កំពង់ឆ្នាំង៖ កុមារា២នាក់បងប្អូនបង្កើតបាននាំគ្នាចុះលេងទឹកស្រះបណ្ដាលឲ្យលង់ស្លាប់ម្នាក់ និងម្នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតនៅក្នុងភូមិត្បែង ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កុមារារងគ្រោះទាំង២នាក់បងប្អូនបង្កើតខាងលើនេះ កុមារាបងឈ្មោះហុង វណ្ណា អាយុ៤ឆ្នាំ៤ខែស្លាប់ និងកុមារាម្នាក់ទៀត ដែលត្រូវជាប្អូន មានឈ្មោះហុង វណ្ណនី អាយុ៣ឆ្នាំ ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេលវេលា។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅថ្ងៃ កើតហេតុ កុមារាទាំង២នាក់បងប្អូនបានដើរតាមពីក្រោយជីដូន ដែលទៅចងគោនៅវាលស្រែខាងជើងផ្ទះ មានចម្ងាយប្រមាណជា៤០០ម៉ែតពីផ្ទះ ខណៈនោះដែរជីដូនមិនបានដឹងថាចៅរបស់គាត់ទាំង២នាក់ដើរតាមពីក្រោយនោះទេ។ លុះជីដូនត្រឡប់មកដល់ផ្ទះវិញមិន ឃើញចៅនៅផ្ទះ និងបានដើររកចៅសព្វទីកន្លែងនៅតែមិនឃើញ បានផ្អើលដល់ប្រជាពលរដ្ឋជិតខាង ហើយនាំគ្នាជួយដើររក ក៏បានប្រទះឃើញលង់ទឹកស្រះខាងជើងភូមិនោះទាំងពីរនាក់បងប្អូន ឃើញដូច្នេះប្រជាពលរផោដ្ឋក៏បាននាំគ្នាស្រង់កុមារាទាំង២នាក់ឡើងមកលើគោក និងបានខំជួយសង្គ្រោះដោយ ធ្វើចលនាលើករលាក់ទៅតាមបច្ចេកទេ សក្នុងការជួយសង្គ្រោះដោយអស់លទ្ធភាព តែសំណាងអាក្រក់ដោយកុមារាជាបងបានស្លាប់ដោយមិនអាចជួយសង្គ្រោះបាន រីឯកុមារាជាប្អូន ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបានទាន់ពេលវេលាផងដែរ។
ឆ្លងតាមការពិនិត្យនិងធ្វើកោសល្យវិច័យទៅតាមបច្ចេកទេសវិទ្យាសាស្ត្រ របស់សមត្ថកិច្ចជំនាញ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងនោះ សមត្ថកិច្ចបានរកឃើញថា ការស្លាប់របស់កុមារាម្នាក់ខាងលើនេះ គឺពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន សត្ថកិច្ចក៏បានប្រគល់សាកសពជូនទៅក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យទានផងដែរ៕