កីឡាករ​ហុងកុង​គ្រង​ជើងឯក​ ក្នុង​ថ្ងៃ​ទី​២​នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​ឡើង​ភ្នំ​បូកគោ​ ខណៈ​សិង្ហ​បុរី​លេខ​២​ ម៉ា​ឡេ​ស៊ី​លេខ​៣

06-January-2020 | ដោយ ពលមនសិការ

​កំពត​៖​ ថ្ងៃ​ទី​២​នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​ នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី​១​ បាន​បញ្ចប់​ដោយ​ជោគជ័យ​ហើយ​ ក្រោយ​ចេញដំណើរ​ពី​រង្វង់​មូល​ព្រឹទ្ធាចារ្យ​ សាយ​ ភូ​ថង​ ខេត្តកោះកុង​ កាត់​តំបន់​ស្រែអំបិល​ និង​វាល​រេញ​ ខេត្ត​ព្រះ​សីហ​នុ​ មក​បញ្ចប់​នៅ​កំពូលភ្នំ​បូកគោ​ ខេត្តកំពត​ នា​ល្ងាច​ថ្ងៃ​ទី​០៥​ ខែមករា​នេះ​ ខណៈ​លទ្ធផល​ជយលាភី​មានការ​ផ្លាស់​ប្ដូរ​ទាំងស្រុង​ បើ​ធៀប​នឹង​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​១​ កាលពី​ម្សិលមិញ​ ដោយ​ថ្ងៃនេះ​កីឡាករ​ហុងកុង​ជា​អ្នក​គ្រង​ជើងឯក​វិញ​ម្ដង​។​

​សម្រាប់​ពិធី​បិទ​ការ​ប្រកួត​ថ្ងៃ​ទី​២​នេះ​ដែរ​ បាន​ធ្វើ​ឡើង​នៅ​មុខ​សណ្ឋាគារ​ឡឺ​បូកគោ​ផា​លេស​ (​កំពូលភ្នំ​បូកគោ​)​ ក្រោម​អធិបតីភាព​ឯកឧត្តម​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ (NOCC)​ ឯកឧត្តម​ ជាវ​ តា​យ​ អភិបាល​ខេត្តកំពត​ និង​លោក​ Bruno​ BODARD​ អគ្គនាយក​ក្លឹ​ប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក​។​

​ចំពោះ​លទ្ធផល​ក្នុង​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​លើ​ចម្ងាយ​ផ្លូវ​សរុប​ ១៧២.៨​គីឡូម៉ែត្រ​នេះ​ មាន​តទៅ​៖
*​ ចំណាត់ថ្នាក់​លេខ​១​ បាន​ទៅ​លើ​កីឡាករ​ហុងកុង​ Choy​ Hiu​ Fung​ មក​ពី​ក្លឹ​ប​ HKSI​ Pro​ Cycling​ Team​ ប្រើ​ថេរវេលា​ ៤​ម៉ោង​ ៤០​នាទី​ និង​ ១៨​វិនាទី​។​
*​ ចំណាត់ថ្នាក់​លេខ​២​ បាន​ទៅ​លើ​កីឡាករ​សិង្ហ​បុរី​ Cahyadi​ Aimam​ មក​ពី​ក្លឹ​ប​ PGN​ Road​ Cycling​ Team​ ប្រើ​ថេរវេលា​ ៤​ម៉ោង​ ៤២​នាទី​ និង​ ៣១​វិនាទី​។​
*​ ចំណាត់ថ្នាក់​លេខ​៣​ បាន​ទៅ​លើ​កីឡាករ​ម៉ា​ឡេ​ស៊ី​ Zulkiflie​ Nik​ Mohd​ Azwan​ មក​ពី​ក្លឹ​ប​ KELAN​ Tan​ Cycling​ Team​ ប្រើ​ថេរវេលា​ ៤​ម៉ោង​ ៤២​នាទី​ និង​ ៣៤​វិនាទី​។​

​ជាមួយ​ការ​ប្រកួត​ថ្ងៃ​ទី​២​នេះ​ដែរ​ ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បន្ដ​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការ​ប្រកួតប្រជែង​របស់​កីឡាករ​ និង​គណៈកម្មការ​រៀបចំ​ រួម​ទាំង​កិច្ចសហការ​យ៉ាង​ល្អ​របស់​អាជ្ញាធរ​ សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ ដែល​បាន​ចូលរួម​អបអរសាទរ​ និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​តាំងពី​រង្វង់​មូល​ សាយ​ ភូ​ថង​ រហូត​ដល់​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​។​ អ្វី​ដែល​ពិសេស​កីឡាករ​កម្ពុជា​ក៏​ត្រូវ​បាន​គណៈកម្មការ​ UCI​ កោតសរសើរ​ផង​ដែរ​ ដែល​បាន​ជិះ​មក​ដល់​គោលដៅ​ជាមួយ​លទ្ធផល​មួយ​ល្អ​ប្រសើរ​ទៀត​ផង​។​

​គួរ​បញ្ជាក់​ថា​ ថ្ងៃ​ទី​៣​នៃ​ព្រឹត្តិការណ៍​នេះ​នឹង​បន្ដ​ការ​ប្រកួត​នា​ថ្ងៃ​ទី​០៦​ ខែមករា​ស្អែក​ ដោយ​ចាប់ផ្ដើម​ចេញដំណើរ​ពី​ក្លោ​ង​ទ្វារ​ចូល​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​ បូកគោ​ ឆ្ពោះទៅ​ទីរួមខេត្ត​កែប​ តែ​ត្រូវ​ជិះ​ជុំវិញ​សាលាខេត្ត​ចំនួន​ ៥​ជុំ​ ដែល​មាន​ចម្ងាយ​សរុប​ប្រមាណ​ ១៤៣.៥​គីឡូម៉ែត្រ​៕​

 

ចំនួនអ្នកទស្សនា

    20532587

  • ថ្ងៃនេះ9411
  • ម្សិលមិញ15681
  • សប្តាហ៍នេះ68251
  • ខែនេះ90131
  • ឆ្នាំនេះ90131
  • សរុប20532587