សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ នឹង​ដឹកនាំ​គណៈប្រតិភូ​សភា​ ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ នៃ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​(APPF)​ នៅ​ប្រទេស​អូ​ស្រា្ត​លី​

08-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​ ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៨​ នៃ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ ដែល​ហៅ​កាត់​ថា​(APPF)​ នៅ​ទីក្រុង​កង់​បេ​រ៉ា​ ប្រទេស​អូស្ត្រាលី​ ដែល​កិច្ចប្រជុំ​នឹង​ដំណើរ​ ចាប់ពី​ថ្ងៃ​ទី​១៣​ ដល់​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២០​ ខាង​មុខ​នេះ​។​

​យោង​តាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ បាន​គូសបញ្ជាក់​ថា​ ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​APPF​ របស់​សម្តេច​ប្រធានរដ្ឋសភា​នា​ឱកាស​នេះ​ តប​តាម​ការ​អញ្ជើញ​របស់​ប្រធាន​ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេស​អូស្ត្រាលី​។​

តាម​សេចក្តីជូនដំណឹង​ក៏​បាន​បញ្ជាក់​ថា​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ នឹង​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ជា​ផ្លូវការ​ ក្នុង​នាម​សម្តេច​ ធ្លាប់​ជា​ប្រធាន​ APPF​ លើក​ទី​២៧​ កាលពីដើម​ឆ្នាំ​២០១៩​ នៅ​ពេល​ដែល​សភា​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ កិច្ចប្រជុំ​ប្រចាំឆ្នាំ​ APPF​ លើក​ទី​២៧​។​

​ជាមួយ​គ្នា​នេះ​ សម្តេច​ក៏​នឹង​អញ្ជើញ​ឡើង​ថ្លែង​បទ​អន្តរាគមន៍​ចែករំលែក​បទ​ពិសោធន៍​ពី​ការ​ដឹកនាំ​និង​ការ​រៀបចំ​កិច្ចប្រជុំ​ APPF​ លើក​ទី​២៧​ នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​ ផង​ដែរ​។​

​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ “The​ Asia​ Pacific​ Parliamentary​ Forum”​ ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ឯកឧត្តម​ Yasuhiro​ Nakasone​ ក្នុង​ឆ្នាំ​១៩៩៣​ មាន​គោលបំណង​ប្រមូលផ្តុំ​សភា​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ជួប​ប្រជុំ​ប្រចាំឆ្នាំ​ ដើម្បី​ដោះស្រាយ​បញ្ហា​រួម​ ជំរុញ​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​តំបន់​និង​សកលលោក​។​

​អង្គការ​សភា​មួយ​នេះ​ មាន​សមាជិក​ ២៧​ប្រទេស​ មាន​ប្រទេស​អូ​ស្រា្ត​លី​ ព្រះរាជាណាចក្រ​កម្ពុជា​ ចិន​ ប្រទេស​ជប៉ុន​ សាធារណរដ្ឋ​កូរ៉េ​ ម៉ុ​ហ្គោ​លី​ សហព័ន្ធ​រុ​ស្ស៊ី​ ឥណ្ឌូ​នេ​ស៊ី​ ឡាវ​ ម៉ា​ឡេ​ស៊ី​ ហ្វី​លី​ពី​ន​ សឹ​ង្ហ​បុរី​ ថៃ​ វៀតណាម​ ហ្វី​ជី​ ម៉េ​ក្រុ​នេ​ស៊ី​ ណូ​វែ​ល​ហ្សឺ​ឡង់​ ប៉ា​ពូ​ញូ​ហ្គី​នៀ​ ប្រជុំ​កោះ​ម៉ារ​សល​ កា​ណា​ដា​ ឈី​លី​ កូ​ឡំ​ប៊ី​ មិគសិ​គ​កូរ​ ប៉េ​រ៉ូ​ សហរដ្ឋអាមេរិក​ អេ​ក្វា​ឌ័​រ​ កូ​ស្តា​រី​ការ​។​

​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៅ​ក្នុង​ឆ្នាំ​១៩៩៥​ និង​បាន​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ APPF​ លើក​ទី​២៧​ កាលពី​ខែមករា​ ឆ្នាំ​២០១៩​ នៅ​ខេត្តសៀមរាប​។​

​កំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​ ក្នុង​ប្រទេស​អូស្ត្រាលី​នេះ​ សម្តេច​ប្រធានរដ្ឋសភា​ គ្រោង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ ជាមួយ​សម​ភាគី​ប្រធានរដ្ឋសភា​ប្រទេស​អូ​ស្រា្ត​លី​ និង​ទទួល​ជូ​ប​សវនាការ​ជាមួយ​ថ្នាក់ដឹកនាំ​សភា​ប្រទេស​ជា​មិត្ត​មួយ​ចំនូ​ន​ទៀត​ ក្នុង​ការ​ពង្រឹងពង្រីក​ចំណងមិត្តភាព​ កិច្ច​សហប្រតិបត្តិការ​វិស័យ​ការទូត​សភា​កម្ពុជា​ នៅ​លើ​ឆាក​អន្តរជាតិ​ទាំង​ក្របខ័ណ្ឌ​ពហុភាគី​និង​ទ្វេភាគី​។​ ចំណែក​សមាជិក​គណៈប្រតិភូ​ដទៃ​ទៀត​នឹង​ចូលរួម​កិច្ចប្រជុំ​ តាម​គណៈកម្មាធិការ​ជា​ច្រើន​របស់​ APPF​ ដែល​មាន​ដូច​ជា​ គណៈកម្មាធិការ​នយោបាយ​និង​សន្តិសុខ​ គណៈកម្មាធិការ​សេដ្ឋកិច្ច​គណៈកម្មាធិការ​សមាជិក​សភា​ស្ត្រី​ និង​គណៈកម្មាធិការ​ប្រកាស​រួម​ គណៈកម្មាធិការ​សហប្រតិបត្តិការ​តំបន់​ ជាដើម​៕


ចំនួនអ្នកទស្សនា

    20532707

  • ថ្ងៃនេះ9531
  • ម្សិលមិញ15681
  • សប្តាហ៍នេះ68371
  • ខែនេះ90251
  • ឆ្នាំនេះ90251
  • សរុប20532707