សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​៖​ មាន​សន្តិភាព​ គឺ​មានឱកាស​អភិវឌ្ឍន៍​ប្រទេស​ជាតិ​លើកកម្ពស់​ជីវភាព​ល​រដ្ឋ​

23-January-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះ​វិហារ​ និង​សមិទ្ធផល​នានា​ ក្នុង​វត្ត​ក្បាលដំរី​ ស្ថិត​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ នា​ព្រឹក​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២០​នេះ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ បាន​លើក​ឡើង​ថា​ នៅ​ពេល​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ដូច​ជា​សព្វ​ថ្ងៃនេះ​ គឺ​កម្ពុជា​មានឱកាស​ធ្វើ​អ្វីៗ​បាន​ទាំងអស់​ ក្នុង​នោះ​គឺ​លទ្ធភាព​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ ឲ្យ​កាន់តែ​រីក​ចម្រើន​បាន​យ៉ាង​ឆាប់រហ័ស​។​

​សម្តេច​ប្រធានរដ្ឋសភា​ បាន​គូសបញ្ជាក់​ថា​ សន្តិភាព​ គឺជា​ធាតុ​ស្នូល​ដ៏​សំខាន់​ដែល​អាច​ឱ្យ​កម្ពុជា​អភិវឌ្ឍន៍​ឆ្ពោះទៅ​រក​អនាគត​ ដ៏​ត្រចះត្រចង់​មួយ​ ប្រកបដោយ​សុទិដ្ឋិនិយម​។​ នៅ​ចំពោះ​មុខ​ព្រះសង្ឃ​និង​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ សម្តេច​ បាន​លើក​ឡើង​ថា​ “​អនាគត​របស់​កម្ពុជា​ ស្ថិត​នៅ​លើ​កិច្ច​ប្រឹងប្រែង​និង​ការ​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​របស់​យើង​ទាំងអស់​គ្នា​ ទាំង​ក្នុង​ការ​បង្កើន​ជីវភាព​គ្រួសារ​ រក្សា​សន្តិសុខ​ សុវត្ថិភាព​មូលដ្ឋាន​ កសាង​ធនធានមនុស្ស​ និង​ការ​អប់​រំជា​ប្រចាំ​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន​ឲ្យ​យល់​ពី​គុណ​តម្លៃ​ នៃ​សន្តិភាព​ និង​ចូលរួម​ជា​ប្រចាំ​ ក្នុង​ការ​ថែរក្សា​សន្តិភាព​ឲ្យ​បានជា​និច្ច​និរន្ត​ន៍​”​។​

​សម្តេច​ប្រធានរដ្ឋសភា​ បាន​មាន​ប្រសាសន៍​ថា​ ក្រោយ​ថ្ងៃ​រំដោះ​ ៧​មក​រា​ ឆ្នាំ​១៩៧៩​ រាជរដ្ឋាភិបាល​បាន​ពុះពារ​ជម្នះ​រាល់​គ្រប់​ឧបសគ្គ​ ច្រើន​ឥត​គណនា​ ឆ្លងកាត់​គ្រប់​ដំណាក់កាល​ គ្រប់​បែប​យ៉ាង​ គ្រប់​រសជាតិ​ ក្នុង​បុព្វហេតុ​ស្តារ​ កសាង​ និង​ការពារ​មាតុភូមិ​។​ ជាង​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​បាន​ធ្វើការ​អភិវឌ្ឍ​ក្នុង​ល្បឿន​មួយ​ ដែល​ឆ្ពោះទៅ​រក​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ គួរ​ឲ្យ​កត់សម្គាល់​។​ សម្តេច​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ថា​ ចាំបាច់​ត្រូវ​ការពារ​ សន្តិភាព​ជា​អចិន្ត្រៃយ៍​ឱ្យ​បាន​ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ ដើម្បី​កម្ពុជា​មានឱកាស​គ្រប់គ្រាន់​បន្ត​ការ​កសាង​អភិវឌ្ឍ​សង្គម​ជាតិ​ និង​ការពារ​សមិទ្ធផល​នានា​ ដែល​សម្រេច​បាន​ ដើម្បី​ផ្តល់​ប្រយោជន៍​ជូន​ជាតិ​ មាតុភូមិ​ និង​ប្រជាជន​រស់នៅ​សុខសាន្ត​ តទៅ​មុខ​ទៀត​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​មាន​ប្រសាសន៍​ជម្រាប​ពលរដ្ឋ​ថា​ រាជរដ្ឋាភិបាល​ បាន​រៀបចំ​គោលនយោបាយ​ និង​ច្បាប់​វិនិយោគ​ត្រឹមត្រូវ​ ក្នុង​ការ​បើកចំហរ​និង​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ ជាតិ​ និង​អន្តរជាតិ​គ្រប់​ប្រភេទ​។​ យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល​ ក្នុង​គោល​ ដៅ​បង្កើត​ប្រព័ន្ធ​ដឹក​ជញ្ជូន​ ពហុ​មធ្យោបាយ​ និង​ប្រព័ន្ធ​ឡូ​ជី​ស្ទីក​ ដើម្បី​ត​ភ្ជាប់​ប៉ូ​ល​សេដ្ឋកិច្ច​សំខាន់ៗ​ និង​ការ​អភិវឌ្ឍ​របៀង​សេដ្ឋកិច្ច​ និង​ការ​ពង្រាយ​រោងចក្រ​ ទៅ​តាម​បណ្តា​ខេត្ត​នានា​ ក្រៅពី​រាជធានី​ភ្នំពេញ​ តួរ​យ៉ាងដូច​ជា​ រោងចក្រ​កែ​ច្នៃ​កៅស៊ូ​ និង​ផ្លែស្វាយ​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ជាដើម​ ដើម្បី​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ នៅ​នឹង​កន្លែង​ ក្នុង​គោលបំណង​បង្កើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​ ការ​កាត់​បន្ថយ​គម្លាត​ រវាង​ទីក្រុង​និង​ជនបទ​ ក៏​ដូច​ជា​ការ​លើក​ស្ទួយ​កម្រិតជីវភាព​របស់​ប្រជាជន​។​

​ជាមួយ​គ្នា​នេះ​ រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២០​ ដែល​ក្នុង​នោះ​មាន​កញ្ចប់​ថវិកា​ សម្រាប់​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ថ្នាក់​មូលដ្ឋាន​ ដោយ​ឃុំ​សង្កាត់​នីមួយៗ​ទទួល​បាន​ថវិកា​សរុប​ជា​មធ្យម​ចំនួន​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​ ហើយ​ថវិកា​នេះ​នឹង​កើន​ឡើងជា​លំដាប់​។​ ជាមួយនឹង​កញ្ចប់​ថវិកា​នេះ​ ឃុំ​ សង្កាត់​ មាន​លទ្ធភាព​គ្រប់គ្រាន់​ ក្នុង​ការ​អភិវឌ្ឍន៍​គ្រប់​ផ្នែក​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ និង​ស្រប​តាម​សកម្មភាព​អាទិភាព​របស់​ខ្លួន​។​ នេះ​ជា​ការ​លើក​ឡើង​បន្ថែម​របស់​សម្តេច​ប្រធានរដ្ឋសភា​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ប្រជា​ពុទ្ធបរិស័ទ​ ចំណុះ​ជើងវត្ត​ក្បាលដំរី​ ដែល​បាន​រួម​គ្នា​កសាង​សម​ទ្ធិ​ផល​ជា​ច្រើន​ក្នុង​វត្ត​ជា​ការ​លើកកម្ពស់​វិស័យ​ព្រះពុទ្ធ​សាសនា​។​

​សម្តេច​បាន​មាន​ប្រសាសន៍​ថា​ វត្ត​អារាម​គឺជា​មូលដ្ឋាន​ចំបង​ ក្នុង​ការ​បញ្ជ្រៀប​ ផ្សព្វផ្សាយ​ព្រះ​ធម្ម​វិន័យ​ និង​ព្រះធម៌​ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អប់រំ​កាយ​ វាចា​ ចិត្ត​ ដ៏​ប្រពៃ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​ ដើម្បី​ទទួល​បាន​នូវ​សេចក្តីសុខ​ សេចក្តីចម្រើន​ និង​ភាព​សុខដុម​ ក្នុង​គ្រួសារ​ និង​សង្គម​ជាតិ​៕


ចំនួនអ្នកទស្សនា

    20529417

  • ថ្ងៃនេះ6241
  • ម្សិលមិញ15681
  • សប្តាហ៍នេះ65081
  • ខែនេះ86961
  • ឆ្នាំនេះ86961
  • សរុប20529417