ឧត្តរមានជ័យ៖ រថយន្តFord Ranger និងរថយន្តSIAREX បុកគ្នាយ៉ាងពេញ ទំហឹងបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់និងខូចខាតរថយន្តទាំង២ គ្រឿង។ ហេតុការណ៍នោះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិ លេខ៦៧ កាលពីវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០ នៅចំណុចផ្លូវបំបែកជាបួន ហាយវ៉េឡឥដ្ឋ ស្ថិតនៅភូមិ ស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
មន្ត្រីនគរបាលខេត្តឧត្តរមានជ័យបានឲ្យដឹងថាអ្នកបើករថយន្តFord Ranger ឈ្មោះ ស៊ឹម សាទ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិពូធឿន ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើករថយន្តពណ៌ត្រេអ៊ី ស៊េរី២០១៨ ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2. 6414 មិនមានរង របួសទេ។ ចំណែកអ្នករួមដំណើរជាមួយឈ្មោះ គី ហួយ ភេទស្រី អាយុ៧៩ឆ្នាំ រស់នៅជាមួយគ្នាត្រូវជាម្តាយក្មេករងរបួសធ្ងន់។ អ្នក បើករថយន្តមួយគ្រឿងទៀតឈ្មោះ ម៉ៅ ចេងហេង ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបររថយន្តម៉ាកSIAREX ពណ៌ប្រផេះ ស៊េរី១៩៩៨ ពាក់ស្លាក លេខកណ្តាល2A-4801 ពុំមានរងរបួសទេ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលមកពីរថយន្ត SIAREX មិនគោរពសិទ្ធិអាទិភាព។ករណីនេះបន្ទាប់ពីទទួលព័ត៌មានភ្លាមអធិការនគរបាលស្រុកបាន ចាត់កម្លាំងជំនាញនិងប៉ុស្តិ៍រដ្ឋបាល ទៅកាន់កន្លែងកើតហេតុភ្លាមៗ ធ្វើកំណត់ហេតុវាស់វែងនិងដកហូតវត្ថុតាងយកមករក្សាទុក បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាម នីតិវិធី៕