សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អនុញ្ញាត​ឲ្យ​ សមាជិក​រដ្ឋសភា​ និង​ជា​អតីត​អនុរដ្ឋមន្ត្រី​ ក្រសួងការបរទេស​ជប៉ុន​ ព្រមទាំង​ប្រតិភូ​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​

14-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​អង្គារ​ ៥​រោច​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២០​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ KAZUYUKI​ NAKANE​ សមាជិក​រដ្ឋសភា​ និង​ជា​អតីត​អនុរដ្ឋមន្ត្រី​ ក្រសួងការបរទេស​ជប៉ុន​ ព្រមទាំង​ប្រតិភូ​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ជា​កិច្ច​ចាប់ផ្ដើម​នៃ​ជំនួប​ដ៏​មាន​សារៈសំខាន់​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ឯកឧត្តម​ KAZUYUKI​ NAKANE​ ដោយ​សម្ដេច​បាន​គូសបញ្ជាក់​ថា​ ឯកឧត្តម​គឺជា​ឥស្សរជន​ជប៉ុន​មួយ​រូប​ដែល​សម្ដេច​ធ្លាប់​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ និង​ធ្វើការ​ជាមួយ​ជា​ច្រើន​លើក​រួច​មក​ហើយ​។​

​តាម​រយៈ​ឯកឧត្តម​ KAZUYUKI​ NAKANE​ សម្ដេច​ក្រឡាហោម​ ក៏​បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​កម្ពុជា​ និង​ជប៉ុន​ ពិសេស​ការ​ចូលរួម​ចំណែក​របស់​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​ដល់​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​ផ្ដល់​ជំនួយ​ឥត​សំណង​ និង​ជំនួយ​ផ្សេងៗ​ទៀត​ ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​មក​ដល់​បច្ចុប្បន្ន​នេះ​។​

​ជា​ការ​ឆ្លើយ​តប​ ឯកឧត្តម​ KAZUYUKI​ NAKANE​ សមាជិក​រដ្ឋសភា​ និង​ជា​អតីត​អនុរដ្ឋមន្ត្រី​ ក្រសួងការបរទេស​ជប៉ុន​ បាន​ថ្លែងអំណរគុណ​សម្ដេច​ និង​សម្ដែង​ក្ដី​រីករាយ​ដែល​បាន​ជួប​សម្ដេច​ជា​ថ្មី​ម្ដងទៀត​នា​ឱកាស​នេះ​ ដែល​នេះ​គឺជា​លើក​ទី​៥​ ហើយ​ដែល​ឯកឧត្តម​បាន​ជួប​សម្ដេច​ទាំង​នៅ​ប្រទេស​កម្ពុជា​ និង​នៅ​ប្រទេស​ជប៉ុន​ ហើយ​ថា​ឯកឧត្តម​ពិតជា​មាន​ក្ដី​រីករាយ​ក្នុង​ការ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​ឯកឧត្តម​ក៏​បាន​ជម្រាប​សម្ដេច​ក្រឡាហោម​ដែរ​ថា​ឯកឧត្តម​អាច​ចាត់ទុកជា​សមាជិក​សភា​មួយ​រូប​របស់​ជប៉ុន​ ដែល​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ច្រើន​ជាងគេ​ ក្នុង​នោះ​ឯកឧត្តម​ក៏​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រីរាជការ​ និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​របស់​ខេត្តសៀមរាប​ផង​ដែរ​ ដោយ​ជា​រៀង​រាល់​លើក​នៃ​ដំណើរ​ទស្សនកិច្ច​ ឯកឧត្តម​បាន​ជម្រាប​សម្ដេច​ក្រឡាហោម​ថា​តែងតែបាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តសៀមរាប​។​

​ដោយឡែក​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុ​ជានា​ពេល​នេះ​ ឯកឧត្តម​ពិតជា​មើលឃើញ​នូវ​វឌ្ឍនភាព​របស់​កម្ពុជា​ ដែល​កាលពី​ដំណើរ​ទស្សនកិច្ច​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១៨​ និង​ទស្សនកិច្ច​លើក​នេះ​ ឯកឧត្តម​ពិតជា​បាន​មើលឃើញ​នូវ​វឌ្ឍនភាព​ជា​ច្រើន​របស់​កម្ពុជា​ និង​បាន​សង្កេត​ឃើញ​ថា​យុវជន​កម្ពុជា​កាន់តែ​មាន​ភាព​រស់​រវើក​ក្នុង​កា​រចល​រួម​ដល់​ការ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​ប្រកបដោយ​ក្ដី​សង្ឃឹម​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​វាយតម្លៃ​របស់​ឯកឧត្តម​ទៅ​លើ​វឌ្ឍនភាព​របស់​កម្ពុជា​ និង​ស្ថានភាព​ទូទៅ​របស់​កម្ពុជា​។​ សម្ដេច​ក៏​បាន​ជម្រាប​ជូន​ដែរ​ថា​បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​មាន​គោលនយោបាយ​លើកកម្ពស់​យុវជន​កម្ពុជា​ ចូលរួម​សកម្មភាព​នយោបាយ​ សកម្មភាព​កសាង​ និង​អភិវឌ្ឍន៍​សង្គម​ ជា​ពិសេស​លើកកម្ពស់​តួនាទី​របស់​ស្ត្រី​ក្នុង​សង្គម​។​

​សម្ដេច​បាន​បន្ត​ថា​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ជំរុញ​យុវជន​វ័យក្មេង​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ និង​កំពុង​ខិតខំ​ប្រើប្រាស់​សក្ដានុពល​ធនធានមនុស្ស​វ័យក្មេង​នេះ​ ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ ព្រោះ​តាម​ប្រវត្តិសាស្ត្រ​កម្ពុជា​ បាន​បាត់បង់​ធនធានមនុស្ស​យ៉ាងច្រើន​នៅ​ក្នុង​សម័យ​របប​ប្រល័យពូជសាសន៍​។​

​មុន​នឹង​បញ្ចប់​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​របស់​ឯកឧត្តម​ និង​បាន​ជូនពរ​ដល់​ឯកឧត្តម​ ព្រមទាំង​ប្រតិភូ​សូម​បំពេញបេសកកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកបដោយ​ផា​សុភាព​ និង​ជោគជ័យ​ ព្រមទាំង​បាន​សម្ដែង​ក្ដី​សង្ឃឹមថា​វត្តមាន​របស់​ឯកឧត្តម​នា​ពេល​នេះ​ នឹង​បន្ត​រួមចំណែក​ដល់​ការ​លើកកម្ពស់​ទំនាក់ទំនង​ប្រទេស​យើង​ទាំង​ពីរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​៕


ចំនួនអ្នកទស្សនា

    20534927

  • ថ្ងៃនេះ11751
  • ម្សិលមិញ15681
  • សប្តាហ៍នេះ70591
  • ខែនេះ92471
  • ឆ្នាំនេះ92471
  • សរុប20534927