ឧត្តមសេនីយ៍ឯក​ លឹ​ម​ សុខា​រស្មី​៖​ ភ្នាក់ងារ​សន្តិសុខ​ឯកជន​ទាំងអស់​ ត្រូវ​តែ​មាន​សមត្ថភាព​ ការ​យល់​ដឹង​ និង​មាន​វិជ្ជាជីវៈ​ច្បាស់លាស់​

20-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ លឹ​ម​ សុខា​រស្មី​ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ លើក​ទី​២៦​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២០​នេះ​ បាន​លើក​ឡើង​ថា​ ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ទាំងអស់​ ត្រូវ​តែ​មាន​សមត្ថភាព​ ការ​យល់​ដឹង​ និង​មាន​វិជ្ជាជីវៈ​ច្បាស់លាស់​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ លឹ​ម​ សុខា​រស្មី​ បាន​គូសបញ្ជាក់​ថា​ ការ​បំពាក់បំប៉ន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ឲ្យ​មាន​សមត្ថភាព​ពេញលេញ​ដើម្បី​ចូលរួម​កិច្ច​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ សុវត្ថិភាព​ តាម​បណ្តា​គោលដៅ​ និង​ក៏​ដូច​ជា​សង្គម​ជាតិ​ទាំងមូល​។​ វិស័យ​សន្តិសុខ​ឯកជន​ មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ ស្រប​តាម​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ ហើយ​វិស័យ​នេះ​ បានការ​ចូលរួម​ថែរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ សុវត្ថិភាព​ សង្គម​ជាតិ​យ៉ាង​ផុលផុស​។​

ឯកឧត្តម​ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​ បាន​អះអាង​ទៀត​ថា​ វិស័យ​សន្តិសុខ​ឯកជន​ត្រូវ​មានគុណ​ភាព​ និង​គុណប្រយោជន៍​ខ្ពស់​សម្រាប់​កិច្ច​ការពារ​ថែរក្សា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ដូច្នេះ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ទាំងអស់​ ត្រូវ​តែ​មាន​សមត្ថភាព​ ការ​យល់​ដឹង​ និង​មាន​វិជ្ជាជីវៈ​ច្បាស់លាស់​ ដែល​ជា​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ពេញលេញ​ ទើប​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដែល​មាន​នាយកដ្ឋាន​គ្រប់​គ្រប់គ្រង​សន្តិសុខ​ឯកជន​ជា​សេនាធិការ​ ធ្វើការ​រៀបចំ​វគ្គ​បំប៉ន​ជំនាញ​នេះ​ឡើង​ ក្នុង​គោលបំណង​សំខាន់​គឺ​ ស្វែង​យល់​អំពី​ភារកិច្ច​ និង​កាតព្វកិច្ច​របស់​វិស័យ​សន្តិសុខ​ឯកជន​លើ​ការងារ​ថែរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​ពង្រឹងសមត្ថភាព​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ សំដៅ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ក្នុង​កិច្ច​ការពារ​សន្តិសុខ​សង្គម​។​

​បើ​តាម​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ លឹ​ម​ សុខា​រស្មី​ នេះ​ជា​លើក​ទី​២៦​ ដែល​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​ រៀបចំ​បើក​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ ដល់​ភ្នាក់ងារ​សន្តិសុខ​ឯកជន​បម្រើ​សេវាកម្ម​ និង​មិន​បម្រើ​សេវាកម្ម​ ។​ ដោយ​យោង​តាម​ស្មារតី​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ ក៏​ដូច​ជា​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​សន្តិសុខ​ឯកជន​ ក្នុង​ការ​គ្រប់គ្រង​ និង​កសាង​សមត្ថភាព​ បង្កើន​ចំណេះដឹង​ ផ្តល់​បទ​ពិសោធន៍​បច្ចេកទេស​ ដែន​កំណត់​ភារៈកិច្ច​ទទួលខុសត្រូវ​ កិច្ចសហការ​ផ្តល់​កម្លាំង​ជំនួយ​រវាង​សន្តិសុខ​ឯកជន​ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ក្នុង​ការ​ចូលរួម​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ លឹ​ម​ សុខា​រស្មី​ បាន​បញ្ជាក់​ថា​ នៅ​ក្នុង​វគ្គ​បំប៉ន​ជំនាញ​នេះ​ សិក្ខាកាម​ទាំងអស់​ នឹង​ទទួល​បាន​ចំណេះដឹង​លើ​ប្រធានបទ​សំខាន់ៗ​ ដែល​កំពុង​តែ​ជួប​ប្រទះ​ និង​ប្រឈម​ជា​ប្រចាំ​ថ្ងៃ​ ក្នុង​ការ​អនុវត្ត​ការងារ​ដូច​ជា​៖​ តួនាទី​ និង​ការ​ទទួលខុសត្រូវ​របស់​ភ្នាក់ងារ​សន្តិសុខ​ឯកជន​,​ វិធីសាស្ត្រ​ការពារ​គោលដៅ​,​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​,​ របៀប​ផ្តល់​ជំនួយ​ និង​សហការ​ជាមួយ​សមត្ថកិច្ច​,​ ការ​ស្វែង​យល់​អំពី​ក្រមព្រហ្មទណ្ឌ​ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​,​ វិធានការ​បង្ការ​ពន្លត់អគ្គីភ័យ​ និង​ការ​ជម្លៀស​ខ្លួន​ចេញពី​អគ្គី​ភ័យ​ និង​កិច្ចសហការ​ការពារ​កន្លែង​កើតហេតុ​ ជាដើម​។​

​ឯកឧត្តម​ សង្ឃឹម​យ៉ាង​មុតមាំ​ថា​ សិក្ខាកាម​ទាំងអស់​ នឹង​ខិតខំ​ប្រឹងប្រែង​ យកចិត្តទុកដាក់​ត្រង់ត្រាប់​ស្តាប់​វា​ឃ្មិ​ន​ពន្យល់​ ហើយ​ក្រេប​យកចំណេះ​ដឹង​ទាំងនេះ​ ទៅ​បំពេញ​តួនាទី​របស់​ខ្លួន​ ក្នុង​ផ្លូវ​វិជ្ជមាន​ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ដើម្បី​ការពារ​ផលប្រយោជន៍​ឯកជន​ សារ​ធារ​ណៈ​ និង​សង្គម​ជាតិ​យើង​ទាំងមូល​ ៕


ចំនួនអ្នកទស្សនា

    20529607

  • ថ្ងៃនេះ6431
  • ម្សិលមិញ15681
  • សប្តាហ៍នេះ65271
  • ខែនេះ87151
  • ឆ្នាំនេះ87151
  • សរុប20529607