មនុស្សបាន១៧នាក់ ក្នុងនោះស្លាប់២នាក់ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះចេញពីក្រោមគំនរបាក់ស្រុតអគារកម្ពស់៧ជាន់នៅខេត្តកែប

03-January-2020 | ដោយ ពលមនសិការ

កែប៖ ប្រភពពីសមត្ថកិច្ចនគរបាលខេត្តកែបបានឲ្យដឹងថា រហូតដល់ម៉ោងជាង៧យប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានសហការគ្នាជួយសង្គ្រោះបានមនុស្ស ចំនួន១៧នាក់ ក្នុងនោះជនរងគ្រោះ២នាក់បានស្លាប់ នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។

សេចក្តីរាយការណ៍ដែលបានដឹងថាមកដល់ពេលនេះអាជ្ញាធរខេត្តកែបរួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទកំពុងរិះរកគ្រប់មធ្យោបាយដើម្បីពន្លឿនការជួយសង្គ្រោះក្រុមកម្មករ។

ប្រភពដដែលបញ្ជាក់ថា អគារកម្ពស់៧ជាន់នោះ បានសុំច្បាប់សាងសង់កម្ពស់៥ជាន់ បច្ចុប្បន្នសាងសង់រហូតដល់៧ជាន់ បណ្តាលឲ្យបាក់សង្កត់កម្មករជាច្រើននាក់។

សូមជម្រាបថា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានករណីបាក់ស្រុតអគារ កម្ពស់ជាន់ស្រុតចុះមកក្រោម សង្កត់មនុស្សជាប់នៅខាងក្នុង ប្រហែល៣០នាក់ នៅខាងក្នុង មានទាំងស្ត្រីមានផ្ទៃពោះទៀត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅជិតវត្តសមាធិ ក្រុងកែប ខេត្តកែប។

ជាមួយគ្នានោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងមុននេះបន្តិចថា សម្តេចនឹងចេញទៅខេត្តកែបនៅពេលបន្តិចទៀតនេះដើម្បីចូលរួមដឹកនាំការរុករកសង្រ្គោះកម្មករដែលកំពុងជាប់នៅក្រោមអាគារដែលដួលរលំ។

ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី គឺធ្វើឡើងបន្ទាប់ពីមានហេតុការណ៍បាក់ស្រុតអគារកម្ពស់៧ជាន់ បណ្តាលឲ្យកម្មករប្រហែល៣០នាក់ ជាប់នៅក្រោមគំនរបាក់បែក ៕

 

 

ចំនួនអ្នកទស្សនា

    20537707

  • ថ្ងៃនេះ14531
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73371
  • ខែនេះ95251
  • ឆ្នាំនេះ95251
  • សរុប20537707