ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលពិធីបានប្រព្រឹត្តទៅនៅសណ្ឋាគារ សុខាភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា៖ ការរៀបចំសន្និបាតនានេះគឺមានគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០១៩ និងលើកឡើងអំពីសមិទ្ធផលគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ទីរនៅរាជធានី-ខេត្ត ការប្រឈម និងវិធានការណ៍ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ និងទិសដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២០ ដើម្បីសម្រេចឲ្យបានតាមផែនការ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។
លោកជំទាវក៏បានស្នើឲ្យមន្ត្រីរាជការទាំងអស់ត្រូវមានលក្ខណៈសម្បត្តិថ្លៃថ្នូ ប្រែក្លាយខ្លួនទៅជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព និងជាដៃគូរអភិវឌ្ឍន៍ដែលអាចទុកចិត្តបាន សំដៅបម្រើសេវាសាធារណៈឲ្យប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានល្អ តាមអភិក្រមទាំងប្រាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីគឺ៖ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវនា២ គឺ “កែទម្រងខាងក្នុង និងបង្កើតមិត្តខាងក្រៅ ក្នុងស្មរតីឯករាជ្យ” ។
លោកជំទាវក៏បានស្នើឲ្យបង្កើតជាក្រុមពិភាក្សាតាមវិស័យចំនួន ៣ក្រុម មានដូចតទៅ ៖ ក្រុម(ទី១) ពិភាក្សាលើការប្រឈមក្នុងការងារទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ការតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងការផ្សព្វផ្សាយច្បាប់ ក្រុម(ទី២) ពីភាក្សាលើការប្រឈមក្នុងការងារអធិការកិច្ច ដោះស្រាយពាក្យបណ្តឹង និងការតាមដានការអនុវត្តច្បាប់ និងក្រុម(ទី៣) ពិភាក្សាលើការប្រឈមក្នុងការងាររដ្ឋបាល ផែនការការបណ្តុះបណ្តាល ហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ដើម្បីប្រមូលបាននូវធាតុចូលដ៏សំខាន់ៗពីអង្គសន្និបាត ក្នុងការដាក់ចេញផែនការ និងសកម្មភាពសម្រាប់អនុវត្តបន្ត ៕