លោក​ចៅក្រម​ ប៊ុ​ន​ ធី​ ប្តូរ​បទ​ចោទ​លើ​លោក​ប៉ូ​លី​ស​ ហេង​ សុ​វ​ណ្ណា​រ៉ា​ ពី​ប៉ុនប៉ង​ឃាតកម្ម​ ទៅ​ជា​ធ្វើ​ឲ្យ​ខូចខាត​ និង​ប្រើ​អាវុធ​ខុសច្បាប់​ ករណី​យក​កាំភ្លើង​ AK​ បាញ់​រះ​ផ្ទះ​ពលរដ្ឋ​ជាង​១០​គ្រាប់​នៅ​ខណ្ឌ​សែន​សុខ​

08-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ទីបំផុត​សំណុំរឿង​របស់​ជន​ត្រូវ​ចោទ​ ឈ្មោះ​ ហេង​ សុ​វ​ណ្ណា​រ៉ា​ ជា​នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ (​ក​៤)​ ក្រសួងមហាផ្ទៃ​ ដែល​បាន​ប្រើប្រាស់​កាំភ្លើង​ AK​ បាញ់​រះ​ផ្ទះ​ពលរដ្ឋ​ ប៉ុនប៉ង​សម្លាប់​ម្ចាស់​ព្រោះ​រឿង​គំនុំ​ នៅ​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ត្រូវ​បាន​តុលាការ​បិទ​ការ​ស៊ើបសួរ​ និង​បញ្ជូន​ទៅ​ជំនុំជម្រះ​ហើយ​។​

​ប៉ុន្តែ​អ្វី​ដែល​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ និង​មហាជន​ទូទៅ​ រួម​ទាំង​អ្នក​ច្បាប់​ផង​ បង្ហាញ​អំពី​ការ​ខកចិត្ត​ និង​ហាក់​បាត់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នោះ​គឺ​នៅ​ត្រង់​ថា​ លោក​ ប៊ុ​ន​ ធី​ ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ប្តូរ​បទចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ​ ហេង​ សុ​វ​ណ្ណា​រ៉ា​ ពី​បទ​ ប៉ុនប៉ង​ឃាតកម្ម​ ដែល​ជា​បទល្មើស​ឧក្រិដ្ឋ​ដែល​អាច​ប្រឈម​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ពី​ ១០​ឆ្នាំ​ ទៅ​១៥​ឆ្នាំ​ នោះ​ទៅ​ជា​បទ​ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ប្រើ​វិធី​គ្រោះថ្នាក់​ដល់​បុគ្គល​ និង​បទ​ កាន់កាប់​ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដែល​សុទ្ធ​សឹង​ជា​បទល្មើស​មជ្ឈិម​ ដែល​អាច​ប្រឈម​ការ​ផ្តន្ទាទោស​ត្រឹមតែ​រយៈពេល​ពី​ចន្លោះ​ ៦​ខែ​ ទៅ​៥​ឆ្នាំ​។​ នេះ​បើ​យោង​តាម​លិខិត​ជូនដំណឹង​ ឬ​ជូន​ព័ត៌មាន​ ស្តី​ពី​ការ​ជូន​រឿង​ទៅ​ជំនុំជម្រះ​ លេខ​១១១៨​ "​ន​"​ព្រ​ទ​ ចុះ​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៩​ របស់​លោក​ ប៊ុ​ន​ ធី​ ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​បើ​តាម​ការ​បញ្ជាក់​របស់​សាច់ញាតិ​ បាន​ឲ្យ​ដឹង​ថា​ មក​ដល់​ពេល​នេះ​ជន​រង​គ្រោះ​ពុំ​ទាន់​ទទួល​បាន​សំណង​ណាមួយ​ពី​ជនជាប់ចោទ​នោះ​ទេ​ ពោល​គឺ​មាន​តែ​រស់នៅ​គេចខ្លួន​ ព្រោះ​ខ្លាច​មាន​អ្នក​តាម​បាញ់​សម្លាញ់​ បន្ត​ទៀត​។​

​សូម​បញ្ជាក់​ថា​ ជន​ត្រូវ​ចោទ​ លោក​វរសេនីយ៍​ ហេង​ សុ​វ​ណ្ណា​រ៉ា​ នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​(​ក​៤)​ ក្រសួងមហាផ្ទៃ​ ត្រូវ​បាន​លោក​ ប៊ុ​ន​ ធី​ ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្តោះអាស្ន​ នៅ​ពន្ធនាគារ​រា​ធានី​ភ្នំពេញ​ (PJ)​ កាលពី​រសៀល​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​ ៤៣៩២​ "​ន​"​ ដ​.​ព​.​ស​ ក្រោម​បទ​ចោទ​ ប៉ុនប៉ង​ឃាតកម្ម​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្ទះ​ជួល​ ផ្លូវ​បេតុង​ ភូមិ​ផ្សារ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ យោង​តាម​មាត្រា​ ២៧​ និង​មាត្រា​១៩៩​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​គួរ​រម្លឹក​ថា​ ជន​ត្រូវ​ចោទ​ឈ្មោះ​ ហេង​ សុ​វ​ណ្ណា​រ៉ា​ ភេទ​ប្រុស​ អាយុ​ ៤៧​ឆ្នាំ​ មុខរបរ​ នគរបាល​ មាន​តួនាទី​ជា​ នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ (​ក​៤)​ ក្រសួងមហាផ្ទៃ​ ត្រូវ​នគរបាល​ខណ្ឌ​សែន​សុខ​ ឃាត់ខ្លួន​ កាលពី​កណ្តាល​យប់​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៩​។​

​ការ​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ ធ្វើ​ឡើង​បន្ទាប់​ពី​ ជន​ត្រូវ​ចោទ​បាន​ប្រើប្រាស់​ កាំភ្លើង​AK​ ស្វាយ​បត់​ បាញ់​ចំនួន​ ១១​គ្រាប់​ ប៉ុនប៉ង​សម្លាប់​ ជន​រង​គ្រោះ​ឈ្មោះ​ សុង​ សូ​ណា​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ បោក​អ៊ុតខោអាវ​ ស្នាក់​នៅផ្ទះ​ជួល​លេខ​១០​ ផ្លូវ​បេតុង​ ភូមិ​ផ្សារ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

​ហេតុការណ៍​បាញ់បោះ​បង្ក​ឡើង​ដោយ​ជន​ត្រូវ​ចោទ​ឈ្មោះ​ ហេង​ សុ​វ​ណ្ណា​រ៉ា​ បាន​កើតឡើង​ នៅ​វេលា​ម៉ោង​ ម៉ោង​១០​ និង​៣០​នាទី​ យប់​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្ទះ​បោក​អ៊ុត​ស៊េរី​ទំនើប​ ផ្លូវ​បេតុង​ ក្រោយ​មន្ទី​ពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​ ភូមិ​ទឹកថ្លា​ សង្កាត់​ថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

​នៅ​មុន​ពេល​កើតហេតុ​ ជន​ត្រូវ​ចោទ​ត្រូវ​គេ​ឃើញ​ បាន​បើករថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ ស្តា​រ៉ិ​ច​ ពណ៌​ស​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AX-9509​ ទៅ​ឈប់​មុខ​ផ្ទះ​កើត​ហេ​ត​។​

​បន្តិច​ក្រោយមក​ ជន​ត្រូវ​ចោទ​ ក៏​បាន​ដក​កាំភ្លើង​ ម៉ាក​ AK​ ស្វាយ​បត់​ បាញ់​រះ​សំដៅ​ផ្ទះ​របស់​ជន​រង​គ្រោះ​ចំនួន​ ១១​គ្រាប់​ ប៉ុន្តែ​សំណាងល្អ​ដែល​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​។​ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ ជនសង្ស័យ​ បាន​ព្យ​យាម​បើករថយន្ត​រត់គេច​ចេញពី​កន្លែង​កើតហេតុ​ តែ​ត្រូវ​សមត្ថកិច្ច​ជំនាញ​តាម​ចាប់ខ្លួន​បាន​ និង​ដកហូត​វត្ថុ​តាង​បាន​ភ្លាមៗ​ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​៕


ចំនួនអ្នកទស្សនា

    20535647

  • ថ្ងៃនេះ12471
  • ម្សិលមិញ15681
  • សប្តាហ៍នេះ71311
  • ខែនេះ93191
  • ឆ្នាំនេះ93191
  • សរុប20535647