សម្តេច​តេ​ជោ​ កោតសរសើរ​ និង​អបអរ​សារ​ដល់​និស្សិត​ជ័យ​លា​ភី​ទាំងអស់​ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​មាតាបិតា​ និង​អាណាព្យាបាល​ ដែល​បាន​ផ្តល់​ឱកាស​អោយ​កូនចៅ​បាន​សិក្សា​រៀនសូត្រ​រហូត​បញ្ចប់​ទទួល​បាន​ជោគជ័យ​

26-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១​កើត​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ (RULE)​ ដែល​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

​តាម​របាយការណ៍​របស់​ ឯកឧត្តម​ ហង់​ជូន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា​បានអោយ​ដឹង​ថា​ និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃនេះ​ មាន​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​សរុប​ចំនួន​ ២,៧៩០​នាក់​ ក្នុង​នោះ​នារី​ ១,៣៨០​នាក់​។​ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ គឺជា​គ្រឹះស្ថាន​អប់រំ​ថ្នាក់ឧត្តម​សិក្សា​មួយ​របស់​រដ្ឋ​ ដែល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ច្បាប់​ សេដ្ឋកិច្ច​ និង​ផ្នែក​ផ្សេងៗ​ទៀត​ ដើម្បី​បម្រើ​ឱ្យ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​នៅ​កម្ពុជា​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ដែល​បាន​អញ្ជើញ​មក​ប្រគល់​សញ្ញាបត្រ​ដល់​ក្មួយៗ​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ​ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​នៅ​ថ្ងៃនេះ​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​កោតសរសើរ​ និង​អបអរ​សារ​ដល់​និស្សិត​ជ័យ​លា​ភី​ទាំងអស់​ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​មាតាបិតា​ និង​អាណាព្យាបាល​ ដែល​បាន​ផ្តល់​ឱកាស​អោយ​កូនចៅ​បាន​សិក្សា​រៀនសូត្រ​រហូត​បញ្ចប់​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃនេះ​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​កោតសរសើរ​ចំពោះ​កា​រវិ​វ​ឌ្ឍ​រីក​ចម្រើន​នៃ​សាកលវិទ្យាល័យ​នេះ​ ចាប់តាំងពី​មាន​និស្សិត​រៀន​តិចតួច​ តែ​ពេល​នេះ​សាកលវិទ្យាល័យ​បាន​បណ្តុះបណ្តាល​និស្សិត​យើង​រាប់​ម៉ឺន​នាក់​។​ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ផ្តល់​ឱកាស​ទាំង​វិស័យ​រដ្ឋ​ និង​ឯកជន​បាន​ចូលរួម​ក្នុង​វិស័យ​អប់រំ​ ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​។​ ជាមួយ​គ្នា​នោះ​ សាកលវិទ្យាល័យ​របស់​រដ្ឋ​នោះ​ គឺ​មួយ​ផ្នែក​រៀន​ដោយ​ទទួល​បាន​អាហារូបករណ៍​ដែល​ផ្តល់​ដោយ​រដ្ឋ​ និង​មួយ​ផ្នែក​ទៀត​រៀន​ដោយ​បង់ថ្លៃ​ ដើម្បី​រួមចំណែក​ជំរុញ​វិស័យ​នេះ​អោយ​រីក​ចម្រើន​ជា​បន្តបន្ទាប់​។​

​នៅ​ថ្ងៃនេះ​ ទាក់ទង​ទៅ​នឹង​ការ​ផ្អើល​ផុស​រឿង​អាជ្ញាធរ​ខេត្តបាត់ដំបង​ចង់វាយ​ស្ពាន​បុរាណ​មួយ​ដែល​មាន​អាយុកាល​ប្រមាណ​ជាង​១០០​ឆ្នាំ​នោះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថាស​ម្ប​តិ្ត​អ្វី​ដែល​មាន​អាយុ​កាលដែល​បន្សល់​ទុក​លើស​ពី​៥០​ឆ្នាំ​ គឺ​ត្រូវ​តែ​រក្សា​ទុក​ មិន​ត្រូវ​បំបាត់​ចោល​នោះ​ទេ​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ ដើម្បី​បំពេញតម្រូវការ​ដែល​ខ្វះខាត​ យើង​ត្រូវ​ជំនួស​មក​វិញ​នូវ​ស្ពាន​ថ្មី​បន្ថែម​ទៀត​ដោយ​មិនមែន​វាយ​របស់​ចាស់​ចោល​នោះ​ទេ​។​

​ទាក់ទង​ទៅ​នឹង​ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​បានអោយ​ដឹង​ថា​ យើង​ទួល​បាន​ផល​ស្រូវ​ប្រមាណ​ជាង​២​លាន​តោន​ លើ​ផ្ទៃដី​ ២​លាន​៧​សែន​ហិច​តា​ ហើយ​ក្នុង​នោះ​ស្រូវ​វស្សា​មិនសូវ​ខ្វះ​ទឹក​ប៉ុន្មាន​នោះ​ទេ​ តែ​សម្រាប់​ស្រូវ​រដូវប្រាំង​វិញ​គឺ​មានការ​ខ្វះខាត​ទឹក​។​ ទន្ទឹម​នឹង​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ នៅ​តែ​បន្ត​ការ​អំពាវនាវ​អោយ​បងប្អូន​ប្រជា​កសិករ​ធ្វើស្រែ​តែ​១​ដង​បាន​ហើយ​ ដើម្បី​សន្សំ​សំចៃ​ទឹក​ទុក​។​ ជាមួយ​គ្នា​នេះ​ផង​ដែរ​ សម្តេច​តេ​ជោ​ក៏​បន្ត​ជំរុញ​អោយ​ប្រជា​កសិករ​នាំ​គ្នា​ដាំ​ដំណាំ​រួម​ផ្សំ​ផ្សេៗ​ ជំនួស​វិញ​ ដូច​ជា​ដំណាំ​អំពៅ​ជាដើម​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ កន្លង​ទៅ​នេះ​ ទោះបីជា​យើង​មិន​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​ការ​នាំ​អង្ករ​១​លាន​តោន​ក៏​ដោយ​ ក៏​ប៉ុន្តែ​យើង​បាន​សល់​ស្រូវ​ និង​បាន​លក់​ទៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ផង​ដែរ​។​ សម្តេច​តេ​ជោ​បន្ត​ថា​ ការ​មិន​សម្រេច​ទៅ​តាម​គោលដៅ​នោះ​ មក​ពី​យើង​«​មាន​មាស​ហើយ​ខ្វះ​ក្រដាស​ខ្ចប់​»​ ដូច​ជា​យើង​នៅ​មានការ​ខ្វះ​រោង​ម៉ាស៊ីនកិនស្រូវ​ ខ្វះ​ឡ​ស​ម្ងួ​ត​ស្រូវ​ និង​ខ្វះ​បច្ចេកទេស​កែ​ច្នៃ​ផ្សេងៗ​ជាដើម​។​ ដូច្នេះ​ហើយ​ទើប​កម្ពុជា​យើង​កំពុង​ខិតខំ​ទាក់ទាញ​ការ​វិនិយោគ​ថ្មីៗ​បន្ថែម​ទៀត​ពី​បរទេស​លើ​វិស័យ​នេះ​ ជា​ពិសេស​លើ​ការ​កែ​ច្នៃ​វត្ថុធាតុដើម​ ពី​ផលិតផល​កសិកម្ម​ និង​ការ​កែ​ច្នៃ​ផលិតផល​ផ្សេងៗ​ទៀត​អោយទៅ​ជា​ផលិតផល​សម្រេច​ ព្រមទាំង​ជំរុញ​ការ​វិនិយោគ​លើ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាដើម​។​

​មុន​នឹង​បញ្ចប់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​កោតសរសើរ​ដល់​ការ​រីក​លូតលាស់​នៃ​សាកលវិទ្យាល័យ​ និង​លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​បណ្តុះបណ្តាល​ធនធានមនុស្ស​ ព្រមទាំង​ជូនពរ​ដល់​និស្សិត​ជ័យ​លា​ភី​ដែល​បាន​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃនេះ​ទាំងអស់​ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​ និង​មានការ​ងារ​ល្អជា​បន្តបន្ទាប់​ទៀត​។​ បន្ទាប់​មក​ សម្ដេច​តេ​ជោ​ បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​តំណាង​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ នៅ​ក្នុង​បរិយាកាស​ ស្និទ្ធស្នាល​ និង​ សប្បាយ​រីករាយ​បំផុត​៕​

 

ចំនួនអ្នកទស្សនា

    20538127

  • ថ្ងៃនេះ14951
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73791
  • ខែនេះ95671
  • ឆ្នាំនេះ95671
  • សរុប20538127