ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញដឹកនាំកម្លាំងនគរបាលរាជធានីភ្នំពេញជាង៧០០នាក់ គោរពវិញ្ញាណក្ខន្ធជនរងគ្រោះស្លាប់ដួលរលំអគារ៧ជាន់ នៅខេត្តកែប ជាមួយនិងការដាក់បទបញ្ជាកម្លាំងនគរបាលក្រោមឱវាទឱ្យមានការប្រមូលផ្តុំកម្លាំងជាប្រចាំដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីកើតឡើងនូវឧបទ្ទវហេតុណាមួយនោះ។ ការគោរពវិញ្ញាណក្ខន្ធធ្វើឡើងនៅក្នុងពិធីគោរពទង់ជាតិរបស់កម្លាំងនគរបាលរាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទទី០៦ ខែមករា ឆ្នាំ២០២០។
សូមបញ្ជាក់ថារបាយការណ៍បានបង្ហាញឱ្យដឹងថាប្រតិបត្តិការនៃការរុករកជនរងគ្រោះពីគំនររលំបាក់បែកអគារ៧ជាន់នៅខេត្តកែបត្រូវបានបញ្ចប់នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយសម្តេចតេជោ សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងនោះបានរកឃើញមានជនរងគ្រោះស្លាប់ចំនួន៣៦នាក់និងអ្នករងរបួស២៣នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងសំដែងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពកម្មករសំណង់ដែលរងគ្រោះបាក់រលំអគារ៧ជាន់នៅខេត្តកែប និងបានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញត្រូវប្រមូលផ្តុំកម្លាំងប្រចាំការជាប្រចាំដើម្បីត្រៀមចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ។កម្លាំងសមត្ថកិច្ចជាកម្លាំងស្នូលដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋបើសិនគ្មានការប្រមូលផ្តុំកម្លាំងឱ្យបានគ្រប់គ្រាន់នោះទេក្នុងករណីហេតុការណ៍ណាមួយកើតឡើងគឺមិនអាចជួយសង្គ្រោះទាន់ពេលវេលានោះឡើយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានមានប្រសាសន៍ជម្រុញឱ្យកម្លាំងនគរបាលក្រោមឱវាទត្រូវបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជាពិសេសការងារចុះល្បាតតាមគោលដៅនិងការពង្រឹងសន្តិសុខ ដើម្បីការពារ សន្តិសុខឱ្យបានរឹងមាំ នាំមកនូវ ស្ថិរភាព សុវត្ថិភាព ជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ៕