ប៉ៃលិន៖ មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ឃាត់ខ្លួន។ ប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីវេលាម៉ោង១៩នឹង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ស៊ិន សុភាលក្ម្សី ស្នងការស្ដីទី នៅចំណុចជិតស្ពានអូរតាប្រាង ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន។
ក្រោយពីធ្វើការចុះបង្ក្រាបកម្លាំងជំនាញក៏បានរាយការណ៍ជូនលោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ដើម្បីសុំយោបល់របស់លោក តូច សុភក្តី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ឆែកឆេរទីតាំងខាងលើ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។
ជនសង្ស័យទី១-ឈ្មោះ ឈុន ម៉ៅ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ជាអ្នករក្សាទុកសារធាតុញៀន) ទី២-ឈ្មោះ យី ម៉ាប់ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ ធ្វើចំការ រស់នៅភូមិខ្លុង សង្កាត់/ក្រុង/ខេត្តប៉ៃលិន (ម្ចាស់ផ្ទះ)។
វត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លា (ម៉ាទឹកកកICE) ចំនួន២៥កញ្ចប់, ០២កញ្ចប់ធំ និង២៣កញ្ចប់តូច), ជញ្ជីងសម្រាប់ថ្លឹងសារធាតុញៀន០១គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញនាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធី ៕