ឧត្តមសេនីយ៍ឯក​ អ៊ិ​ន​ បូ​រ៉ា​ បញ្ជា​ឲ្យ​ពង្រឹង​ និង​ជំរុញ​ការងារ​គ្រប់គ្រង​មុខសញ្ញា​ និង​នីតិវិធី​កសាង​សំណុំរឿង​ ដើម្បី​មាន​ភស្ដុ​តាង​រឹង​មាំ​ដាក់បន្ទុក​ផ្តន្ទាទោស​ឲ្យ​បាន​កម្រិត​ខ្ពស់​

17-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ លេខាធិការដ្ឋាន​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​អំពើ​លួច​ ឆក់​ ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២០​នេះ​ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​វាយតម្លៃ​សភាពការណ៍​បទល្មើស​លួច​ ឆក់​ នៅ​រាជធានី​ភ្នំពេញ​ ប្រចាំ​ខែធ្នូ​ ឆ្នាំ​២០១៩​ និង​លើក​ទិស​ដៅ​បន្ដ​។​

​កិច្ចប្រជុំ​នេះ​ ដឹកនាំ​ដោយ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អ៊ិ​ន​ បូ​រ៉ា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​មានការ​ចូលរួម​ពី​ប្រធាន​នាយកដ្ឋាន​ពាក់ព័ន្ធ​,​ អនុប្រធាន​នាយកដ្ឋាន​,​ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​,​ នាយការិយាល័យ​ នៃ​នាយកដ្ឋាន​ជំនាញ​ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​អធិការ​ខណ្ឌ​ទាំង​១៤​ ព្រមទាំង​មន្ដ្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​។​

​យោង​តាម​របាយការណ៍​របស់​ លោក​ឧត្តមសេនីយ៍ទោ​ ស៊ុ​យ​ សុ​គ​ន្ធា​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​អំពើ​លួច​ឆក់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ បទល្មើស​ជា​រួម​កើតឡើង​នៅ​ក្នុង​ខែធ្នូ​ ឆ្នាំ​២០១៩​កន្លង​ទៅ​ មាន​ចំនួន​៥៦​ករណី​ កើន​២​ករណី​ ក្នុង​នោះ​បទ​លួច​២៧​ករណី​ និង​បទ​ឆក់​២៩​ករណី​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ទោ​ ស៊ុ​យ​ សុ​គ​ន្ធា​ ជា​លទ្ធផល​នៃ​ប្រតិបត្តិការ​ ដោយ​មានការ​ខិតខំ​ប្រឹងប្រែង​ពី​កងកម្លាំង​គ្រប់​អង្គភាព​ទាំងអស់​ បាន​សហការ​គ្នា​ចូលរួម​បង្ក្រាប​ ចំនួន​សរុប​៤១​ករណី​ ចាប់​ជនសង្ស័យ​៥២​នាក់​ ក្នុង​នោះ​ជនសង្ស័យ​បង្ក្រាប​បាន​ក្រោយ​ធ្វើតេស្ដ​ធ្លាប់​ប្រើ​សារធាតុ​ញៀន​ មាន​៤៨​នាក់​ ស្មើនឹង​៩២​ភាគរយ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អ៊ិ​ន​ បូ​រ៉ា​ នៅ​តែ​បន្ដ​ក្រើនរំលឹក​ និង​ដាក់​បទបញ្ជា​យ៉ាង​ម៉ឹង​ម៉ាត់​អោយ​កម្លាំង​នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ​ ត្រូវ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើ​យ៉ាងណា​ត្រូវ​តែ​បង្ការ​ ទប់ស្កាត់​កុំ​ឲ្យ​បទល្មើស​កើត​មាន​ ហើយ​ប្រសិនបើ​បទល្មើស​កើតឡើង​រួច​ហើយ​ ត្រូវ​តែ​រួម​គ្នា​បង្ក្រាប​ឲ្យ​ខាង​តែ​បាន​ ស​ម្ដៅ​កាត់​បន្ថយ​បទល្មើស​ក្នុង​រាជធានី​ភ្នំពេញ​។​

អគ្គស្នងការ​រង​នគរបាល​ជាតិ​រូប​នេះ​ ក៏​បាន​កោតសរសើរ​ដល់​កងកម្លាំង​គ្រប់​អង្គភាព​ទាំងអស់​ ដែល​កន្លង​ទៅ​សហការ​គ្នា​បាន​យ៉ាង​ល្អ​ ក្នុង​ការ​បង្ក្រាប​បទល្មើស​ដែល​កើត​មាន​។​ បន្ថែម​ពី​នេះ​ ឯកឧត្តម​ ក៏​បាន​ណែនាំ​ឲ្យ​រិះរក​នៅ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ ដែល​នាំ​ឲ្យ​បទល្មើស​កើតឡើង​។​

​លើស​ពី​នេះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អ៊ិ​ន​ បូ​រ៉ា​ បាន​បញ្ជា​ឲ្យ​ពង្រឹង​ និង​ជំរុញ​ការងារ​គ្រប់គ្រង​មុខសញ្ញា​ និង​នីតិវិធី​កសាង​សំណុំរឿង​ ដើម្បី​មាន​ភស្ដុ​តាង​រឹង​មាំ​ដាក់បន្ទុក​ផ្តន្ទាទោស​ឲ្យ​បាន​កម្រិត​ខ្ពស់​ (​បទឧក្រិដ្ឋ​)​ ស្រប​តាម​ក្រមព្រហ្មទណ្ឌ​។​ ពិនិត្យ​ឡើង​វិញ​ករណី​មុខសញ្ញា​ឆក់​ ដែល​ត្រូវ​បាន​ដោះ​លែង​ ហើយ​ធ្វើ​សកម្មភាព​ឡើង​វិញ​ ដើម្បី​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​មាន​វិធានការ​បន្ដ​ និង​បន្ដ​ស្រាវជ្រាវ​ស៊ើបអង្កេត​បង្ក្រាប​ករណី​សេសសល់​៕


ចំនួនអ្នកទស្សនា

    20535707

  • ថ្ងៃនេះ12531
  • ម្សិលមិញ15681
  • សប្តាហ៍នេះ71371
  • ខែនេះ93251
  • ឆ្នាំនេះ93251
  • សរុប20535707