ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​គម្រោង​ Grab​ for​ Good​ គាំទ្រ​ដល់​មនុស្ស​ថ្លង់​ និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​

17-January-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ៧​រោច​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ពុទ្ធសករាជ​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២០​ ឯកឧត្តម​ទេស​រដ្ឋមន្ដ្រី​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​គម្រោង​ Grab​ for​ Good​ គាំទ្រ​ដល់​មនុស្ស​ថ្លង់​ និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ (Grab​ for​ Good:​ Break​ The​ Silence​ and​ Anti-Human​ Trafficking)​ នៅ​សណ្ឋាគារ​ Raffles​ Le​ Royal​ រាជធានី​ភ្នំពេញ​។​

​ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ​ មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​ ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ (UNDP)​ ប្រធាន​ប្រតិបត្តិការ​តំបន់​ នៃ​ក្រុមហ៊ុន​ Grab​ ប្រធាន​ក្រុមហ៊ុន​ Grab​ ប្រចាំ​នៅ​កម្ពុជា​ អង្គការ​បណ្ដាញ​ជំនួយ​ដល់​កុមារ​កម្ពុជា​ អង្គការ​អភិវឌ្ឍន៍​មនុស្ស​ថ្លង់​ និង​បងប្អូន​អ្នកបើកបរ​ថ្លង់​ និង​មាន​បញ្ហា​ក្នុង​ការ​ស្តាប់​ផង​ដែរ​។​

​គម្រោង​នេះ​មាន​គោលបំណង​ជំរុញ​ លើកទឹកចិត្ត​ និង​ផ្តល់​ឱកាស​ដល់​បងប្អូន​ថ្លង់​ មាន​បញ្ហា​ក្នុង​ការ​ស្តាប់​ និង​ពិការ​ភាព​ អាច​ទទួល​បាន​នូវ​ឱកាស​ការងារ​ ក្នុង​ការ​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​ និង​ការ​លើកកម្ពស់​បងប្អូន​មាន​ពិការ​ភាព​ ពី​សំណាក់​រាជរដ្ឋាភិបាល​ ក្រុមហ៊ុន​ឯកជន​ ក៏​ដូច​ជា​ភាគី​ពាក់ព័ន្ធ​។​

​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នា​ពេល​នោះ​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ គម្រោង​នេះ​គឺជា​គម្រោង​ដ៏​សំខាន់​មួយ​ដែល​នឹង​ផ្តល់​ផល​ល្អ​សម្រាប់​សង្គម​កម្ពុជា​ និង​ជា​គម្រោង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ដែល​អាច​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​នាម​ភាព​ជា​ដៃគូ​ក្នុង​ការ​បង្កើន​ឱកាស​សម្រាប់​ជន​ពិការ​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។​

​ឯកឧត្តម​ទេស​រដ្ឋមន្ដ្រី​ បាន​បន្ត​ទៀត​ថា​ តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ជាមួយនឹង​ការ​ចូលរួម​ពី​ដៃគូ​ និង​ក្រុមហ៊ុន​នានា​ ជា​ពិសេស​ក្រុមហ៊ុន​ បាន​បង្កើត​ឱកាស​រក​ចំណូល​ និង​ការងារ​ធ្វើ​ជូន​មនុស្ស​ថ្លង់​ និង​អ្នកមាន​បញ្ហា​ក្នុង​ការ​ស្តាប់​នៅ​កម្ពុជា​ ដែល​ពួក​គាត់​តែង​ជួប​ប្រទះ​កង្វះខាត​ជម្រើស​នៃ​ការ​ធ្វើ​ទំនាក់ទំនង​មិនមែន​តាម​រយៈពាក្យ​សម្តី​ ដែល​ជា​ឧបសគ្គ​សម្រាប់​ពួក​គាត់​ក្នុង​ក្នុង​ការ​ស្វែងរក​ឱកាស​ការងារ​ធ្វើ​។​

​ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ផង​ដែរ​ថា​៖​ ក្រសួង​មាន​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ​ជាមួយ​ក្រុមហ៊ុន​ Grab​ តាម​រយៈ​គម្រោង​ SUMAI​ របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UNDP)​ ជា​សហ​ដៃគូ​ ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ដល់​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា​ តាម​រយៈ​ការ​ឧបត្ថម្ភ​មួក​សុវត្ថិភាព​ និង​ឧបករណ៍​ចំណាំងផ្លាត​ សម្រាប់​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​នៅ​ក្នុង​ព្រឹត្តិការណ៍​នានា​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​ក្នុង​ទីក្រុង​ និង​ការ​បណ្តុះបណ្តាល​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដល់​អ្នកបើកបរ​ម៉ូតូ​កង់​បី​ផង​ដែរ​។​

​លើស​ពី​នេះ​ទៀត​ ក្រសួង​កំពុង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ Grab​ទាក់ទង​នឹង​ការ​ចែករំលែក​ទិន្នន័យ​ (Data​ Sharing)​ ការ​រៀបចំសេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​ដឹក​ជញ្ជូន​ ការ​អភិវឌ្ឍ​មុខងារ​កម្មវិធី​ថែទាំ​ផ្លូវ​ (ROAD​ CARE​ Mobile​ App)​ ដែល​អាច​រាយការណ៍​អំពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ និង​ការ​បង្កើន​ចំនួន​ការ​ប្រើប្រាស់​យានយន្ត​មិនសូវ​បញ្ចេញ​ផ្សែង​ពុល​ (Cleaner​ Vehicle)​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ព្រម​ជាមួយនឹង​ការ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ចេញ​បណ្ណ​បើកបរ​ជូន​ជន​ពិការ​ ដើម្បី​ធ្វើ​ឱ្យ​ពួក​គាត់​អាច​ទទួល​បាន​នូវ​ភាព​ស្របច្បាប់​ក្នុង​ការ​បើកបរ​ផង​ដែរ​។​

​ឯកឧត្តម​ទេស​រដ្ឋមន្ដ្រី​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ក្រុមហ៊ុន​ Grab​ អង្គការ​ដៃគូ​ ស្ថាប័ន​ជាតិ​ និង​ដៃគូ​ផ្សេងៗ​ទៀត​ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​ជន​ពិការ​កម្ពុជា​ ជា​ពិសេស​ អ្នកបើកបរ​ថ្លង់​ និង​អ្នកមាន​បញ្ហា​ក្នុង​ការ​ស្តាប់​ ដើម្បី​សន្តិសុខ​ សុវត្ថិភាព​សាធារណៈ​ និង​ភាព​សុខដុម​រម្យ​នា​សង្គម​៕


ចំនួនអ្នកទស្សនា

    20534437

  • ថ្ងៃនេះ11261
  • ម្សិលមិញ15681
  • សប្តាហ៍នេះ70101
  • ខែនេះ91981
  • ឆ្នាំនេះ91981
  • សរុប20534437