ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​៖​ ភាគី​ចិន​បាន​ឯកភាព​ផ្ដល់​ថវិកា​ចំនួន​ ២.០០០.០០០​ដុល្លារ​ តាម​សំណើ​របស់​ក្រសួង​ ដើម្បី​កសាង​អគារ​វិទ្យាស្ថាន​ បណ្ដុះបណ្ដាល​មួយ​

26-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ពុធ​ ១៤​រោច​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ពុទ្ធសករាជ​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​ទីស្ដីការក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ដំបូង​ដល់​មន្ត្រី​ក្រប​ខណ្ឌ​ថ្មី​ឆ្នាំ​២០១៩​ ចំនួន​១២១​នាក់​ ដោយ​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​នាក់​របស់​ក្រសួង​ផង​ដែរ​។​

​ជា​កិច្ច​ចាប់ផ្ដើម​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ បាន​ជំរុញ​លើកទឹកចិត្ត​ដល់​មន្ត្រី​ដែល​ទើប​ប្រឡង​ជាប់​ក្រប​ខណ្ឌ​ថ្មី​ បង្ហាញ​នូវ​បទ​ពិសោធន៍​ ក៏​ដូច​ជា​គំនិត​ថ្មីៗ​របស់​ខ្លួន​ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​សាធារណការ​ និង​ដឹក​ជញ្ជូន​ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន​ថែម​មួយ​កម្រិត​ទៀត​។​

​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ បាន​ណែនាំ​ឱ្យ​មន្ត្រី​ក្រប​ខណ្ឌ​ថ្មី​ទាំងអស់​ ត្រូវ​ចេះ​សហការ​គ្នា​ល្អ​ មាន​សាមគ្គីភាព​ មិត្តភាព​ រូប​រួម​គ្នា​ក្រោម​ដំបូល​តែ​មួយ​នៃ​មហា​គ្រួសារ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ តាមដាន​ការ​បំពេញការងារ​ និង​រៀបចំ​គោលដៅ​របស់​ខ្លួន​ដើម្បី​ផ្តល់​សេវា​សាធារណៈ​ សេវា​ចាំបាច់​ ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​ តម្លាភាព​ និង​ឆាប់រហ័ស​ ក្នុង​នាម​ជា​អ្នកបម្រើ​រាស្ត្រ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ បាន​ឲ្យ​ដឹងផង​ដែរ​ថា​៖​ ភាគី​ចិន​បាន​ឯកភាព​ផ្ដល់​ថវិកា​ចំនួន​ ២.០០០.០០០​ដុល្លារ​សហរដ្ឋអាមេរិក​តាម​សំណើ​របស់​ក្រសួង​ ដើម្បី​កសាង​អគារ​វិទ្យាស្ថាន​ បណ្ដុះ​ បណ្ដាល​មួយ​ ដែល​មាន​ទីតាំង​ឋិត​នៅ​ទីស្ដីការក្រសួង​ថ្មី​ដែល​កំពុង​ដំណើរការ​រ​សាងសង់​ ដែល​គ្រោង​បើក​ ការដ្ឋាន​សាងសង់​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដើម្បី​ជួយ​បណ្ដុះបណ្ដាល​ឲ្យ​មន្ត្រី​របស់​ក្រសួង​មាន​សមត្ថភាព​ បំពេញការងារ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

​ជាទី​បញ្ចប់​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ និង​អបអរសាទរ​ ចំពោះ​មន្ត្រី​ដែល​ទើប​ ប្រឡង​ជាប់​ក្រប​ខណ្ឌ​ថ្មី​ឆ្នាំ​២០១៩​ ហើយ​ក្នុង​ឱកាស​ចូល​ឆ្នាំ​សកល​ខាង​មុខ​នេះ​ សូម​ប្រកប​តែ​សេចក្តីសុខ​ សេចក្តីចម្រើន​៕​

 

ចំនួនអ្នកទស្សនា

    20535637

  • ថ្ងៃនេះ12461
  • ម្សិលមិញ15681
  • សប្តាហ៍នេះ71301
  • ខែនេះ93181
  • ឆ្នាំនេះ93181
  • សរុប20535637