សៀមរាប៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប អញ្ជើញជនបរទេសម្នាក់មកសាកសួរនៅការិយាល័យពាក់ព័ន្ធនឹងករណីលួចស្នាក់នៅខុសច្បាប់។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាជនបរទេសរូបនេះឈ្មោះ HARRIS JOHN DAVID ភេទប្រុស កើតថ្ងៃទី ២៧-០៧-១៩៦៣ ជនជាតិអង់គ្លេស មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ចូលមកព្រះរាជាណាចក្រកម្ពុជា លើកចុងក្រោយ កាលពីថ្ងៃទី ២៨-កញ្ញា-២០១៧ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ក្នុងគោលបំណងស្នាក់នៅជាមួយប្រពន្ធជាជនជាតិខ្មែរ(មិនបានរៀបការ)។
តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទទួលផែនអន្តោប្រវេសន៍ បានបញ្ជាក់ថា ទិដ្ឋាការស្នាក់នៅរបស់ជនជាតិអង់គ្លេសនេះ បានផុតសុពលភាពតាំងពីថ្ងៃទី២៨ តុលា ២០១៧ រហូតដល់សព្វថ្ងៃ ហើយគាត់មិនបានបន្តសុពលភាពទិដ្ឋាការស្នាក់នៅដោយសារពុំមានថវិកាគ្រប់គ្រាន់។
បច្ចុប្បន្ន ជនបរទេសនេះត្រូវបានចាត់បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធី ៕