សៀមរាប៖ នាវេលាម៉ោង១៥នឹង៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីបានទទួលជនបរទេសម្នាក់ពីអធិការដ្ឋាននគរបាលក្រុងសៀមរាបពាក់ព័ន្ធនឹងករណីលួចស្នាក់នៅខុសច្បាប់(គ្មានលិខិតឆ្លងដែនជាប់ខ្លួន)នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
សមត្ថកិច្ចបានឲ្យដឹងថាជនបរទេសរូបនេះឈ្មោះ ESPELAND BARD GARCIA DE PRESNO ភេទ ប្រុស កើតថ្ងៃទី២៥-០៩-១៩៦៩ ជនជាតិណ័រវេ ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២៩-១១-២០១៩ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្នាក់នៅតាមទីសាធារណៈនានាក្នុងក្រុងសៀមរាប។
ជនបរទេសរូបនេះត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប នាំខ្លួនពីចំណុចវត្តពោធិអារញ្ញសោមនស្ស(ហៅវត្តចក)ក្នុងពេលដែលជនបរទេសរូបនេះកំពុងមានអាក្ការៈរវើរវាយ ដេកនៅលើបង់ក្នុងវត្ត នឹងមានកញ្ឆាគ្រាម០១កញ្ចប់ជាប់នឹងខ្លួន លិខិតឆ្លងដែនមិនដឹងទុកនៅកន្លែងណា។
បច្ចុប្បន្ន ជនបរទេសនេះត្រូវបានចាត់បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធី ៕