សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញពិសា​អាហារ​សាមគ្គី​ជាមួយ​អ្នក​សារព័ត៌មាន​លើក​ ទី​៤

14-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ ៥​រោច​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ទី​១៤​ ខែមករា​ ឆ្នាំ​២០២០​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុង​ពិធី​សំណេះសំណាល​ និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​អ្នក​ព័ត៌មាន​សរុប​ជាង​៥​ ពាន់​នាក់​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​ អញ្ជើញ​ជួបជុំ​សំណេះសំណាល​ ជាមួយ​បងប្អូន​កូនក្មួយ​ ជា​អ្នក​សារព័ត៌មាន​ជាតិ​ ក្នុង​គោលបំណង​ដើម្បី​ ស្វែង​យល់​អំពី​សុខទុក្ខ​ផ្ទាល់​ របស់​បងប្អូន​អ្នក​សារព័ត៌មាន​ និង​បាន​ផ្តល់​នូវ​ អនុសាសន៍​ល្អៗ​ ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អោយ​បាន​ល្អ​ត្រឹមត្រូវ​ តាម​ក្រម​សីល​ធ​ម៍​ច្បាស់លាស់​ ដើម្បី​បំរើ​សង្គម​ជាតិ​ ឲ្យ​កាន់តែ​រីក​ចម្រើន​។​ នៅ​ថ្ងៃនេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ព័ត៌មាន​ដែល​បាន​ចូលរួម​សហការ​រៀបចំ​កម្មវិធី​នេះ​ទាំង​ពី​លើក​ទី​១​ រហូត​ដល់​លើក​ទី​៤​នេះ​។​ ទន្ទឹម​នឹង​នោះ​សម្តេច​តេ​ជោ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដែល​បាន​អបអរសាទរ​ថ្ងៃ​ខួប​៣៥​ឆ្នាំ​ដែល​សម្តេច​តេ​ជោ​ឡើង​កាន់​ដំណែង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅ​ថ្ងៃនេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​កើត​ចំ​ខែមករា​នេះ​ ដែល​ក្នុង​នោះ​រួម​មាន​ ដូច​ជា​នៅ​ឆ្នាំ​នេះ​គឺជា​ខួប​៤១​ឆ្នាំ​នៃ​ថ្ងៃជ័យ​ជម្នះ​៧​មក​រា​ ឆ្នាំ​១៩៧៩​ លើ​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​ ,​ ខួប​៤១​ ដែល​សម្តេច​តេ​ជោ​បាន​ក្លាយជា​រដ្ឋមន្ត្រី​ការ​បរទេស​ នៅ​ថ្ងៃ​ទី​៨​ មក​រា​ ១៩៧៩,​ ខួប​លើក​៣៥​ ដែល​សម្តេច​តេ​ជោ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ នៅ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​១៩៨៥​ ,​ ខួប​៣២​ឆ្នាំ​នៃ​ការ​ចរចារ​លើក​ទី​២​រវាង​ សីហ​នុ​-​ហ៊ុន​ សែន​ នៅ​ប្រទេស​បារាំង​ នៅ​ថ្ងៃ​ទី​២០-២១​ ខែមករា​ ឆ្នាំ​១៩៨៨​ ,​ ខួប​ នៃ​ការ​ការ​កំណត់​ដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ​ ឈ្នះ​ក្នុង​ខែមករា​ ឆ្នាំ​១៩៩៦​ ,​ខួប​៤៤​ នៃ​ការ​រៀប​អា​ពា​ហ៍​របស់​សម្តេច​តេ​ជោ​នៅ​ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​១៩៧៦​ ,​ខួប​ទី​២០​ នៃ​ការ​ក្លាយជា​ជី​របស់​គេ​ គឺ​នៅ​ខែមករា​ ឆ្នាំ​២០០០​ ដែល​សម្តេច​តេ​ជោ​ទទួល​បាន​ចៅ​ជា​លើក​ដំបូង​ និង​កូនៗ​របស់​សម្តេច​ទាំង​៥​គូរ​ សុទ្ធតែ​បាន​រៀប​ការ​ក្នុង​ខែមករា​ទាំងអស់​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ ជីប​ ម៉ុង​ ដែល​តែងតែ​សហការ​ឧ​ត្ថ​ម្ភ​ ក្នុង​កម្មវិធី​នេះ​រៀង​រាល់​ឆ្នាំ​។​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះ​វិស័យ​សារព័ត៌មាន​ កំពុង​មានកា​រីក​ចម្រើន​យ៉ាង​ខ្លាំង​។​ ដើម្បី​ផលិត​ ព័ត៌មាន​ឲ្យ​បាន​ល្អ​ អ្នក​សារព័ត៌មាន​ទាំងអស់​ ត្រូវ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​នូវ​រឿងរ៉ាវ​ពិត​ ដែល​បាន​កើត​មាន​ឡើង​ក្នុង​សង្គម​ ជា​ពិសេស​ត្រូវ​ សរសេរ​ព័ត៌មាន​ទាំង​ល្អ​ និង​មិនល្អ​ដើម្បី​ចូលរួម​ធ្វើការ​កែ​លម្អ​ ក្នុង​ន័យ​ស្ថាបនា​អភិវឌ្ឍន៍​សង្គម​ ឲ្យ​រីក​ចម្រើន​។​

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ដល់​សមាគម​សារព័ត៌មាន​ទាំងអស់​ដែល​កន្លង​មក​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​វិស័យ​ព័ត៌មាន​ និង​សូម​អរគុណ​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់​ដែល​បាន​ចូលរួម​សហការ​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពី​ស្ថាប័ន​របស់​ខ្លួន​។​

​នៅ​ថ្ងៃនេះ​ សម្តេច​តេ​ជោ​បាន​ធ្វើការ​ណែនាំ​ដល់​អ្នក​សារព័ត៌មាន​តាម​អន​ឡាញ​មួយ​ចំនួន​ សូម​ចូលរួម​គោរព​ទៅ​តាម​វិជ្ជាជីវៈ​ព័ត៌មាន​អោយ​បាន​ត្រឹមត្រូវ​ ត្រូវ​គោរព​សិទ្ធិ​អ្នក​ដ៏​ទៃ​ មិនមែន​ចេះ​តែ​ផ្សាយ​តាម​ចិត្ត​នោះ​ទេ​។​ ក្នុង​នោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ដាក់​សារ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​សារព័ត៌មាន​ថា​«​អ្នក​សារព័ត៌មាន​កុំ​បំពាន​សិទ្ធិ​អ្នក​ដ៏​ទៃ​ កុំ​ភ្លៃ​ការ​ពិត​»​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​សំណូមពរ​ដល់​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​នូវ​ចំនុច​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​៖

១)​ អ្នក​សារព័ត៌មាន​ទាំងអស់​ ត្រូវ​ចូលរ​រួម​ថែរក្សា​សន្តិភាព​ តាម​រយៈ​ការ​ផ្សព្វផ្សាយ​អ្វី​ដែល​ជា​ការ​ពិត​។​ ក្នុង​នោះ​ សម្តេច​តេ​ជោ​ ក៏​សូម​អោយ​អ្នក​សារព័ត៌​ទាំងអស់​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ តាម​រយៈ​ការ​ផ្សាយ​ព័​ត៌​ដែល​ពិត​។​ ស្ថាប័ន​ព័ត៌មាន​ទាំងអស់​ ត្រូវ​ដើរតួ​នាទី​ជា​ស្ថាប័ន​ព័ត៌មាន​ពិត​ គឺជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ជាតិ​ពិតប្រាកដ​។​

២)​ ស្ថាប័ន​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​មាន​អ្នកនាំពាក្យ​ច្បាស់លាស់​មួយ​ ក្នុង​ការ​ឆ្លើយ​តប​ជាមួយ​សារព័ត៌មាន​នានា​ តាម​រយៈ​ការ​ផ្តល់​ដំណឹង​ ឬ​រឿងរ៉ាវ​អ្វីមួយ​ដែល​កើត​ចេញពី​ស្ថាប័ន​របស់​ខ្លួន​។​យើង​មិន​ត្រូវ​ខ្លាច​អ្នក​សារព័ត៌មាន​នោះ​ទេ​ ត្រូវ​ចាត់​ទុក​អ្នក​សារព័ត៌​ជា​ដៃគូរ​មិន​អាច​ខ្វះ​បាន​របស់​ស្ថាប័ន​ខ្លួន​។​

៣)​ ស្នើ​អោយ​សារព័ត៌មាន​ ត្រូវធ្វើ​ជា​ស្ពាន​ចម្លង​ពី​រដ្ឋាភិបាល​ទៅ​ប្រជាពលរដ្ឋ​ ត្រូវ​ចេះ​ចូលរួម​ជួយ​រិះគន់​ ដើម្បី​ស្ថាបនា​រាល់​កំហុសឆ្គង​ និង​ផែនការ​ដែល​បាន​ដាក់​ចេញ​ នៃ​ក្រសួង​ស្ថាប័ន​នានា​ ដើម្បី​ធ្វើការ​កែ​លំអរ​។​ គ្រប់​អ្នកនាំពាក្យ​តាម​ក្រសួង​ស្ថាប័ន​ត្រូវ​តែ​មានការ​ការ​បកស្រាយ​បំភ្លឺ​ដល់​អ្នក​សារព័ត៌មាន​អោយ​បាន​ឆាប់រហ័ស​ ដើម្បី​អោយ​ប្រជាពលរដ្ឋ​បានដឹង​ជ្រួតជ្រាប​។​

៤)​ អ្នក​សារព័ត៌មាន​ទាំងអស់​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ពី​អំពើ​អសកម្ម​នានា​ក្នុង​សង្គម​ និង​អំពើ​ពុក​រលួយ​ផ្សេងៗ​ ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​កម្ពុជា​។​ អ្នក​សារព័ត៌​ត្រូវ​ហ៊ាន​បង្ហាញ​ការ​ពិត​។​

៥)​ ត្រូវ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ ដោយ​ត្រូវ​ហ៊ាន​បង្ហាញ​នូវ​ព័ត៌មាន​ពិតប្រាកដ​។​

៦)​ ត្រូវ​ខិតខំ​អភិវឌ្ឍ​ ផ្ទេ​ការ​ផ្សាយ​ពី​ប្រព័ន្ធ​ អាណា​ឡុ​ង​ (Analog​ system)​ ទៅ​កាន់​ឌី​ជី​ថ​ល​(Digital​ system)​ ។​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រូវ​ចេញ​អោយ​បាន​ក្នុង​ឆ្នាំ​២០២០​នេះ​ ខណៈ​ដែល​សិទ្ធិ​នេះ​ត្រូវ​បាន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ស្នើ​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ​។​

៧)​ត្រូវ​ខិតខំ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ បន្ថែម​ទៀត​ក្នុង​វិស័យ​ព័ត៌មាន​។​ ត្រូវ​ខិតខំ​ផលិត​ព័ត៌មាន​អោយ​បាន​លឿន​រហ័ស​ និង​អាច​ជឿ​ទុកចិត្ត​បាន​។​

​ទាក់ទង​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ អោយ​មាន​មេធាវី​ការពារ​ក្តី​ដល់​អ្នក​សារព័ត៌មាន​នោះ​ សម្តេច​តេ​ជោ​បាន​សម្រេច​ជួយ​ការពារ​ដោយ​មាន​លក្ខ​ខ័​ណ្ឌ​ ដោយ​ផ្អែក​ទៅ​តាម​អង្គហេតុ​ និង​អង្គច្បាប់​ មិនមែន​ការពារ​អ្នក​សារព័ត៌មាន​ដែល​គ្មាន​ក្រមសីលធម៌​ ឬ​គ្មាន​វិជ្ជាជីវៈ​សារព័ត៌​នោះ​ឡើយ​។​ ជាមួយ​គ្នា​នេះ​ សម្តេច​តេ​ជោ​ក៏​បាន​ចាត់​អោយ​លោក​ គី​ តិច​ ដែល​ជា​មេធាវី​របស់​សម្តេច​ផ្ទាល់​ទទួល​ពិនិត្យ​លើ​រឿង​នេះ​ដោយ​ផ្អែក​ទៅ​តាម​អង្គហេតុ​ និង​អង្គច្បាប់​។​

​មុន​នឹង​បញ្ចប់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ​ ជា​អ្នក​សារព័ត៌មាន​ទាំងអស់​ ជួប​តែ​សេចក្តីសុខ​ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ និង​បាន​សប្បាយ​រីករាយ​ ក្នុង​ការ​បរិភោគ​អាហារ​សាមគ្គី​នា​ពេល​រាត្រី​យប់​នេះ​៕​

ចំនួនអ្នកទស្សនា

    20531847

  • ថ្ងៃនេះ8671
  • ម្សិលមិញ15681
  • សប្តាហ៍នេះ67511
  • ខែនេះ89391
  • ឆ្នាំនេះ89391
  • សរុប20531847