កណ្ដាល៖ បុរសវ័យអាយុ៧៤ឆ្នាំ និងជាគណៈកម្មការវត្តទួលស្លែងម្នាក់ រៀនបើកបរម៉ូតូ ដែលកូនទើបទិញអោយថ្មីៗ មិនប្រយ័ត្ន បានបើកឡើងលើដីទួល ធ្វើឲ្យលោកតារងគ្រោះ និងម៉ូតូហោះផ្លោងទៅបុកដើមជ្រាក្បែរចិញ្ចើមផ្លូវ បណ្ដាលឲ្យបាក់ក.ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចលើផ្លូវបេតុងស្ថិតនៅក្នុងភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា លោកតារងគ្រោះឈ្មោះ អែម សោម ភេទប្រុស អាយុ៧៤ឆ្នាំ
ជនជាតិខ្មែរ មុខរបរ គណៈកម្មការធិការវត្តទួលស្លែង បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AH-8503។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ លោកតារងគ្រោះបានយកម៉ូតូដែលកូនទើបនឹងទិញអោយនោះ ទៅរៀនបើកបរតាមបណ្ដោយផ្លូវបេតុង ដោយបើកបរក្នុងទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចកើតហេតុ ត្រង់ចំណុចដីទួល ក៏បានបើកហោះផ្លោងជ្រុលទៅបុកដើមជ្រាដែលនៅក្បែចិញ្ចើមផ្លូវ បណ្ដាលឲ្យបោកក្បាលបាក់ក.ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។
ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍ស្រុកកោះធំ បានពិនិត្យ វាស់វែងកន្លែងកើតហេតុ រួចបានប្រគល់ សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕