កណ្ដាល៖ ក្រុមជនសង្ស័យ៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ខណៈកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចស្រុកស្អាងលួចឆ្មក់ចូលបង្ក្រាបឃាត់ខ្លួនបាន និងរឹបអូសថ្នាំញៀនចំនួន៨កញ្ចប់។ ប្រតិបតិ្ដការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង។
មន្ដ្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានគ្នា៤នាក់ ទី១-ឈ្មោះ អ៊ុក ឌឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ,ទី២-ឈ្មោះ ទិត្យ បូទី ហៅ ទុយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី៣-ឈ្មោះ ម៉ម វីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ។ ជនសង្ស័យទាំង៣នាក់ខាងលើនេះ មានទីលំនៅភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល និងទី៤-ឈ្មោះ ចំរើន សុខធាហៅឆុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនឈ្មោះ ទិត្យ រិទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងប្រតិបត្ដិការបង្ក្រាបនេះផងដែរ សមត្ថកិច្ចនគរបាលបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៨កញ្ចប់តូច និងសំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួនទៀតផងដែរ ។
ប្រភពដដែលបន្ដថា មុនឈានដល់បង្ក្រាបក្រុមជនសង្ស័យខាងលើនេះ នៅមុនពេលកើតហេតុ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង បានទទួលព័ត៌មានច្បាស់ការថា មានក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចភូមិឃុំកើតហេតុ ភ្លាមនោះកម្លាំងជំនាញស្រុក ក៏សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប្រទាល បង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន៤នាក់ ឆែកឆេរឃើញថ្នាំញៀនចំនួន៨កញ្ចប់ រួមទាំងសម្ភារសម្រាប់វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ឈានដល់នាំខ្លួនជនសង្ស័យទាំង៤នាក់យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ ដោយឡែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនចាត់ការបន្ដ ៕