ភ្នំពេញ៖ អតីតមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) តួនាទីនាយរងការិយាល័យ ឋានរន្តស័ក្តិវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ឈ្មោះ ផន រតនៈ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន និងប្លន់ប្រាក់ប្រជាពលរដ្ឋ។
ជនសង្ស័យមានឈ្មោះ ផន រតនៈ ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ុំ រិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកផន រតនៈ មន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ នៅការិយាល័យ (ក៥) និងបក្ខពួក ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនពាក់ព័ន្ធករណីប្លន់យកលុយពីកសិករចិញ្ចឹមមាន់ អស់៣២០០ដុល្លារនិងលុយខ្មែរ២៤ម៉ឺនរៀល។
ការឃាត់ខ្លួនលោក ផន រតនៈ និងបក្ខពួក បានធ្វើឡើងកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ក្រោយពីមានពាក្យបណ្ដឹងរបស់ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ម្នាក់ ម្យ៉ាងទៀតក្រោយពីប្ដឹងមានបែកធ្លាយលោក ផន រតនៈ ជក់គ្រឿងញៀនហុយទ្រលោម។
ដោយមានការបែកធ្លាយមន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀនជក់គ្រឿងញៀនបែបនេះ ធ្វើឲ្យពលរដ្ឋហាក់អស់ជំនឿលើសមត្ថកិច្ចប្រឆាំងគ្រឿងញៀនទាំងនោះតែម្ដង បើអ្នកបង្ក្រាបគ្រឿងញៀនជក់គ្រឿងញៀនដែរតើឲ្យពលរដ្ឋសង្ឃឹមអីទៀត។
ជាក់ស្ដែងក្រោយពីមានការចាប់ខ្លួនលោក ផន រតនៈ ពីបទប្លន់និងបែកធ្លាយវីដេអូឃ្លីបជក់គ្រឿងញៀននោះមក ទើបបែកធ្លាយនូវឯកសារពាក្យបញ្ដឹងរបស់ជនរងគ្រោះម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មកថា កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ខណៈជនរងគ្រោះកំពុងដេកលេងលើគ្រែមុខផ្ទះស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែឮសំឡេងជនសង្ស័យឈ្មោះ ផន រតនៈ ជិះម៉ូតូណៃហតឌុបនារីម្នាក់មកឈប់មុខផ្ទះរបស់ជនរងគ្រោះ ហើយពេលនោះជនរងគ្រោះបានស្ទុះចេញទៅមើលថាតើអ្នកណាមករកអី នៅពេលទៅដល់មិនទាន់បាននិយាយគ្នាស្រួលបួលផងមានរថយន្ដមួយគ្រឿងទៀតជិះគ្នា៣នាក់មកដល់ឈប់នៅជាមួយគ្នានោះដែរ ដែលពួកគេសុទ្ធសឹងជាមន្ដ្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន (ក៥) ជាមួយគ្នា។
ប្រភពបន្ដថា គ្រាន់តែបក្ខពួកកូនចៅគេមកដល់ភ្លាម ផន រតនៈ បានស្រែកថាចាប់វាៗរួចដកអាវុធខ្លី១ដើមមិនចាំម៉ាកបាញ់ឡើងលើ១គ្រាប់ជាការគម្រាមផងដែរ រួចបក្ខពួកគេបានចូលទៅចាប់ក្រៀក ហើយឈ្មោះផន រតនៈ បានលូកហោប៉ៅខោរបស់ជនរងគ្រោះយកលុយអស់ចំនួន៣២០០ដុល្លារ និងលុយខ្មែរ២៤ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកសាំស៊ុង១គ្រឿង។ ខណៈពេលកំពុងប្រទុស្សរាយគ្នានោះមានអ្នកឆក់ត្រីម្នាក់បានឃើញដែរទើបជនរងគ្រោះពឹងពាក់ឲ្យជួយដឹងលឺផងប្រសិនបើគាត់ត្រូវការសាក្សី។
ក្រោយពីមានការយល់ព្រមទើបនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍សំរោងក្រោមដោយនាំយកសំបកគ្រាប់ កាំភ្លើង១គ្រាប់ដែល ផ ន រតនៈ បានបាញ់ឡើងលើនោះទៅធ្វើជាភស្ដុតាងផងដែរ ៕