កំពង់ឆ្នាំង៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ក្នុងពិធីចែកអំណោយអ្នកផ្ទុកមេរោគអេដស៍ចំនួន១១០នាក់ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តបានថ្លែងថា ការផ្តល់អំណោយមនុស្សធម៌នៅថ្ងៃនេះគឺដើម្បីរំលឹកដាស់អារម្មណ៍ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យប្រុងប្រយ័ត្នការពារជំងឺអេដស៍កុំឱ្យកើតមានដល់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួន។ ក្នុងនោះដែរអ្នកផ្ទុកមេរោគអេដស៍សូមកុំមានការខ្មាសអៀនហើយត្រូវមកទទួលសេវាព្យាបាល ដើម្បីពន្យារជីវិតនិងសូមកុំឲ្យចម្លង ជំងឺអេដស៍ដល់កូនចៅនិងអ្នកដទៃទៀត ដោយឡែកចំពោះអ្នកដែលមិនទាន់កើតមេរោគអេដស៍សូមស្មោះត្រង់នឹងប្ដីមួយប្រពន្ធមួយនឹងត្រូវចេះការពារខ្លួន ដោយប្រើស្រោមអនាម័យពេលរួមភេទជាមួយដៃគូផ្សេងទៀត។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងបែបនេះ នៅក្នុង ទិវាប្រយុទ្ធប្រឆាំងជំងឺអេដស៍១ធ្នូ នៅសាលាស្រុកបរិបូណ៌ដោយមានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកបរិបូណ៌ និងនៅក្នុងខេត្តកំពង់ឆ្នាំង និងមានការចែកអំណោយ របស់សាខាកាកបាទក្រហមខេត្តដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន១១០នាក់ផងដែរ។
លោក ប្រាក់ សោភ័ណ្ឌ ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាអ្នកផ្ទុកមេរោគអេដស៍នៅក្នុងខេត្តកំពង់ឆ្នាំងសរុបមានចំនួន៨៨៤នាក់ ដែលកំពុងទទួលសេវាព្យាបាលជំងឺអេដស៍ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដោយឡែកទិវាប្រយុទ្ធប្រឆាំងជំងឺអេដស៍នេះគឺសាខាកាកបាទក្រហមខេត្តបានប្រារព្ធធ្វើម្តងរួចមកហើយនៅក្នុងស្រុកសាមគ្គីមានជ័យដោយឡែកថ្ងៃនេះ យើងបានធ្វើនៅស្រុកបរិបូណ៌ នេះទៀតដោយបានអញ្ជើញអ្នកផ្ទុកមេរោគអេដស៍ចំនួន១១០នាក់ មកចូលរួមនិងចែកអំណោយរបស់សាខាកាកបាទក្រហមខេត្តផងដែរដល់ពួកគាត់ ដើម្បីជួយសម្រួលដល់ការខ្វះខាតដែលក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូ មី១កេស ត្រីខ១យួរ មួយកញ្ចប់មានមុង១ភួយ១ ក្រមា ១ សារុង១ អាវយឺតមួយនិងទឹកត្រី១យួរ និងថវិកាចំនួន២ម៉ឺនរៀលផងដែរ ៕