កំពង់ចាម៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិដៅអនុវត្តឆ្នាំ២០២០ និងពិធីប្រកាសទទួលស្គាល់ ការកែរសម្រួល និងបំពេញបន្ថែមសមាសភាពថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងគណៈចលនាស្ត្រី នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃច័ន្ទ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៩។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត អភិបាលនៃគណៈអភិបាលខេត្ដ ក្រុមការងារ និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់និងជួយឧបត្ថម្ភ គាំទ្រ ដល់សកម្មភាពរបស់សមាគមនារីនិងក្រុមចលនាស្ត្រីកន្លងមក។
នៅក្នុងពិធីប្រកាសកែរសម្រួលនោះ លោកជំទាវ ញូង ចរិយា ក៏ត្រូវបានតែងតាំងជាប្រធានកិត្តិយស សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងលោកជំទាវ ប៉ាង ដានី ត្រូវបានតែងតាំងជាប្រធានគណៈចលនាស្ត្រីខេត្តកំពង់ចាម រួមជាមួយសមាជិការមួយចំនួនទៀត ក៏បានបំពេញបន្ថែមនៅក្នុងរចនាសម្ព័ន្ធផងដែរ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើរឲ្យលោកជំទាវនិងថ្នាក់ដឹកនាំដែលបានតែងតាំងក្នុងថ្ងៃនេះត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដោយផ្តោតជាសំខាន់លើការងារកសិកម្ម សុខាភិបាល អប់រំ និងវិស័យផ្សេងៗទៀតដែលជាវិស័យអាទិភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ខេត្តកំពង់ចាម ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ៕