាប់ ដើម្បីរួមចំណែកអភិរក្សធនធានជលផល ជូនបងប្អូនប្រជានេសាទ នៅក្នុងដែនទឹកភូមិសាស្ត្រស្រុកប្រាសាទបាគង ចាប់ពីចំនុច កន្ទូរ រហូតដល់ចំណុច វល្លិ៍ប្រេងដែលស្ថិតនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកបន្តថា ជាលទ្ធផល ដកហូតក្បាលបរបានចំនួន៨គ្រឿង របាំង សាច់អួនប្រវែង១៧០០ម៉ែត្រ និងចម្រឹងចំនួន ៩០០ដើម ប្រលែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញបានប្រមាណ ២២គីឡូក្រាម។
លោកបញ្ជាក់ថារួមគ្នាប្រយុទ្ធប្រឆាំង ការប្រើប្រាស់ឧបករណ៍នេសាទ ខុសច្បាប់ដើម្បីធានា ដល់និរន្តរភាព ធនធានជលផល សម្រាប់ទ្រទ្រង់ដល់ជីវភាពប្រចាំថ្ងៃ និង សន្តិសុខស្បៀងនៅកម្ពុជាយើងផងដែរ ៕