ភ្នំពេញ៖ កាលពីម្សិលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និង ពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៤ នៅ ពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានកោតសរសើរប្រព័ន្ធផ្សព្វផ្សាយទាំងផ្នែករដ្ឋ និងឯកជន ដែលបានចូលរួមយ៉ាងច្រើនក្នុងការផ្សព្វផ្សាយព័ត៌មានពិតប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅក្នុងដំណើរការរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈការចូលរួមអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ និង ភូមិឃុំមានសុវត្ថិភាព ក្នុងការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាក្មេងទំនើង បញ្ហាល្បែងស៊ីសង បញ្ហាគ្រឿងញៀន និងបញ្ហាប្លន់ប្រដាប់អាវុធ។ល។
វិស័យសារព័ត៌មានពិតជាមានសារៈសំខាន់ណាស់ និងជាដៃគូដែលមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលនិងស្ថាប័នសាធារណៈដែលត្រូវតែបន្តធ្វើជាដៃគូបន្តទៀតជាមួយគ្នា។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ជាបទបញ្ជាឲ្យរដ្ឋមន្ត្រីជាប្រធានស្ថាប័ន ឬអភិបាលរាជធានីខេត្ត ត្រូវតែជាអ្នកទទួលខុសត្រូវខ្ពស់ជាងគេលើការបញ្ចេញព័ត៌មានដោយខ្លួនឯង ឬអាចជាអភិបាលរងខេត្ត អ្នកនាំពាក្យ ឬតាមរយៈគេហទំព័រស្ថាប័ន និងបណ្តាញសង្គមផងដែរ។ ប៉ុន្តែក្នុងករណីមានតម្រូវការព័ត៌មានបន្ថែម គឺត្រូវធ្វើការឆ្លើយតបទៅអ្នកសារព័ត៌មានឲ្យបានរហ័ស និងខានតែបាន។
សូមអរគុណបងប្អូនសារព័ត៌មានទាំងអស់ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍកម្ពុជា ៕