កោះកុង៖ យោងលិខិតលេខ០១៦ របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន ស្នើរអោយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងជួយស៊ើបអង្កេតស្រាវជ្រាវរកកុមារាពីរនាក់ដែលសង្ស័យថា ត្រូវ ម្ដាយយកពីប្រទេសម៉ាឡេស៊ី មកកម្ពុជា កំពុងស្នាក់នៅក្នុងខេត្តកោះកុង។
ក្រោយពីបានទទួលសារលិខិត ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្ត បានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះស្រាវជ្រាវ ក៏បានជួបម្ដាយឈ្មោះ Saliha Binti Salleh និងកុមារាទាំងពីរ៖
១.ឈ្មោះ Muhammad Paqih Fidin Bin Mahama Amza អាយុ៣ឆ្នាំ។
២. ឈ្មោះ Muhammad Umer Alhaliz Bin Mahamad Amzar អាយុ៤ឆ្នាំ ។
ត្រូវបានម្តាយយកមកស្នាក់នៅផ្ទះជីដូនជីតា របស់ពួកគេក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
នៅពេលកម្លាំងសមត្ថកិច្ចជំនាញ យើងហៅមកសាកសួរ ម្ដាយក្មេងប្រុសទាំងពីរបានបំភ្លឺប្រាប់ថាខ្លួនជាជនជាតិខ្មែរ ឥស្លាម បានទៅរស់នៅប្រទេសម៉ាឡេស៊ី ជាមួយឪពុកម្ដាយបង្កើតតាំងពីអាយុ៤ឆ្នាំមកម្លេះ ពីព្រោះពួកគាត់ទៅរកស៊ីនៅទីនោះរហូតដល់ឆ្នាំ២០១៥ ខ្លួនបានរៀបអាពាហ៍ពិពាហ៍ជាមួយបុរសជនជាតិម៉ាឡេស៊ីម្នាក់ ឈ្មោះ អាំ ហ្សិត អាយុ ២៨ឆ្នាំ មានទីលំនៅខេត្តប៉ាហាំង ប្រទេសម៉ាឡេស៊ី រស់នៅជាមួយគ្នាអស់រយៈពេល៥ឆ្នាំ មានកូនចំនួន៣នាក់ ស្រី១នាក់ ប្ដីរបស់ខ្លួនបានជួលផ្ទះសំណាក់ និងសណ្ឋាគារដើម្បីស្នាក់នៅហើយចេញទៅបាត់ៗ លុះត្រឡប់មកវិញរករឿងឈ្លោះវាយខ្លួន និងកូននឹងបានដកដាវភ្ជង់គំរាមសម្លាប់ស្ទើរ រាល់ថ្ងៃដោយហាមមិនអោយខ្លួន និងកូនចេញទៅក្រៅបន្ទប់ និងមិនអោយខ្លួនជួបនឹងឪពុកម្ដាយរបស់ខ្លួនទៀត ពេលឈ្លោះគ្នាម្ដងៗខ្លួនបានទៅប្ដឹងសមត្ថកិច្ចម៉ាឡេស៊ីដែរតែគេមិនបានដោះស្រាយអោយខ្លួនទេពីព្រោះខ្លួនជាជនអន្តោប្រវេសន៍។
ដោយអត់ទ្រាំនឹងទង្វើបែបនេះពុំបានខ្លួនក៏នាំកូនប្រុសពីរនាក់យកស្រុកខ្មែរ ដោយបានសំណូមពរដល់សមត្ថកិច្ចយើងថា ខ្លួននឹងកូនមិនត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញទេ សុខចិត្តរស់នៅស្រុកខ្មែរវិញ និងមិនប្ដឹងផ្ដល់អ្វីទាំងអស់ បច្ចុប្បន្ននារីកំពុងពពោះទារកអាយុ៩ខែ ៕