កោះកុង៖ ជនសង្ស័យជាប្តី ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនភ្លាមៗបន្ទាប់ពីកាប់ប្រពន្ធ និងកូនស្រីបណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍ហិង្សាក្នុងគ្រួសារខាងលើបានកើតឡើងកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ នាវេលាម៉ោង ៣នឹង៣០នាទីទាបភ្លឺនារាត្រីឆ្លងឆ្នាំ នៅចំណុចខារ៉ាអូខេ សពយុទ្ធជន ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
មន្ត្រីនគរបាលខេត្តកោះកុង បានឲ្យដឹងថាជនសង្ស័យ ឈ្មោះ អៀង ប៊ុនយឿន (ហៅតុលា) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បានយកកាំបិតប៉័ងតោ កាប់ប្រពន្ធឈ្មោះ ថូ សុខណា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកខារ៉ាអូខេ បណ្តាលឲ្យរងរបួសធ្ងន់ និងកូនឈ្មោះ ទុំ សោភា ភេទស្រី អាយុ១១ឆ្នាំ មុខរបរសិស្ស រងរបួសធ្ងន់ ត្រូវបាន សង្គ្រោះមកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ចំណែកឯជន សង្ស័យវិញបានជិះម៉ូតូរត់គេចខ្លួនក្រោយធ្វើសកម្មភាពរួច តែជាអកុសលក៏ត្រូវសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាន នគរបាល ក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកកោះកុង ឃាត់ខ្លួននៅចំណុចផ្លូវលេខ ៤៨ ប៉ុស្តិ៍តាតៃក្រោម។
តាមការសួរចម្លើយបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះជាប្រពន្ធបានឲ្យប្តីចាក់បទចម្រៀង (អ្នកម្តាយកំសត់) ដើម្បីច្រៀងលេងហើយLive តាមទូរស័ព្ទតែជនសង្ស័យជាប្តីមិនព្រមអោយចាក់បទនោះទេដោយសារតែម្តាយទើបតែស្លាប់ នាំឲ្យពិបាកចិត្ត ហើយយំតែប្រពន្ធនៅតែចាក់ ទើបធ្វើ ឲ្យមានការឈ្លោះ ប្រកែកគ្នារហូតដល់ប្រើអំពើហិង្សា។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ក្រុងខេមរភូមិន្ទ ដើម្បីបំពេញសំណុំរឿងចាត់ការតាមនីតិវិធី ច្បាប់ ៕