សៀមរាប៖ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលជនបរទេសម្នាក់ ពីនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពាក់ព័ន្ធនឹងករណី ឆបោក (ប្រាក់ចំនួន ១៨១០៩$) ប្រព្រឹត្តិកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅចំនុចផ្ទះជួលភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
មន្ត្រីនគរបាលខេត្តសៀមរាប បានឲ្យដឹងថាជនបរទេសរូបនេះឈ្មោះ SISON MANUEL GARCIA ភេទប្រុស កើតថ្ងៃទី២៤-១២-១៩៤៦ ជនជាតិ ហ្វីលីពីន មុខរបរគ្មាន ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមការសាកសួររបស់សមត្ថកិច្ច ជនបរទេសរូបនេះបានសារភាពថា ខ្លួននឹងបក្ខពួកចំនួន ០៣នាក់ផ្សេងទៀត ពិតជាបានធ្វើសកម្មភាពលួងលោមភ្ញៀវទេសចរណ៍បរទេសឲ្យលេងល្បែងប្រភេទ POCKER២១ ហើយប្រើល្បិចគៀបស៊ីលុយប្រាកដមែន។ ពួកគេតែងតែធ្វើសកម្មភាព នៅរាជធានីភ្នំពេញ-ខេត្តសៀមរាប-ប្រទេសវៀតណាម និងទីក្រុងបាងកក ប្រទេសថៃ សរុបចំនួនប្រហែល ៤៩លើកមកហើយ។
បច្ចុប្បន្ន ជនបរទេសរូបនេះត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕