កណ្ដាល៖ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ បង្ក្រាបឃាត់ខ្លួន ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀន២នាក់ និងដកហូតថ្នាំញៀនម៉ាទឹកកកចំនួន៨កញ្ចប់ ។
ប្រតិបត្តិការនេះ ធ្វើឡើង នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅចំនុចភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានគ្នា២នាក់ ទី១-ឈ្មោះ មៀច សំអាង ហៅអាំង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល និងទី២-ឈ្មោះ ខា សូល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ចំណែកវត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៨កញ្ចប់ ក្នុងនោះតូច០៧កញ្ចប់ធំ០១កញ្ចប់ ,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង ,ទូរស័ព្ទ១គ្រឿង និងឧបករណ៍វេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
ប្រភពដដែលបន្តថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ដែលសមត្ថកិច្ចជំនាញតាមដាន និងកំណត់មុខសញ្ញាជាយូរមកហើយ តែពុំទាន់មានវត្ថុតាងណាដើម្បីដាក់បន្ទុកចាប់ខ្លួនជនសង្ស័យបានទេ ។ លុះមកដល់ថ្ងៃកើតហេតុ កម្លាំងនគរបាលជំនាញទទួលព័ត៌មានថា មានករណីជួញដូរគ្រឿងញៀន នៅចំនុចភូមិទួលសាលា ភ្លាមនោះកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ស្អាងភ្នំ មានការចូលរួមដោយក្រុមប្រឹក្សាឃុំស្អាងភ្នំ លោកមេភូមិទួលសាលា ចុះដល់កន្លែងកើតហេតុ រួចធ្វើការត្រួតពិនិត្យឆែកឆេរផ្ទះឈ្មោះ មៀច សំអាង(អាំង)បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកក ចំនួន០៨កញ្ចប់ (ធំ១និងតូច៧កញ្ចប់) និងឧបករណ៍វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន រួចបានឃាត់ខ្លួនរួមនិងវត្ថុតាងខាងលើមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕