សៀមរាប៖ ភ្ញៀវបរទេសជនជាតិកូរ៉េចំនួន២នាក់បានជួលម៉ូតូកង់បួន (BUGGY CAR)ជិះដើរលេងក្នុងខេត្តសៀមរាប ត្រូវបានបើកធ្លាក់រណ្តៅដីទំហំ១០០គុណ២០០ម៉ែត្រជម្រៅ២៥ម៉ែត្រ បណ្តាលឲ្យស្លាប់ម្នាក់និងជួយសង្គ្រោះបានម្នាក់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវលំដីស ស្ថិនៅភូមិតាចក សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប។
នគរបាលជាន់ខ្ពស់នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦នេះថា ភ្ញៀវទេសចរណ៍ជនជាតិកូរ៉េ ចំនួន២នាក់ដែលបានបើកម៉ូតូធ្លាក់រណ្តៅដី ក្នុងនោះម្នាក់បានស្លាប់និងម្នាក់ទៀតត្រូវបានជួយសង្គ្រោះ បាន។ជនរងគ្រោះទី១-ឈ្មោះ JANG SEONGSU ភេទ ប្រុស អាយុ ២២ ឆាំ្ន ជនជាតិ កូរ៉េ,ទី២-ឈ្មោះ LEE GYUHONG ភេទប្រុស អាយុ២៥ឆ្នាំ ទាំងពីរនាក់ជាភ្ញៀវទេសចរណ៍ ស្នាក់នៅក្នុងសណ្ឋាគារ អង្គររ៉ូយ៉ាល់ រីសត ស្ថិតនៅ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប។ ពួកគេបាននាំគ្នាជួលម៉ូតូកង់បួនខាងលើពីក្រុមហ៊ុន SAIGONSTAR TOUR ដែលមានទីតាំងនៅក្នុង ARTBOX ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ដើម្បីបើកដើរលេងកំសាន្តនៅក្នុងក្រុងសៀមរាប ពេលដែលភ្ញៀវទាំងពីរនាក់ជិះមកដល់ចំណុចខាងលើ ក៏បានរេចង្កូតធ្លាក់ចូលទៅក្នុងរណ្ដៅ ដែលជីដោយ អេស្កាវ៉ាទ័រ មានទំហំ១០០ម៉ែត្រគុណ២០០ម៉ែត្រ និង មានជម្រៅ២៥ម៉ែត្រ ដែលមានទឹក បណ្តាលឲ្យលិចចូលទៅក្នុងទឹក ជាមួយនឹងម៉ូតូ ពេលនោះជនរងគ្រោះឈ្មោះ Lee Gyuhong បានស្រវ៉ាឡើងមកលើច្រាំវិញបាន ចំណែកជនរងគ្រោះឈ្មោះ Jang Seongsu បានលិចទៅបាត់ជាមួយនឹងម៉ូតូ រហូតដល់ព្រឹកថ្ងៃទី១៦នេះទើបនិងរកឃើញរកជនរងគ្រោះ ។ដោយឡែកយើងរកឃើញតែម៉ូតូកង់បួនខាងលើដែលជនរងគ្រោះជិះ។
ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យ ទៅលើជនរងគ្រោះ។ ចំណែកក្រុមហ៊ុនដែលជួលម៉ូតូឲ្យភ្ញៀវនេះនៅមិនទាន់មានចំណាត់ការនៅឡើយ៕